ទេសាភិបាលរងនៃធនាគារកណ្តាលថៃ ផ្នែកក្រុមរៀបចំគោលនយោបាយរូបិយវត្ថុ លោក ភីទី ឌីសយ៉ាតាត (Piti Disyatat) បាននិយាយក្នុងកិច្ចប្រជុំជាមួយអ្នកវិភាគសេដ្ឋកិច្ច កាលពីថ្ងៃចន្ទដើមសប្ដាហ៍ថា សេដ្ឋកិច្ចពិភពលោកត្រូវគេរំពឹងថានឹងបង្ហាញសញ្ញាកាន់តែច្បាស់ពីការថមថយនៅឆ្នាំ២០២៣ បណ្ដាលមកពីបញ្ហាថមថយចុះនៃកំណើនសេដ្ឋកិច្ចខាងប្រទេសខាងលិចសំខាន់ៗ ជាពិសេសសហរដ្ឋអាមេរិក និងអឺរ៉ុបដែលកំពុងរងគ្រោះដោយការកើនឡើងអត្រាអតិផរណា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
ធនាគារកណ្ដាលថៃនេះបានព្យាករថា អត្រាកំណើន GDP របស់អឺរ៉ុបនៅឆ្នាំនេះ នឹងមានចំនួន ២,៨% ហើយវានឹងធ្លាក់ចុះមកនៅអត្រាកំណើន ១,៨% នៅឆ្នាំក្រោយ។
ទេសាភិបាលរងនៃធនាគារកណ្តាលថៃ លោកភីទី ឌីសយ៉ាតាត បាននិយាយទៀតថា ទោះជាយ៉ាងណា ការងើបរើសេដ្ឋកិច្ចអាស៊ីឡើងវិញពីផលប៉ះពាល់ជំងឺកូវីដ១៩នឹងជួយគាំទ្រដល់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំក្រោយនេះ ដែលដឹកនាំដោយប្រទេសចិន។ អត្រាកំណើន GDP របស់ដីគោកត្រូវបានគេរំពឹងថានឹងមានចន្លោះពី ៤% ទៅ៥% ខណៈដែលអត្រាកំណើនសម្រាប់តំបន់អាស៊ីដោយមិនរាប់បញ្ចូលប្រទេសជប៉ុននោះ ត្រូវគេរំពឹងថា នឹងមានស្ថិរភាពសម្រាប់ទាំង២០២២ និងឆ្នាំ២០២៣។
ធនាគារកណ្តាលនៅទូទាំងពិភពលោកកំពុងព្យាយាមទប់ទល់នឹងអតិផរណាឡើងខ្ពស់ជាបន្តបន្ទាប់ ធនាគារកណ្តាលថៃយល់ឃើញថា សហរដ្ឋអាមេរិក និងសេដ្ឋកិច្ចពិភពលោកនឹងមិនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនោះទេ ទោះបីបើមានការព្យាករពីការថមថយសេដ្ឋកិច្ចនៅឆ្នាំក្រោយក៏ដោយ។
អ្នកវិភាគសេដ្ឋកិច្ចក្នុងស្រុករបស់ថៃព្រួយបារម្ភថា ប្រសិនបើអាមេរិកធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចមែននោះ វាអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចថៃ ខណៈដែលសេដ្ឋកិច្ចថៃកំពុងតែកើនឡើងជាបណ្តើរៗ ដោយធនាគារកណ្តាលថៃបានព្យាករថានឹងមានកំណើន ៣,៣% នៅឆ្នាំនេះ រួចហើយបន្ដកើនឡើងដល់ ៤,២% នៅឆ្នាំ២០២៣។
ទេសាភិបាលរងធនាគារកណ្ដាលរបស់ថៃ បានគូសបញ្ជាក់ដែរថា ដោយសារតែសេដ្ឋកិច្ចថៃបានស្ទុះងើបឡើងវិញបន្តិចម្តងៗចំពេលអត្រាអតិផរណាឡើងខ្ពស់ទាំងក្នុងស្រុកនិងពិភពលោកនោះ ដូច្នេះហើយគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ (MPC) របស់ធនាគារកណ្តាលថៃត្រូវធ្វើឱ្យគោលនយោបាយរូបិយវត្ថុមានលក្ខណៈធម្មតា ដើម្បីទប់ទល់អតិផរណាខ្ពស់ និងគាំទ្រដល់ការស្ទុះងើបសេដ្ឋកិច្ចដោយរលូនរបស់ប្រទេសនេះផងដែរ។
លោកទេសាភិបាលរងរូបនេះបានបន្ថែមថា ការទប់ស្កាត់អត្រាអតិផរណាកុំឱ្យឡើងខ្ពស់ថែមទៀតនោះ គឺជាបញ្ហាអាទិភាពរបស់ធនាគារកណ្ដាលថៃ ព្រោះអតិផរណាឡើងកាន់តែខ្ពស់នឹងប៉ះពាល់ដល់ការងើបរើសេដ្ឋកិច្ច និងអត្រាកំណើនសម្រាប់រយៈពេលកាន់តែយូរផងដែរ។
លោក Piti បានបញ្ជាក់ថា ធនាគារកណ្តាលថៃជឿថាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចថៃគឺមានកាន់តែច្បាស់នៅក្នុងឆមាសទីពីរឆ្នាំនេះ ហើយថា អត្រាអតិផរណានៅគ្រប់ទីកន្លែងរួមទាំងប្រទេសថៃដែរនោះ ត្រូវគេរំពឹងថានឹងឡើងដល់កំពូលនៅក្នុងត្រីមាសទី៣ឆ្នាំនេះបន្ទាប់មកវានឹងធ្លាក់ចុះមកវិញ។ ប្រាក់បាតថៃ អាចឡើងថ្លៃធៀបនឹងប្រាក់ដុល្លារបន្ទាប់ពីសម្ពាធនេះបានធូរស្រាលវិញផងដែរ៕
អត្ថបទ៖ សុខ ជា