វិស័យ SME

អ្នកជំនាញចាត់ទុកការធ្វើពហិការជាអាវុធដ៏សំខាន់ក្នុងកាត់ទំនិញថៃ នៅលើទីផ្សារកម្ពុជា និងស្នើឱ្យពលរដ្ឋបង្កើនការធ្វើពហិការបន្ថែមទៀត


ចលនាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ របស់ពលរដ្ឋខ្មែរមានភាពផុសផុលយ៉ាងខ្លាំងចាប់តាំងពីយោធាថៃ បានឈ្លានពានមកលើទឹកដីកម្ពុជា យ៉ាងកំរោល ប៉ុន្តែទោះជាយ៉ាងណាគេសង្កេតឃើញថា មកទល់ពេលនេះ ក៏នៅមានប្រជាពលរដ្ឋមួយចំនួននៅតែបន្តប្រើប្រាស់ផលិតផលថៃ។ ជាមួយគ្នានេះ គេសង្កេតឃើញទំនិញថៃ នៅតែត្រូវបាននាំចូលមកកាន់តែទីផ្សារ ដោយសាររបាំងច្បាប់ពាណិជ្ជកម្មសេរី ដែលរដ្ឋាភិបាលមិនអាចហាមឃាត់ការនាំចូលទាំងស្រុងបាន។
វិស័យ SME
ដោយ

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានរំលឹកថា ចាប់តាំងពីយោធាថៃចូលមកឈ្លានពានដែនអធិបតេយ្យខ្មែរ រដ្ឋាភិបាលកម្ពុជា ហាមឃាត់ការនាំចូលទំនិញថៃ តែ៣មុខប៉ុណ្ណោះ គឺបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័ន ដោយក្រៅពីនេះរដ្ឋាភិបាលមិនបានហាមឃាត់នោះទេ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ស្របពេលដែលរដ្ឋាភិបាលដើរតួលើផ្នែកគោលនយោបាយ ការធ្វើពហិការពីសំណាក់ពលរដ្ឋ គឺជាកម្លាំងទប់ស្កាត់ដ៏សំខាន់ ដែលអាចធ្វើឱ្យទំនិញថៃ មិនអាចឈរជើងបាន និងរុញច្រានឱ្យផលិតផលខ្មែរមានឱកាសរស់ឡើងវិញ។

​ជាមួយគ្នានេះ លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ យល់ឃើញថា ដើម្បីឱ្យចលនាធ្វើពហិការផលិតផលថៃ មានប្រសិទ្ធិភាព ទាមទារឱ្យមានទំនិញជំនួសក្នុងស្រុកជាមួយតម្លៃសមរម្យ និងមានគុណភាពល្អ។ លោកបានសង្កត់ធ្ងន់ថា នៅក្នុងទីផ្សារសេរីផលិតផលណា ដែលមានតម្លៃទាប នោះនឹងទាក់ទាញអ្នកប្រើប្រាស់ ហើយអ្នកប្រើប្រាស់ គឺមានសិទ្ធិជ្រើសរើសទំនិញណា ដែលខ្លួនចង់ប្រើ ឬមិនប្រើដោយមិនអាចបង្ខំបានឡើយ។ តែយ៉ាងណាអ្នកជំនាញរូបនេះ លើទឹកចិត្តដល់អ្នកដែលមានជីវភាពសមរម្យ គួរតែងាកមកគាំទ្រផលិតផលខ្មែរ ដើម្បីផ្ដល់កម្លាំងចិត្តដល់អ្នកផលិតក្នុងស្រុកឱ្យពង្រីកសមត្ថភាព។

​ស្រដៀងគ្នានេះ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយសង្កេតឃើញថា ការបន្តមានផលិតផលថៃដាក់លក់ និងប្រើប្រាស់នៅលើទីផ្សារកម្ពុជាបានឆ្លុះបញ្ចាំងពីតថភាពសេដ្ឋកិច្ច ដែលពឹងផ្អែកលើគ្នាទៅវិញទៅមកមិនអាចខ្វះបាននៅក្នុងតំបន់។ ជាការវាយតម្លៃរបស់អ្នកជំនាញរូបនេះ លោក អានុទីន ឆានវីរៈគុល នឹងនៅតែរក្សាមហិច្ចតាឈ្លានពានទឹកដីខ្មែរ ដូចនេះការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃរបស់ពលរដ្ឋខ្មែរ គឺជាអាវុធសម្រាប់ដាក់សម្ពោធសេដ្ឋកិច្ចដោយប្រយោលទៅលើរដ្ឋាភិបាលថៃ និងផ្ដល់ឱកាសដល់អ្នកផលិតក្នុងស្រុកដណ្ដើមយកទីផ្សារ ដើម្បីឈានដល់កាត់ផ្ដាច់ការពឹងផ្អែកប្រទេសជិតខាងមួយនេះទាំងស្រុង។

​គួរបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៥ កន្លងទៅ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានជាង៣ពាន់៦៥៧លានដុល្លារ ធ្លាក់ចុះជិត១៥% ក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំ៧៣២លានដុល្លារ ហើយថៃ នាំចូលមកកម្ពុជាវិញមានទំហំជាង២ពាន់៩២៤លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ការកាត់បន្ថយឱនភាពពាណិជ្ជកម្មតាមរយៈការឈប់គាំទ្រទំនិញថៃ មិនត្រឹមតែជាការតបតផ្នែកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែងផងដែរ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឬទ្ធី៖ធុរកិច្ចខ្មែរមិនត្រូវរង់ចាំមើលការផ្លាស់ប្តូរសកលឡើយ ប៉ុន្តែត្រូវធ្វើជាអ្នកក្តាប់យកផលប្រយោជន៍ពីការផ្លាស់ប្តូរទាំងនោះ

សមាគមឧកញ៉ាកម្ពុជា បានរៀបចំពិធីជួបជុំសមាជិក និងពិសាភោជនាហារគ្រួសារសមាគមលើកទី១ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់សហគមន៍ធុរកិច្ចកម្ពុជា…

តើកម្ពុជា គួរត្រៀមសេណារីយ៉ូបែបណា ដើម្បីឆ្លើយតបជាមួយរដ្ឋាភិបាលថៃ ដឹកនាំដោយលោក អានុទីន?

ជ័យជម្នះបណ្តោះអាសន្នក្នុងការបោះឆ្នោតថ្នាក់ជាតិ របស់គណបក្សភូមិចៃថៃ ដែលដឹកនាំដោយលោក អានុទីន ឆានវីរៈគុល បានក្លាយជាប្រធានបទក្តៅសម្រាប់អ្នកវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ