ល្បែងស៊ីសងខុសច្បាប់

តើការបញ្ឈប់ឱ្យផ្សព្វផ្សាយ និងព្រមានចាត់វិធានការច្បាប់ចំពោះបុគ្គលចូលរួមផ្សព្វផ្សាយពីល្បែងស៊ីសងខុសច្បាប់មានប្រសិទ្ធភាពកម្រិតណាក្នុងទប់ស្កាត់ការលេងល្បែង?


ការផ្សព្វផ្សាយពីល្បែងស៊ីសងខុសច្បាប់ ត្រូវបានគេសង្កេតឃើញកើតមានជាហូរហែនៅលើបណ្ដាញសង្គម ក្នុងនោះក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ។ ការផ្សព្វផ្សាយដោយប្រើបុគ្គលមានប្រជាប្រិយភាពនេះ ត្រូវបានក្រសួងមហាផ្ទៃចាត់ទុកថា អាចធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងបានចេញសារាចរណែនាំឱ្យបញ្ឈប់ការផ្សព្វផ្សាយ និងព្រមានចាត់វិធានការផ្លូវច្បាប់លើបុគ្គលណា ដែលបន្តប្រព្រឹត្តបែបនេះទៀត។
ល្បែងស៊ីសងខុសច្បាប់
ដោយ

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ ដែលស្នើឱ្យបញ្ឈប់ការផ្សព្វផ្សាយ និងព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលចូលរួមផ្សព្វផ្សាយពីល្បែងស៊ីសងខុសច្បាប់ គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការផ្សព្វផ្សាយពីល្បែងស៊ីសងខុសច្បាប់។ អ្នកជំនាញទស្សនវិជ្ជារូបនេះ កត់សម្គាល់ឃើញថា បច្ចុប្បន្នការផ្សព្វផ្សាយពីល្បែងស៊ីសងខុសច្បាប់បានកើតមានយ៉ាងទូលំទូលាយតាមប្រព័ន្ធបច្ចេកវិទ្យា ដែលការណ៍នេះទាមទារឱ្យមន្រ្តីពាក់ព័ន្ធត្រូវមានសមត្ថភាពគ្រប់គ្រាន់ និងមានឆន្ទៈពិតប្រាកដ បើពុំដូច្នេះទេការផ្សព្វផ្សាយនឹងនៅតែបន្តកើតមាន ហើយការចេញសារាចរណែនាំក៏ពុំមានប្រសិទ្ធភាពនោះដែរ ដ្បិតថា វេទិកាផ្សព្វផ្សាយលើបណ្ដាញសង្គមភាគច្រើន ពុំមែនស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជានោះទេ។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើពលរដ្ឋបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ ហើយងាកមកចូលរួមសហការជាមួយអាជ្ញាធរ នោះវានឹងអាចជួយកាត់បន្ថយផលប៉ះពាល់នានាបានមួយកម្រិត។

​ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព សង្កេតឃើញថា ការចេញសារាចរណែនាំមួយចំនួននាពេលកន្លងមកពុំទទួលបានប្រសិទ្ធឡើយ ដោយសារតែអ្នកពាក់ព័ន្ធមួយចំនួនពុំបានអនុវត្តតាម។ អ្នកជំនាញរូបនេះយល់ឃើញថា ដើម្បីឱ្យការអនុវត្តសារាចរនីមួយៗមានប្រសិទ្ធភាព លុះណាមានការចាត់វិធានការជាក់លាក់ និងអនុវត្តជាក់ស្ដែងទើបអាចដោះស្រាយបញ្ហាបាន បើពុំដូច្នេះទេបញ្ហានឹងនៅតែបន្តកើតមាន និងបង្កផលប៉ះពាល់ក្នុងសហគមន៍ដដែល។

​គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃ កាលពីពេលថ្មីបានចេញសារាចរណែនាំមួយ ដោយព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលណាដែលចូលរួមផ្សព្វផ្សាយពីល្បែងស៊ីសងខុសច្បាប់ និងស្នើឱ្យបញ្ឈប់ការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់គ្រប់រូបភាពនៅលើបណ្តាញសង្គមនានា។ ការចេញសារាចរនេះធ្វើឡើងក្រោយក្រសួងសង្កេតឃើញថា ការផ្សព្វផ្សាយពីល្បែងស៊ីសងខុសច្បាប់នៅលើបណ្តាលសង្គមបានកើតមានជាហូរហែនៅមួយរយៈចុងក្រោយនេះ។ ការផ្សព្វផ្សាយទាំងនោះ ក៏មានការចូលពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ហើយបានបន្តចែកចាយរូបភាព វីដេអូ និងមាតិកាទាំងនោះ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


វិស័យឯកជននៅថៃ នឹងដាក់ពាក្យប្រឆាំងនឹងផែនការដំឡើងប្រាក់ឈ្នួលអប្បបរមាជិត១២ដុល្លារដល់កម្មកររបស់រដ្ឋាភិបាល

ទីភ្នាក់ងារក្រុមហ៊ុនអាជីវកម្មធំៗចំនួន៣របស់ប្រទេសថៃ នឹងដាក់ពាក្យតវ៉ាជាផ្លូវការទៅកាន់រដ្ឋាភិបាលនៅថ្ងៃសុក្រ សប្តាហ៍នេះ ដើម្បីប្រឆាំងនឹងផែនក…

អង្គការពាណិជ្ជកម្មពិភពលោកថា វៀតណាមក្លាយជាប្រទេសនាំចេញធំបំផុតទី២ នៅអាស៊ាន និងធំបំផុតទី១១ទូទាំងពិភពលោក

វៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា បានវិវត្តខ្លួនយ៉ាងឆាប់រហ័សពីអ្នកនាំចេញតិចតួចអំឡុងឆ្នាំ២០១៣ ក្លាយជាប្រទេសនាំចេញធំបំផុតទី២ នៅត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ