លោក Pierre Balsan អគ្គនាយកក្រុម Bluebell Cambodia បានប្តេជ្ញា ថាលោកនឹងនាំយកផលិតផលម៉ាកយីហោល្បីៗនៅលើពិភពលោកជាច្រើនមកកាន់ទីផ្សារលក់រាយនៅកម្ពុជា ដើម្បីបង្កើនភាពសម្បូរបែប ក៏ដូចជាបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរទាំងផ្ទាល់ និង តាមប្រព័ន្ធអេឡិចត្រូនិក។ បច្ចុប្បន្ន Bluebell Group កំពុងប្រតិបត្តិការលើម៉ាកយីហោល្បីៗចំនួន១៥០នៅទូទាំងតំបន់អាស៊ី ដែលធ្វើឲ្យពួកគេក្លាយជាក្រុមហ៊ុនឈានមុខគេមួយលើផ្សារទំនើបលក់រាយប្រណីត និងទាន់សម័យជាង៦០ឆ្នាំកន្លងមកនេះ។
ទោះបីកម្ពុជាកំពុងទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្ដែ ថ្នាក់ដឹកនាំ Bluebell មើលឃើញថា សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបាននូវកំណើន និង ការអភិវឌ្ឍ ដែលធ្វើឲ្យការប្រកួតប្រជែងទីផ្សារនៅកម្ពុជានៅតែមានភាពល្អប្រសើរ។ សម្រាប់ថ្នាក់ដឹកនាំ Bluebell ការប្រតិបត្តិការរបស់ខ្លួនក្នុងអំឡុងនៃវិបត្តិកូវីដ-១៩ វាមិនត្រឹមតែជួយឲ្យទីផ្សារលក់រាយកាន់តែសម្បូរបែបនោះទេ តែវាក៏នឹងជួយរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ។
តាមរយៈបទពិសោធធ្លាប់ប្រតិបត្តិការតាំងពីឆ្នាំ១៩៥៤ នៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីរួមមានជប៉ុន កូរ៉េខាងត្បូង ចិនដីគោក ហុងកុង តៃវ៉ាន់ តំបន់រដ្ឋបាលពិសេសម៉ាកាវ សិង្ហបុរី ម៉ាឡេស៊ី និងអូស្ត្រាលី លោក Pierre Balsan រំពឹងថា ការបង្ហាញវត្តមានលើទីផ្សារដំបូងនៅកម្ពុជា ពួកគេនឹងទទួលបានការគាំទ្រច្រើនពីអតិថិជន ដើម្បីបន្តប្រតិបត្តិការយ៉ាងរឹងមាំរបស់ខ្លួនទៅថ្ងៃអនាគត។
សម្រាប់អគ្គនាយករួបនេះ វត្តមានរបស់ Bluebell នៅកម្ពុជាមិនត្រឹមតែជួយរួមចំណែកអភិវឌ្ឍន៍ទីផ្សារលក់រាយ និងតម្រូវការរបស់អតិថិជនប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយក្នុងការជួយអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងញាំញីដោយសារវិបត្តិកូវីដ-១៩ ផងដែរ។
ជាមួយគ្នានេះលោក Allen Dodgson Tan នាយកក្រុមហ៊ុន Bluebell Cambodia ជឿជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជានឹងអាចវិលមករកភាពល្អប្រសើរឡើងវិញនាពេលខាងមុខ ដែលជំរុញឲ្យកំណើនប្រើប្រាស់ផលិតផលរបស់ប្រជាពលរដ្ឋដែលមានចំណូលកម្រិតមធ្យមនឹងមានការកើនឡើង។ លោកអះអាងថា Bluebell ដែលកំពុងប្រតិបត្តិការលើម៉ាកយីហោល្បីៗ បានត្រៀមខ្លួនរួចហើយក្នុងការបំពេញតម្រូវការទីផ្សារមួយនេះ។
ក្រៅពីផលិតផលប្រើប្រាស់ Bluebell Cambodia នឹងនាំយកម៉ាកយីអាហារ និងភេសជ្ជៈមកកាន់ទីផ្សារនៅកម្ពុជាផងដែរ។ ផលិតផលដែល Bluebell កំពុងប្រតិបត្តិការរួមមានគ្រឿងតុបតែង ស្បែកជើង សម្លៀកបំពាក់ គ្រឿងក្រអូប គ្រឿងសម្អាង អាហារឆ្ងាញ់ៗ គ្រឿងអលង្ការ នាឡិកាដៃ វ៉ែនតា និងថ្នាំជក់ជាដើម។ បច្ចុប្បន្ននេះក្រុមហ៊ុន Bluebell Group មាននិយោជិត៤ពាន់នាក់ មានហាងលក់ទំនិញចំនួន៦៥០ និងផលរបរចំនួន២ប៊ីណនដុល្លារអាមេរិក៕