
Bitcoin ដែលជារូបិយបណ្ណឌីជីថលដ៏ធំមួយនៅលើពិភពលោកបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាថ្មី ក្រោយតម្លៃរបស់វាកាលពីថ្ងៃទី១៤ ខែកក្កដា បានហក់ឡើងពី១០ម៉ឺន៨ពាន់ដុល្លារដល់ជាង១២ម៉ឺន៣ពាន់ដុល្លារក្នុង១កាក់ត្រឹមរយៈពេល១សប្តាហ៍ ដែលជាតម្លៃមួយខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមទិន្នន័យនៅក្នុងទីផ្សារជួញដូរមូលនិធិ CoinMarketCap។ ការហក់ឡើងថ្លៃខ្ពស់នេះ កើតឡើងក្រោយសមាជិកសភាអាម៉េរិកបានបង្ហាញពីនិន្នាការគាំទ្រចំពោះច្បាប់ស្តីពីការជួញដូរ Bitcoin។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅពេលនេះស្ថាប័ននិតិបញ្ញត្តិអាម៉េរិកកំពុងពិភាក្សាលើ ច្បាប់ ដែលនឹងបើកផ្លូវឈានទៅរកការទទួលស្គាល់យន្តការនៃការជួញដូរគ្រីបតូ។ បច្ចុប្បន្នលោក ដូណាល់ ត្រាំ ដែលជាអ្នកគាំទ្រឧបករណ៍ជួញដូរបែបថ្មីនេះ កំពុងតែដាក់សម្ពាធផង និងបញ្ចុះបញ្ចូលផង ដើម្បីឲ្យសភាទទួលយកការជួញដូគ្រីបតូជាឧបករណ៍ទូទាត់ស្របច្បាប់។
កន្លងមកលោក ត្រាំ បានអះអាងថា លោកនឹងប្រើពេលវេលានៃការដឹកនាំសេតវិមានជាលើកទី២ប្រែក្លាយសហរដ្ឋអាម៉េរិកទៅជាមជ្ឈមណ្ឌលនៃការជួញដូរគ្រីបតូ ខណៈដែលគេដឹងថា លោក ត្រាំ និងក្រុមគ្រួសាររបស់លោកអាចមានទ្រព្យជា bitcoin មានតម្លៃរាប់ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ