ថៃគ្រោងបើកកោះសាមុយ

ថៃគ្រោងបើកកោះសាមុយ និងកោះផ្សេងៗទៀត បន្ទាប់កោះភូកេត


ក្រោយពីបានបើកដំណើរការកោះភូកេតបាន១សប្ដាហ៍យ៉ាងរលូន ឥឡូវនេះ ប្រទេសថៃ កំពុងរៀបចំ កោះសាមុយមួយបន្ថែមទៀត ដើម្បីបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងរូច អាចចូលកម្សាន្ដបាននៅក្នុងសប្ដាហ៍នេះ។ ក្រៅពីកោះសាមុយ ថៃគ្រោងនឹងបើកកោះទេសចរណ៍ចំនួន២ទៀត នៅថ្ងៃទី ១៥ខែកក្កដានេះ។ នេះបើតាមការរាយការណ៍ដោយសារពត៌មានបាងកកប៉ុស្ដិ៍។
ស្ត្រីភ្ញៀវទេសចរនៅកោះភូកេតប្រទេសថៃ កាលពីឆ្នាំ២០១៩ រូបភាព៖ The Thaiger
ដោយ

ការឈានទៅបើកតំបន់ទេសចរណ៍ ថ្មីៗជាបន្តបន្ទាប់នេះ ក្រោយពីអាជ្ញាធរថៃមើលឃើញថា ការបើកកោះភូកេត គឺកំពុងដំណើរការយ៉ាងរលូន ដោយមានអ្នកដំណើរអន្តរជាតិជាង១ពាន់នាក់ហើយបានចូលមកកម្សាន្ដ ក្នុងចំណោមនោះ មិនមានករណីរកឃើញការឆ្លងកូវីដ-១៩នោះទេ។

តាមផែនការរបស់រាជរដ្ឋាភិបាលថៃ ប្រសិនបើកោះភូកេតបើកបានរយៈពេល១៤ថ្ងៃ ហើយមិនបានរកឃើញករណីឆ្លងកូវីដ-១៩ក្នុងចំណោមទេសចរបរទេស ដែលត្រូវបានអនុញ្ញាតឲ្យចូលមកកម្សាន្ដទេនោះ អាជ្ញាធរថៃ នឹងបន្ដបើកតំបន់ទេសចរណ៍ ពិសេសកោះទេសចរណ៍សក្ដានុពលជាច្រើនទៀត របស់ខ្លួន ដោយនៅជំហានទី២នេះ គឺនឹងបើកកោះសាមុយ និងកោះចំនួន២ទៀត នៅក្នុងខេត្តសូរ៉ាត់តានី។

យ៉ាងណាមិញនៅរយៈពេលប្រមាណ១សប្ដាហ៍មកនេះ ក្រោយពេលបើកកោះភូកេតទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរូច ដោយមានការលើកលែងការធ្វើចត្តាឡីស័កនោះ គេសង្កេតឃើញថា ក្នុងចំណោមភ្ញៀវទេសចរជាង១ពាន់នាក់ដែលបានចូលមកកម្សាន្ដនៅកោះភូកេត គឺមិនទាន់មានឃើញផ្ទុះករណីឆ្លងកូវីដ-១៩នោះទេ នេះអាចនិយាយបានថា ជាសញ្ញាវិជ្ជមានមួយសម្រាប់ការឈានទៅស្ដារវិស័យទេសចរណ៍ឡើងវិញរបស់ថៃ។

ថ្នាក់ដឹកនាំអាជ្ញាធរទេសចរណ៍ថៃបាននិយាយថា ដំណើរការអនុម័ត ការបើកដំណើរការតំបន់ទេសចរណ៍ផ្សេងទៀត នឹងមិនត្រូវបានពន្យារពេលដូចគម្រោងបើកកោះភូកេតនោះទេ ដោយសារតែ អាជ្ញាធរបានផ្ដល់ការអនុញ្ញាតដល់តំបន់ដទៃទៀតរួចរាល់ហើយ កាលពីសប្ដាហ៍មុន ទាក់ទងនឹងគម្រោងបើកទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចនេះ។

អាជ្ញាធរទេសចរណ៍ថៃរំពឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិដែលនឹងមកដល់កោះសាមុយ ក៏ដូចជាកោះចំនួន២ផ្សេងទៀតនៅក្នុងខេត្តសូរ៉ាត់ថានី នឹងមានប្រមាណជាង ១ពាន់នាក់ក្រោយបើករយៈពេល៣០ថ្ងៃ ដែលអាចផ្ដល់ប្រាក់ចំណូលប្រមាណជាង ៣លានដុល្លារសម្រាប់សេដ្ឋកិច្ចក្នុងខេត្តមួយនេះ។ ការរំពឹងទុកនេះ គឺមានចំនួនតិចជាងចំនួនភ្ញៀវ ដែលទទួលបាននៅកោះភូកេត ពីព្រោះតែគំរូបើកកោះទេសចរណ៍ថ្មីៗទាំងនេះ គឺមានការរឹតបន្ដឹងជាងមុន។ 

តើវិធានការតឹងរឹងជាងមុននេះ មានអ្វីខ្លះ?

ជាវិធានការរបស់អាជ្ញាធរថៃ ភ្ញៀវទេសចរអន្តរជាតិដែលបានចូលមកដល់ខេត្តសូរ៉ាត់ថានី ត្រូវតែចំណាយពេល៣ថ្ងៃស្នាក់នៅកន្លែងដែលរៀបចំសម្រាប់ឲ្យនៅដាច់ដោយឡែក ដែលអាជ្ញាធរបានត្រៀមទុកចំនួន៩ទីតាំង ដែលមានបន្ទប់ស្នាក់នៅជាង២៥០បន្ទប់។

ភ្ញៀវទេសចរអន្តរជាតិអាចចេញពីកន្លែងដែលពួកគេស្នាក់នៅ នៅថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ប៉ុន្ដែ សម្រាប់តែនៅកោះសាមុយប៉ុណ្ណោះ ក្រោមការតាមដានពីប្រតិបត្តិករដំណើរកម្សាន្ដ។ ចាប់ពីថ្ងៃទី ៨ដល់ថ្ងៃទី ១៤ ពួកគេអាចមានជម្រើសទៅលេងកោះផ្សេងទៀតបាន។

ក្រោយពីបញ្ចប់ការស្នាក់នៅរយៈពេល២សប្ដាហ៍នៅកន្លែងដែលបានរៀបចំដោយអាជ្ញាធរហើយ ភ្ញៀវទេសចរដែលធ្វើតេស្ដលទ្ធផលអវិជ្ជមាន នឹងត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់ខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសថៃ។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរត្រូវធ្វើតេសរកកូវីដ-១៩ចំនួន៣លើក គឺលើកទី១ នៅថ្ងៃបន្ទាប់ពីមកដល់ប្រទេសថៃ លើកទី២ គឺនៅថ្ងៃទី ៦ ឬទី៧ និងតេស្ដលើកទី៣ គឺមុនពេលចេញដំណើរទៅកាន់ខេត្តផ្សេងៗទៀត។

សូមជម្រាបថា តាមរយៈគម្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចនេះ ប្រទេសថៃរពឹងថា នៅឆ្នាំ២០២១នេះ នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិជិត៣លាននាក់ ជាមួយនឹងប្រាក់ចំណូលប្រមាណជាង៦ពាន់៦រយលានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមរំពឹងចំណូល ៩ពាន់លានដុល្លារនៅឆ្នាំ២០២១ ពីការនាំចេញផលិតផលវារីវប្បកម្ម

ព័ត៌មាន
ការនាំចេញផលិតផលវារីប្បកម្មរបស់វៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ដោយសារការងើបឡើងវិញនៃតម្រូវការទីផ្ស…

ភាគីខាងថៃបានបដិសេធថា ខ្លួនមិនបានចម្លងរចនាប័ទ្មរបស់ប្រាសាទអង្គរវត្តទេ

ព័ត៌មាន
ព្រះចៅអធិការវត្តភូម៉ានហ្វាបញ្ជាក់ថា ខ្លួនមិនបានលួចចម្លងនូវប្លង់រចនាប័ទ្មរបស់ប្រាសាទអង្គរ​វត្តរបស់ប្រទេសកម្ពុជានោះទេ។ នេះបើយោងតាមសេចក្ដីប្រក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ