ក្រុមហ៊ុន BMW បានអះអាងថា រោងចក្រ លីឌៀ (Lydia) ជារោងចក្រថ្មីសម្រាប់ដំឡើងរថយន្តទីបីរបស់ក្រុមហ៊ុនBMW នៅក្នុងប្រទេសចិន ដែលមានទីតាំងនៅភាគឦសានក្នុងខេត្ត ឡាំងនីង (Liaoning) នឹងជួយបង្កើនការផលិតរថយន្ត BMW ឱ្យបាន ៨ សែន ៣ ម៉ឺនគ្រឿងក្នុង១ឆ្នាំ គឺមានការកើនឡើងជាងកាលពីឆ្នាំ ២០២១ ដែលផលិតបានត្រឹមតែ ៧ សែនគ្រឿងប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន BMW បានគូសបញ្ចាក់ថា រោងចក្រនេះត្រូវបានបង្កើតឡើង ឱ្យមានសមត្ថភាពផលិតរថយន្តអគ្គិសនីតែប៉ុណ្ណោះ ដើម្បីស្របតាមតម្រូវការទីផ្សារនៅលើខ្សែចង្វាក់ផលិតកម្មស្តង់ដារ។
BMW បាននិយាយថា ម៉ូដែលដំបូងដែលលក់ដាច់ជាងគេ នៃខ្សែចង្វាក់ផលិតកម្មរបស់រោងចក្រ លីឌៀ គឺ រថយន្តប្រភេទ i3 ដែលជារថយន្តស្ព័រខ្នាតកណ្តាលប្រើអគ្គិសនីសុទ្ធ ហើយមានការពេញនិយមជាខ្លាំងសម្រាប់អតិថិជនចិននៅក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយនេះ។
ទោះយ៉ាងណា ក្រុមហ៊ុន Tesla របស់អាមេរិក និង ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិនដូចជា BYD កំពុងតែគ្រប់គ្រងទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសចិនយ៉ាងធំ ហើយការលក់របស់ក្រុមហ៊ុនទាំងនេះ ក៏មានការលក់កើនឡើងទ្វេដងផងដែរ បើធៀបនឹងឆ្នាំមុន។
ប៉ុន្តែ ក្រុមហ៊ុន General Motors និង Volkswagen វិញ កំពុងតែធ្លាក់ចុះលើការលក់របស់ខ្លួនជាលំដាប់នៅក្នុងទីផ្សារចិន។
គួរជម្រាបថា ជិតមួយភាគបួននៃរថយន្ដដែលបានលក់ចេញនៅក្នុងប្រទេសចិនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ គឺជាប្រភេទរថយន្ដអគ្គិសនី នេះបើយោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន។ ក្នុងនោះ ក្រុមហ៊ុន BMW បានលក់រថយន្តចំនួនជាង ២ សែនគ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុតរបស់ខ្លួននៅក្នុងត្រីមាសទី ១ ពោលគឺធ្លាក់ចុះ ៩,២ ភាគរយធៀបនឹងឆ្នាំមុន។ នេះបើយោងតាមឯកសារបញ្ជាក់ពីក្រុមហ៊ុន។