
ឯក ឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចង្អុលបង្ហាញថា ពិធីសម្ពោធ ធនាគារ ប្រ៊ីដនេះ គឺជាការឆ្លុះបញ្ចាំងពី ការរីកចម្រើននៃវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ធនាគារ ប្រ៊ីដ បានបង្ហាញពីការខិតខំប្រឹងប្រែង របស់ខ្លួនដោយបន្តវិវឌ្ឍខ្លួនឥតឈប់ឈរ ដោយកម្លាយខ្លួនពីធនាគារឯកទេស ទៅជា ធនាគារពាណិជ្ជ ដើម្បីផ្តល់ជូននូវដំណោះស្រាយតម្រូវការហិរញ្ញវត្ថុរបស់ប្រទេស។

ធនាគារ ប្រ៊ីដ បានប្តេជ្ញាចិត្តនឹងក្លាយជាធនាគារពាណិជ្ជ ដែល្អបំផុត ក្នុងការផ្តល់ជូនឧត្តមភាពនៃធនាគារ ព្រមទំាងការប្រឹក្សារកដំណោះស្រាយផ្នែកហិរញ្ញវត្ថុជូនអតិថិជន សហគ្រាសខ្នាតតូច និងនិងមធ្យម ក៏ដូចជាបង្កើននូវអតិថិជនដែលមានតម្រូវការធនាគារបែប ឌីជីថល ជាមួយនឹងសេវាធនាគារល្អបំផុតនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារប្រ៊ីដ បានគូសបញ្ជាក់ថា ការរៀបចំការសម្ពោធធនាគារនេះ ត្រូវបានធ្វើឡើងយ៉ាងមប្រុងប្រយ័ត្ន ដោយបានរៀបចំផែន ការយុទ្ធសាស្រ្តឆ្ពោះទៅមុខ និងពង្រឹងទំនាក់ទំនងជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីធានាបានថា ធនាគារបាន ដាក់ដំណើរការសេវាកម្មរបស់ខ្លួន ជាសាធារណៈជាមួយនឹងគុណភាពខ្ពស់។ អ្នកឧកញ៉ាបន្តថា បទពិសោធន៍សេវាធនាគារអតិថិជន គឺជាអាទិភាពធំបំផុតរបស់ធនាគារ ហើយធនាគារចង់ធ្វើឱ្យប្រាកដថា អតិថិជនរបស់ធនាគារមានភាពងាយស្រួល និងមានសុវត្ថិភាព។

សូមបញ្ជាក់ថា ធនាគារ ប្រ៊ីដ បានវិនិយោគ ទៅលើហេដ្ឋានរចនាសម្ព័នថ្មី បច្ចេកវិទ្យា និងធនធានមនុស្សជាចំបាច់។ ជាក់ស្តែង កាលពីឆ្នាំមុន ធនាគារបានវិនិយោគលើប្រព័ន្ធគ្រប់គ្រងសេវាបណ្ណ ជាមួយនឹងប្រព័ន្ធ ស្នូលធនាគារ បែបឌីជីថល និងសេវាធនាគារចល័តរបស់ខ្លួន។ នេះបើយោងតាម តាមប្រសាសន៍របស់លោក Richard Liew នាយកប្រតិបត្តិរបស់ធនាគារប្រ៊ីដ។ លើសពីនេះ ធនាគារ នឹងអាចផ្តល់សេវាកម្មយ៉ាងពេញលេញនៅមុនដំណាច់ឆ្នាំនេះ រួមទាំងសេវាធនាគារចល័ត ប័ណ្ណឥណពន្ធសម្រាប់ម៉ាស៊ីន ATM និងសេវាប័ណ្ណឥណទាន ដែលនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ ក្នុងពេលឆាប់ៗ នេះ។

ធនាគារ Bridge ត្រូវបានកម្លាយខ្លួនមកពីធនាគារឯកទេស WorldBridge Specialize Bank Plc បន្ទាប់ពីធនាគារឯកទេសមួយនេះ បានចាប់ផ្ដើមប្រតិបត្តិការតាំងពីឆ្នាំ២០១៤ ក្រោមការវិនិយោគទុនដោយក្រុមហ៊ុនសិង្ហបុរី Oxley Holdings និងក្រុមហ៊ុនក្នុងស្រុក WorldBridge Group៕