ប្លុកប្រទេស BRICS ដែលត្រូវបានគេមើលឃើញថា ជាគូប្រកួតប្រជែងដ៏ធំរបស់ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ ហៅកាត់ថា G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក មានសមាជិកកើនដល់១០ប្រទេសហើយនៅពេលនេះ ហើយប្លុកនេះនឹងមានសមាជិកកើនដល់៤០ប្រទេសនៅក្នុងឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក្នុងសន្និសីទកាសែតកាលពីពេលថ្មីៗនេះ។
ការដាក់បញ្ចូលសមាជិកជុំថ្មីនេះ ទំនងជានឹងធ្វើឡើងក្នុងកិច្ចប្រជុំកំពូលបន្ទាប់របស់ប្លុកប្រទេស BRICS នៅខែតុលា ឆ្នាំ២០២៤ ក្នុងតំបន់កាហ្សាន (Kazan) ប្រទេសរុស្ស៊ី។ ទន្ទឹមនេះ អាហ្សង់ទីន ជាប្រទេសតែមួយគត់ ដែលបានបដិសេធមិនចូលរួមជាមួយប្លុកប្រទេស BRICS ទោះជាទទួលបានការអញ្ជើញកាលពីខែសីហា ឆ្នាំមុនក៏ដោយ។
ប្រសិនបើប្លុកប្រទេស BRICS មានសមាជិកកើនឡើងដល់៤០ប្រទេស ដូចការអះអាងមែននោះ ប្លុកនេះនឹងមានឥទ្ធិពលខ្លាំងមិនធម្មតា ដែលមិនអាចមើលស្រាលបានឡើយទាំងផ្នែកហិរញ្ញវត្ថុ និងទំហំផលិតផលក្នុងស្រុកសរុប (GDP) ហើយអាចប្រកួតប្រជែងបានជាមួយរូបិយប័ណ្ណដុល្លារអាម៉េរិក និងបណ្ដាសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត។
លោក វ៉្លាឌីមៀ ពូទីន គ្រាន់តែបានអះអាងថា ប្រទេសចំនួន៣០ទៀត បានដាក់ពាក្យជាផ្លូវការសុំចូលរួមជាមួយប្លុកប្រទេស BRICS ក្នុងឆ្នាំ២០២៤ ប៉ុន្តែលោកមិនបានបញ្ជាក់ឈ្មោះប្រទេសទាំងនោះទេ។
ចាប់ពីឆ្នាំ២០២៥ ទៅមុខ ប្លុកប្រទេស BRICS អាចនឹងបង្កបញ្ហាប្រឈមដ៏ធំដល់រូបិយប័ណ្ណដុល្លារអាម៉េរិក ខណៈប្លុកនេះកំពុងពន្លឿនបេសកកម្មធ្វើបដិដុល្លារនីយកម្ម (De-dollarization) ឬការឈប់ប្រើប្រាស់រូបិយប័ណ្ណដុល្លារអាម៉េរិកនៅក្នុងការទូទាត់ពាណិជ្ជកម្មទូទាំងពិភពលោក ហើយនឹងគាស់រម្លើងអនុត្តរភាព ឬអានុភាពលើសលប់ផ្នែកហិរញ្ញវត្ថុរបស់លោកខាងលិច។ ដូច្នេះ ថាតើ ប្លុកប្រទេស BRICS នឹងអាចផ្តួលរំលំ ឬធ្វើឱ្យរូបិយប័ណ្ណដុល្លារអាម៉េរិកធ្លាក់ចុះខ្សោយឥទ្ធិពលនៅប៉ុន្មានឆ្នាំខាងមុខបានឬយ៉ាងណានោះ គឺមានតែពេលវេលាទេដែលអាចបញ្ជាក់ការពិត៕
ដោយ: តែម សុខុម