
ការប្រកាសលាលែងពីតំណែងនេះធ្វើឡើងស្របពេលដែលក្រុមហ៊ុន Berkshire Hathaway របស់លោកធ្លាក់ចុះប្រាក់ចំណេញ១៤% នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ដោយសារការខាតបង់ក្នុងវិស័យធានារ៉ាប់រងពាក់ព័ន្ធគ្រោះភ្លើងឆេះព្រៃ និងការប្រែប្រួលនៃតម្លៃរូបិយប័ណ្ណបរទេស។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
កំពូលមហាសេដ្ឋីអាម៉េរិក លោក Warren Buffett ដែលជាវិនិយោគិនជើងចាស់ដ៏ល្បីល្បាញបំផុតរបស់ពិភពលោកបានប្រកាសថា លោកនឹងលាលែងពីតំណែងនាយប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway នៅត្រឹមដំណាច់ឆ្នាំ២០២៥ ដោយបញ្ចប់ការដឹកនាំរយៈពេល៦០ឆ្នាំរបស់លោកនៅក្រុមហ៊ុននេះ ដែលអំឡុងពេល៦០ឆ្នាំមកនេះ បានធ្វើឱ្យលោកក្លាយជាកំពូលមហាសេដ្ឋីដ៏ល្បីល្បាញ និងជានិមិត្តរូបនៃភាពជោគជ័យរបស់អាម៉េរិក។
កំពូលវិនិយោគិនវ័យ៩៤ឆ្នាំរូបនេះ បានលើកឡើងក្នុងពេលបិទបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Berkshire Hathaway នៅសហរដ្ឋអាម៉េរិក កាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា ថា លោកគិតថា ពេលវេលាល្អបានមកដល់ហើយសម្រាប់លោក ហ្គ្រេក អាបេល (Greg Abel) ឡើងកាន់តំណែងជានាយកប្រតិបត្តិជំនួសរូបលោកនៅត្រឹមដំណាច់ឆ្នាំនេះ។ លោកបានបន្ថែមថា លោកនឹងនៅតែជួយផ្ដល់ប្រឹក្សាយោបល់ម្ដងម្កាលក្នុងករណីចាំបាច់ ប៉ុន្តែលោក ហ្គ្រេក អាបេល (Greg Abel) គឺជាអ្នកដែលមានសិទ្ធិអំណាចសម្រេចចុងក្រោយ។ ការប្រកាសនេះបានធ្វើឱ្យបណ្ដានាយកប្រតិបត្តិ និងបណ្ដាអ្នកវិនិយោគកោតសរសើរលោក Warren Buffett យ៉ាងខ្លាំង។
សូមបញ្ជាក់ដែរថា ការប្រកាសលាលែងពីតំណែងរបស់លោក Warren Buffett ធ្វើឡើងស្របពេលដែលក្រុមហ៊ុន Berkshire Hathaway របស់លោកធ្លាក់ចុះប្រាក់ចំណេញ១៤% មកនៅត្រឹម៩,៦ពាន់លានដុល្លារអាម៉េរិក នៅក្នុងត្រីមាសទី១ ឆ្នាំនេះ បើធៀបនឹងប្រាក់ចំណេញ១១,២ពាន់លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៤ ដោយសារការខាតបង់ក្នុងវិស័យធានារ៉ាប់រងពាក់ព័ន្ធគ្រោះភ្លើងឆេះព្រៃ និងការប្រែប្រួលនៃតម្លៃរូបិយប័ណ្ណបរទេស។
ថ្វីដ្បិតតែប្រាក់ចំណេញរបស់ក្រុមហ៊ុនលោកធ្លាក់ចុះយ៉ាងណាក្ដី ក៏សាច់ប្រាក់របស់ក្រុមហ៊ុននេះបានកើនឡើងរហូតដល់ទៅជាង៣៤៧ពាន់លានដុល្លារអាម៉េរិក ឯណោះ៕
ដោយ: តែម សុខុម