ការស្ទុះងើបឡើងវិញពីកូវីដ១៩

ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី២ ជាប្រទេសមានការស្ទុះងើបឡើងវិញពីកូវីដ១៩បានល្អជាងគេបំផុតក្នុងពិភពលោក


ប្រទេសកម្ពុជា ត្រូវបានវាយតម្លៃជាប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសដែលមានការស្ទុះងើបឡើងពីកូវីដ១៩ បានប្រសើរជាងគេបំផុតក្នុងពិភពលោក បន្ទាប់ពីកោះតៃវ៉ាន់។ នេះបើយោងតាមការវាយតម្លៃមួយរបស់ស្ថាប័នព័ត៌មានជប៉ុន Nikkei ដោយការវាយតម្លៃនេះ គឺបានធ្វើឡើងលើជាង ១២០ ប្រទេស និងដែនដីនៅជុំវិញពិភពលោក។
ទិដ្ឋភាពទីក្រុងភ្នំពេញ (រូបភាព៖ ខេមបូណូមីស/អេង ថារិទ្ធ)

ការទទួលបានចំណាត់ថ្នាក់នេះ គឺធ្វើឡើងក្រោយពេលដែលកម្ពុជាបានចាប់ផ្ដើមរស់នៅជាមួយកូវីដ១៩អស់រយៈពេល៣ខែកន្លងមកនេះ ជាមួយនឹងការបើកសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ និងករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅកម្ពុជាក៏រក្សាបានក្នុងអត្រាទាបផងដែរនៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ បើផ្អែកទៅលើរបាយការណ៍វាយតម្លៃដោយស្ថាប័នជប៉ុន Nikkei បង្ហាញថា ប្រទេសកម្ពុជា គឺជាប្រទេសមួយធ្វើបានល្អជាងគេក្នុងការរស់នៅជាមួយកូវីដ១៩ និងការងើបឡើងពីវិបត្តិមេរោគរាតត្បាតនេះ ពោលគឺ តាមសន្ទស្សន៍វាយតម្លៃនេះ កម្ពុជាបានរំកិលពីចំណាត់ថ្នាក់ទី២២ កាលពីខែធ្នូ មកឈរនៅចំណាត់ថ្នាក់លេខ២ គិតត្រឹមចុងខែមករាកន្លងទៅនេះ ក្នុងចំណោមប្រទេសមានការស្ទុះងើបឡើងប្រសើរជាងគេពីវិបត្តិកូវីដ១៩ ស្របពេលដែលប្រទេសហ្វីលីពីនឯណោះវិញ បានធ្លាក់ពីលំដាប់លេខទី៤៥ ទៅដល់លេខ ១០៤វិញ បន្ទាប់ពីករណីឆ្លងអូមីក្រុងបាននិងកំពុងរីករាលដាលកាន់តែខ្លាំងនៅប្រទេសនេះ។

បើយើងក្រឡេកមើលទៅលើចំណាត់ថ្នាក់ប្រទេសជិតខាងរបស់កម្ពុជាវិញ ឃើញថា ប្រទេសថៃ បានបង្ហាញពីស្ថានភាពវិជ្ជមានជាងមុន ដោយបានរំកិលមកដល់លេខរៀងទី១៩ ក្រោយពេលដែលប្រទេសនេះ បានចាប់ផ្ដើមបើកដំណើរការឡើងវិញឲ្យទេសចរបទេសចាក់វ៉ាក់សាំងរួចអាចចូលក្នុងប្រទេសថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ រីឯ ប្រទេសវៀតណាមវិញ គឺឈរចំណាត់ថ្នាក់ទី ៩០ ដោយសារតែប្រទេសនេះ នៅតែប្រឈមឧបសគ្គជាមួយនឹងអត្រាឆ្លងកូវីដ១៩ក្នុងកម្រិតខ្ពស់នៅឡើយ។ 

សន្ទស្សន៍វាយតម្លៃរបស់ស្ថាប័ន Nikkei គឺវាយតម្លៃលើប្រទេស និងតំបន់ ដោយផ្អែកលើការសមត្ថភាពនៃគ្រប់គ្រងការឆ្លងរីករាលកូវីដ១៩, យុទ្ធនាការចាក់វ៉ាក់សាំង និងការធ្វើដំណើររបស់ពលរដ្ឋ និងចលនាសង្គម។ ការចាត់ចំណាត់ថ្នាក់នេះ គឺបានធ្វើឡើងនៅត្រឹមចុងខែមករាកន្លងទៅនេះ។

នៅប៉ុន្មានខែចុងក្រោយដែរនេះ កម្ពុជាហាក់ធ្វើបានល្អជាងគេទាក់ទងនឹងការគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ១៩ តួយ៉ាង នៅក្នុងខែមករាកន្លងទៅ កម្ពុជាមានអ្នកឆ្លងតិចជាង ១ពាន់នាក់ប៉ុណ្ណោះ និងមិនមានករណីស្លាប់នោះឡើយ។

ការវាយតម្លៃពី Nikkei បានកត់សម្គាល់ឃើញទៀតថា កម្ពុជាក៏បានជំរុញការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋរបស់ខ្លួនយ៉ាងខ្លាំងផងដែរ ដោយពឹងផ្អែកជាចម្បងនូវថ្នាំវ៉ាក់សាំងផលិតដោយប្រទេសចិន។ ការចាក់វ៉ាក់សាំងរបស់កម្ពុជា បានឈានដល់លើសផែនការកំណត់តាំងពីខែវិច្ឆិកាមកម្ល៉េះ ហើយប្រការនេះ បានជំរុញឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបើកប្រទេសពេញលេញឡើងវិញ ហើយកម្ពុជាក៏ក្លាយជាប្រទេសសមាជិកអាស៊ានដំបូងគេ ដែលបានបើកឲ្យជនបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស អាចចូលមកក្នុងប្រទេសកម្ពុជាដោយមិនចាំបាច់ធ្វើចត្តាឡីស័កផងដែរ។

របាយការណ៍ពីក្រសួងសុខាភិបាលកម្ពុជាបង្ហាញថា គិតត្រឹមថ្ងៃទី ០៥ខែកម្ភៈ ប្រជាជនកម្ពុជាដែលមានអាយុលើពី១៨ឆ្នាំឡើងទៅ ដែលបានចាក់វ៉ាក់សាំងមានដល់ទៅជាង១០២%ហើយ ធៀបនឹងផែនការ១០លាននាក់ ខណៈដែលកម្ពុជាក៏បាននិងកំពុងចាក់វ៉ាក់សាំងដល់កុមារចាប់ពីអាយុ៥ឆ្នាំឡើងទៅផងដែរ រួមទាំងការចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៣ និងទី៤ថែមទៀតផង។ គិតជារួម ធៀបនឹងចំនួនប្រជាជនជាង ១៦លាននាក់ គិតមកទល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងប្រមាណជិត៩០%ហើយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានWHOជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិនស្វែងរកកិច្ចសហការបន្ថែមទាក់ទងប្រភពដើមកូវីដ១៩

ព័ត៌មាន
ប្រធានអង្គការសុខភាពពិភពលោកបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឃឺឈាំង (Li Keqiang) អំពីតម្រូវការរួមគ្នា សម្រាប់កិច្ចសហប្រតិបត្តិក…

អគ្គលេខាធិការUN រំពឹងថាចិននឹងបើកផ្លូវសម្រាប់ទស្សនកិច្ចរបស់មន្ត្រីសិទ្ធិមនុស្សទៅស៊ីនជាំង

ព័ត៌មាន
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់មេដឹកនាំចិនថា លោករំពឹងថា អាជ្ញាធរចិននឹងអនុញ្ញាតឱ្យឧត្តមស្នងការអង្គការសហប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ