របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យដឹងថា គិតត្រឹម៦ខែដំបូងនៃឆ្នាំ២០១៧នេះ គម្រោងសាងសង់បុរីលំនៅឋាន ឬលំនៅឋានមានលក្ខណៈបុរីថ្មីៗ មាន ១៤ទីតាំង ហើយបើគិតមកទល់ពេលបច្ចុប្បន្ន គម្រោងលំនៅឋានប្រភេទនេះមានសរុបរហូតដល់ ១៥៣ទីតាំង។
លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ឲ្យ ខេមបូណូមីស ដឹងថា ស្របទៅតាមគម្រោងប្លង់គោលរបស់សាលារាជធានីភ្នំពេញ រហូតដល់ឆ្នាំ២០៣០ ចំពោះទីតាំងអភិវឌ្ឍបុរីភាគច្រើន បាននិងកំពុងប្រមូលផ្ដុំគ្នាសាងសង់នៅតំបន់សំខាន់ៗមួយចំនួនដូចជា តំបន់ក្បែរផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ១ តំបន់ស្ថិតក្នុងខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងតំបន់អរិយក្សត្រ ជាដើម។
លោកបន្តថា មិនត្រឹមតែនៅរាជធានីភ្នំពេញនោះទេ ដែលកំពុងសម្រុកសាងសង់សំណង់បុរីលំនៅឋាន សូម្បីតែនៅទីរួមខេត្តមួយចំនួនក៏កំពុងមានការរីកសាយភាយការសាងសង់សំណង់លំនៅឋានបុរីផងដែរ។
យ៉ាងណាក៏ដោយ ខេមបូណូមីស នៅមិនទាន់ទទួលបានទិន្នន័យជាក់លាក់អំពីចំនួនក្រុមហ៊ុនសាងសង់បុរីនៅកម្ពុជានៅឡើយទេ។ ប៉ុន្ដែ បើយោងតាមគេហទំព័ររបស់សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា គេឃើញមានសមាជិកជាអ្នកអភិវឌ្ឍសំណង់លំនៅឋានចំនួន ៣៨ក្រុមហ៊ុន។
សូមបញ្ជាក់ដែរថា នៅរយៈពេលចុងក្រោយនេះ ការសាងសង់សំណង់បុរី និងការទិញលក់លំនៅដ្ឋានប្រភេទនេះ តាមរយៈការបង់រំលោះដោយគ្មានប្រាក់កក់ ហាក់កំពុងមានការពេញនិយមខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។
យ៉ាងណាក៏ដោយ ប្រតិបត្តិការទិញលក់នេះត្រូវបានអ្នកជំនាញមើលឃើញថា ក៏ប្រឈមនឹងហានិភ័យខ្ពស់ផងដែរ ប្រសិនបើអ្នកទិញមិនបានសិក្សាពីប្រភពចំណូលរបស់ខ្លួនឲ្យបានច្បាស់លាស់ ខណៈដែលម្ចាស់បុរី មួយចំនួនហាក់បើកដៃយ៉ាងធូររលុងសម្រាប់អ្នកទិញ ពោលគឺធ្វើយ៉ាងណាឲ្យតែមានអ្នកទិញច្រើន ដោយមិនមានការសិក្សាឬកំណត់លក្ខខណ្ឌច្បាស់លាស់អំពីប្រភពចំណូលរបស់អ្នកទិញអចលនទ្រព្យនោះឡើយ៕