វិស័យការពារជាតិ

ក្រោយកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី តើស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនឹងវិវត្តទៅជាយ៉ាងណា?


នៅមុនកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ប្រមុខការទូតថៃ បានព្រមានកម្ពុជា ជាបន្តបន្ទាប់មិនឱ្យលើកយកបញ្ហាជម្លោះព្រំដែនទៅជជែកក្នុងវេទិកាអន្តរជាតិនេះឡើយ ដោយគំរាមថា វានឹងធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងបំផ្លាញការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ។
វិស័យការពារជាតិ
ដោយ

ទោះបីជាមានការព្រមានបែបនេះក្តី តែនៅក្នុងពិធីបើកកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រើវេទិកានេះលាតត្រដាងពីការឈ្លានពានរបស់ថៃ ដោយបានប្រាប់មេដឹកនាំប្រទេសនានាថា កម្ពុជា មិនមែនជាអ្នកបង្កជម្លោះនោះទេ និងទាមទារឱ្យថៃ ដោះស្រាយជម្លោះដោយសន្តិវិធី និងពន្លឿនការងារវាស់វែងខណ្ឌសីមាព្រំដែនឡើងវិញ ដើម្បីធានាថា ប្រជាពលរដ្ឋខ្មែរភៀសសឹកជាង២ម៉ឺននាក់អាចវិលត្រលប់ទៅផ្ទះសំបែងដើមវិញដោយសុវត្ថិភាព។ ការបកអាក្រាតទង្វើឈ្លានពាននេះកំពុងបង្កើតឱ្យមានការចោទជាសំណួរថា ក្រោយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី តើស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនឹងវិវត្តទៅជាយ៉ាងណា?

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ យល់ឃើញថា កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី នៅកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏ធំក្នុងការបង្ហាញពីព្រលឹងវប្បធម៌របស់កម្ពុជា ទៅកាន់សកលលោក។ សម្រាប់អ្នកជំនាញរូបនេះ ការបង្កអរិភាពពាក្យសម្ដីរបស់ថៃ ក្នុងគ្រាដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់នេះ គឺជាសង្រ្គាមចិត្តសាស្រ្ត ដើម្បីបង្កភាពតានតឹង និងទម្លាក់កំហុសច្រើនជាងការផ្ទុះអាវុធ។

ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា ចាត់ទុកការគំរាមកំហែងជាបន្តបន្ទាប់របស់ថៃមកលើកម្ពុជា នាពេលថ្មីៗនេះ គ្រាន់តែជាយុទ្ធសាស្រ្តគាបសង្កត់ ដើម្បីបំបាក់ស្មារតីកម្ពុជាកុំឱ្យប្រើប្រាស់វេទិកាអន្តរជាតិ ឬច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ សម្រាប់អ្នកជំនាញរូបនេះការប្រកាន់យកគោលការណ៍ច្បាប់អន្តរជាតិ គឺនៅតែជាខែលការពារដ៏សំខាន់សម្រាប់កម្ពុជា។

ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញភូមិសាស្ត្រនយោបាយ យល់ឃើញថា កម្ដៅនយោបាយទំនងមិនអាចកើតឡើងខ្លាំងនោះទេ ប៉ុន្តែភាគីថៃ ទំនងជានឹងយកលេសពីការលើកឡើងរបស់ថ្នាក់ដឹកនាំកម្ពុជា ដើម្បីពន្យារពេលការចរចា ឬធ្វើឱ្យដំណើរការយន្តការ JBC ត្រូវរាំងស្ទះ។ បន្ថែមលើនេះ ក្រុមយោធាថៃ អាចធ្វើសកម្មភាពបង្កហេតុផ្សេងៗនៅតាមព្រំដែន។ ទោះជាបែបនេះក្ដី លោកបណ្ឌិត គិន ភា កត់សម្គាល់ឃើញថា វិស័យការទូតរបស់កម្ពុជា កំពុងទទួលបានការគាំទ្រច្រើនពីមជ្ឈដ្ឋានអន្តរជាតិ។

សូមរំលឹកថា នៅមុនកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានព្រមានកម្ពុជា កុំឱ្យលើកយកបញ្ហាជម្លោះព្រំដែនទ្វេភាគីទៅជជែក ឬដាក់បញ្ចូលក្នុងឯកសារ នៃកិច្ចប្រជុំកំពូលនេះ ដោយសង្កត់ធ្ងន់ថា ទង្វើបែបនេះនឹងបំផ្លាញការកសាងទំនុកចិត្ត និងធ្វើឱ្យភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែធ្ងន់ធ្ងរ។

ទោះបីជាមានការព្រមានបែបណាក៏ដោយ តែសម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានទម្លាយការពិតប្រាប់ប្រធានាធិបតីបារាំង និងប្រមុខរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំប្រទេសជាច្រើនថា បទឈប់បាញ់រវាងកម្ពុជា និងថៃនៅតែមានភាពផុយស្រួយ ហើយផ្នែកខ្លះនៃអធិបតេយ្យរបស់កម្ពុជា នៅតែត្រូវបានកងទ័ពថៃ កាន់កាប់ ហើយបានជំរុញឱ្យថៃ គោរពកិច្ចព្រមព្រៀង ដែលមានស្រាប់ និងពន្លឿនការងារវាស់វែងខណ្ឌសីមាព្រំដែនឡើងវិញ។

ភ្លាមៗនោះ លោក អានុទីន នាយករដ្ឋមន្ត្រីថៃ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួនឆ្លើយតបនឹងសុន្ទរកថារបស់សម្តេចធិបតី ដោយដើរជាអ្នកស្រឡាញ់សន្តិភាព និងស្ថិរភាព និងបានអះអាងថា សកម្មភាពរបស់ថៃ នៅតាមព្រំដែន គឺធ្វើឡើងក្នុងគោលបំណង ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសុវត្ថិភាពរបស់ពលរដ្ឋថៃ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


កម្ពុជា ដាក់គោលដៅប្រែក្លាយជាច្រកទ្វារហិរញ្ញវត្ថុតភ្ជាប់ទីផ្សាររវាងប្លុកហ្វ្រង់កូហ្វូនី និងអាស៊ាន

នៅក្នុងវេទិកាបើកព្រឹត្តិការណ៍ ហ្រ្វង់កូតិច ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់មួយនៃកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយ…

សហគ្រិនខ្មែរ ប្រកាសអបអរសាទរជ័យលាភីនៃកម្មវិធីប្រកួតប្រជែងកាត់ដេរ និងវាយនភណ្ឌ រដូវកាលទី៤

ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ – សហគ្រិនខ្មែរ បានរៀបចំ “ពិធីប្រគល់ពានរង្វាន់ ការប្រកួតប្រជែងកាត់ដេរ និងវាយនភណ្ឌ រដូវកាលទី៤”។ កម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ