ស្របតាមទិសដៅ និងគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា (NBC) គំនិតផ្តួចផ្តើមនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ប៊្រីដ ក្នុងការចាប់ផ្តើមជំរុញការប្រើប្រាស់ប្រាក់រៀលខ្មែរពីក្នុងស្ថាប័នផ្ទាល់ ដោយផ្តល់ឱកាសឱ្យបុគ្គលិកបានប្រើប្រាស់ និងបង្កើនទំនុកចិត្តលើរូបិយប័ណ្ណជាតិក្នុងជីវភាពប្រចាំថ្ងៃ។ ការចូលរួមនេះក៏ជាផ្នែកមួយនៃការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ចក្នុងស្រុកផងដែរ។
លោកស្រី ពៅ សុភក្ត្រ័ អគ្គនាយិកាផ្នែកធនធានមនុស្ស នៃធនាគារ ប៊្រីដ បានមានប្រសាសន៍ថា៖
«នៅធនាគារ ប៊្រីដ យើងជឿជាក់ថា ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរ គួរតែចាប់ផ្តើមពីបុគ្គលិករបស់យើងផ្ទាល់។ តាមរយៈការទូទាត់ប្រាក់បៀវត្សជូនបុគ្គលិកជាប្រាក់រៀលខ្មែរ យើងមានបំណងលើកទឹកចិត្តឱ្យពួកគាត់កាន់តែងាយស្រួល និងមានទំនុកចិត្តក្នុងការប្រើប្រាស់រូបិយប័ណ្ណជាតិក្នុងជីវភាពប្រចាំថ្ងៃ។ គំនិតផ្តួចផ្តើមនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រអាទិភាពជាតិ តាមរយៈសកម្មភាពជាក់ស្តែង ព្រមទាំងផ្តល់ឱកាសឱ្យបុគ្គលិកគ្រប់រូបបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»។
លោក Richard Liew អគ្គនាយកប្រតិបត្តិនៃធនាគារ ប៊្រីដ បានមានប្រសាសន៍ថា៖
«ការសម្រេចចិត្តទូទាត់ប្រាក់បៀវត្សជូនបុគ្គលិកជាប្រាក់រៀលខ្មែរ មិនមែនគ្រាន់តែជាការផ្លាស់ប្តូរនីតិវិធីនៃការបើកប្រាក់បៀវត្សផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការទទួលខុសត្រូវរបស់យើងក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុមួយ ដែលមានបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។ យើងជឿជាក់ថា ការជំរុញការប្រើប្រាស់ប្រាក់រៀលខ្មែរតាមរយៈសកម្មភាពជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងទំនុកចិត្តលើរូបិយប័ណ្ណជាតិ និងគាំទ្រដល់សេដ្ឋកិច្ចក្នុងស្រុក។ ធនាគារ ប៊្រីដ នឹងបន្តប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបនឹងតម្រូវការរបស់អតិថិជន គាំទ្រអាទិភាពជាតិ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព»។
តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារ ប្រ៊ីដ បញ្ជាក់គោលជំហរសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការក្លាយជាដៃគូហិរញ្ញវត្ថុដ៏ទុកចិត្ត និងចូលរួមកសាងប្រព័ន្ធហិរញ្ញវត្ថុដែលមានភាពរឹងមាំ និងគាំទ្រដល់ការអភិវឌ្ឍនិងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រទេសកម្ពុជា៕