ស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk បានប្រកាសកាលថ្មីៗនេះថា ទោះបីជាក្រុមហ៊ុនអ៊ីនធើណែត Starlinkរបស់លោក បានខាតបង់អស់លុយជាច្រើនក៏ដោយ ក៏ក្រុមហ៊ុនលោកនៅតែបន្តផ្តល់មូលនិធិលើសេវាអ៊ីនធើណេតមួយនេះដដែល សម្រាប់រដ្ឋាភិបាលអ៊ុយក្រែនប្រើប្រាស់ដោយឥតគិតថ្លៃ។
ការប្រកាសនេះ ធ្វើឡើងតែ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន SpaceX របស់លោក មិនច្បាស់ថានឹងអាចបន្ដបន្តផ្តល់មូលនិធិសម្រាប់គម្រោងនេះទៀតឬក៏អត់នោះទេ ខណៈក្រុមហ៊ុនលោកបានខាតបង់ប្រហែល ២០លានដុល្លារក្នុងមួយខែ។ ហើយពេលនោះ លោកក៏បានស្នើសុំឱ្យមន្ទីរបញ្ចកោណអាមេរិក ជួយបរិច្ចាគឱ្យក្រុមហ៊ុននេះផងដែរ និងច្រណែនជាមួយក្រុមហ៊ុនដទៃដូចជា Lockheed Martin និង Boeing ដែលសុទ្ធតែទទួលបានរាប់ពាន់លានដុល្លារ។ យ៉ាងណាមិញ គេមិនទាន់ដឹងមូលហេតុពិតប្រាកដអំពីការផ្លាស់ប្តូរគំនិតយ៉ាងលឿនរបស់លោក Elon Musk បែបនេះនោះទេ។
យោងតាមឯកសារដែល CNN ទទួលបាន បង្ហាញថា កាលពីខែមុន ក្រុមហ៊ុន SpaceX បានបញ្ជូនលិខិតទៅកាន់មន្ទីរបញ្ចកោណ ដោយបញ្ជាក់ថា ក្រុមហ៊ុនរ៉ុកកែតនេះ នឹងអាចខាតបង់ទឹកប្រាក់ដល់ ១២០លានដុល្លារនៅត្រឹមចុងឆ្នាំ២០២២នេះ ហើយនឹងអាចបន្តខាតបង់ដល់ ៤០០លានដុល្លារ ក្នុងរយៈពេល១២ខែបន្ទាប់ទៀត។ ដូច្នេះក្រុមហ៊ុនមិនអាចទ្រទ្រង់ការបរិច្ចាគសម្រាប់សេវាអ៊ីនធើណេតនៅអ៊ុយក្រែនបានទៀតឡើយ។
ការផ្ញើសំបុត្រខាងលើនេះ ធ្វើឡើងដោយសារពេលនោះ មានសេចក្តីរាយការណ៍ជាច្រើនអំពីការដាច់អ៊ីនធើណេត Starlink ខណៈដែលកងទ័ពអ៊ុយក្រែន កំពុងវាយដណ្តើមទឹកដីពីរុស្ស៊ីមកវិញ នៅតំបន់ភាគខាងកើត និងខាងត្បូងប្រទេស។ ការដាច់សេវាអ៊ីនធើណេតនេះ គឺបានបង្កើតបញ្ហាដ៏ធំ ពោលគឺបានកាត់ផ្តាច់ដល់ទំនាក់ទំនងគ្នាក្នុងជួរកងទ័ពអ៊ុយក្រែន ដែលស្ថិតនៅសមរភូមិជួរមុខ។
កាលពីពេលថ្មីៗនេះ លោក Elon Musk ក៏មានចេតនាបង្ហាញការគាំទ្ររុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែនផងដែរ ពោលគឺលោកយល់ឃើញថា ការកាត់ទឹកដីអ៊ុយក្រែនចូលក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ី គឺជារឿងត្រឹមត្រូវបើផ្អែកតាមប្រវត្តិសាស្រ្ត ហើយបានធ្វើការស្ទង់មតិក្នុងបណ្តាញសង្គមរបស់លោកទៀតផង។ ប៉ុន្តែការលើកឡើងនេះ ក៏ទទួលរងនូវប្រតិកម្មពីរដ្ឋាភិបាលក្រុងកៀវវិញផងដែរ៕
អត្ថបទ៖ សុខ ជា