ជាក់ស្ដែង ក្រោយពេលអូស្ត្រាលី បានប្រកាសថានឹងមិនបញ្ជូនមន្ត្រីការទូតរបស់ខ្លួនទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅចិន មិនបានប៉ុន្មានថ្ងៃផង ឥឡូវនេះ អង់គ្លេស និងកាណាដាឯណោះវិញ បានប្រកាសដែរថា ពួកគេនឹងធ្វើពហិការការទូត ដោយមិនបញ្ជូនមន្ត្រីរបស់ខ្លួនទៅចូលរួមកីឡាអូឡាំពិកនៅក្រុងប៉េកាំងដូចគ្នាដែរ ខណៈដែលខាងភាគីចិនវិញ បានហៅការធ្វើពហិការការទូតរបស់ប្រទេសទាំងអស់នេះថា គឺជាការកេងចំណេញនយោបាយ និងជាការធ្វើយុទ្ធនាការលាបពណ៌មកលើប្រទេសចិនតែម្ដង។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
សហរដ្ឋអាមេរិក គឺជាប្រទេសដំបូងគេ នៅសប្ដាហ៍នេះ បានប្រកាសពីការធ្វើពហិការការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដែលនឹងធ្វើឡើងនៅទីក្រុងប៉េកាំងប្រទេសចិននៅឆ្នាំក្រោយនេះ ក្រោមហេតុផលថា មានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសចិន។ ការប្រកាសឡើងរបស់អាមេរិកយ៉ាងដូច្នេះ គឺធ្វើឡើងនៅក្រោយពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រមុខដឹកនាំប្រទេសទាំងពីរ គឺចិន និងអាមេរិក បានជួបពិភាក្សាគ្នាក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ។
ក្រោយពីអាមេរិកប្រកាសធ្វើពហិការការទូត ប្រទេសចិនឯណោះវិញ នៅថ្ងៃអង្គារសប្ដាហ៍នេះ ក៏បានព្រលះចំៗទៅកាន់អាមេរិកដែរថា អាមេរិកត្រូវសងត្រឡប់មកវិញក្នុងតម្លៃណាមួយ ចំពោះការសម្រេចចិត្តរបស់ខ្លួន ហើយចិនក៏បានព្រមានទៀតថា នឹងចាត់វិធានការប្រឆាំងតបតទៅអាមេរិកវិញ ប៉ុន្ដែ មិនទាន់បញ្ជាក់លម្អិតពីវិធានការនេះនៅឡើយទេ។
យ៉ាងណាក៏ដោយចុះ ថ្មីៗនេះដែរ នាយករដ្ឋមន្ត្រី កាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយថា ទីក្រុងប៉េកាំង នឹងបានដឹងអំពីការព្រួយបារម្ភជាយូរមកហើយរបស់ប្រទេសលោកខាងលិច អំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិន។ ដូច្នេះ វាមិនមានអ្វីគួរភ្ញាក់ផ្អើលទេ ដែលលោកខាងលិចសម្រេចចិត្តមិនបញ្ជូនតំណាងមន្ត្រីការទូតទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉េកាំងនោះ។
ការប្រកាសឡើងរបស់នាយករដ្ឋមន្ត្រីកាណាដាបែបនេះ ត្រូវបានគេមើលឃើញថា កំពុងបន្ថែមភាពតានតឹងកាន់តែខ្លាំងថែមទៀត ទៅលើទំនាក់ទំនងរវាងកាណាដា និងចិន ដែលបច្ចុប្បន្នកំពុងមានភាពអាប់អួររួចទៅហើយនោះ រាប់ចាប់តាំង ពីកាណាដាបានចាប់ឃុំខ្លួនប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ទៅតាមការដីការរបស់សហរដ្ឋអាមេរិកមកម្ល៉េះ។ ជុំវិញនឹងបញ្ហានេះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសកាណាដាឯណោះវិញ ក៏បានចោទលោក ចាស្ទីន ទ្រូដូ ថាបាននិយាយខុសពីការពិត។
ដោយឡែក នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុនវិញ ថ្មីៗនេះ ក៏បានលើកឡើងដែរថា អង់គ្លេសក៏នឹងមានការធ្វើពហិការការទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងដូចគ្នាដែរ ដោយអង់គ្លេសមិនចាត់ឲ្យរដ្ឋមន្ត្រី និងមន្ត្រីផ្សេងទៀតចូលរួមនោះឡើយ។ ទោះយ៉ាងណា ភាគីចិនវិញ ក៏បានអះអាងដែរថា ខ្លួនមិនបានអញ្ជើញមន្ត្រីរដ្ឋាភិបាលអង់គ្លេសឲ្យចូលរួមនោះដែរ។
ស្ថានទូតចិននៅកាណាដាបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា
ផ្អែកទៅលើភាពលម្អៀងខាងមនោគមវិជ្ជា ក៏ដូចជាការកុហកបោកប្រាស់
និងពាក្យចចាមអារ៉ាម កាណាដា និងប្រទេសលោកខាងលិចមួយចំនួន
បានចូលរួមយ៉ាងសកម្មក្នុងការធ្វើនយោបាយ ដោយមានការប៉ុនប៉ង
ដើម្បីរំខានដល់ដំណើរការរលូននៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដែលនឹងប្រារព្ធឡើងនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន។
ស្ថានទូតចិន បានសង្កត់ធ្ងន់ទៀតថា
សកម្មភាពស្ដែងចេញនូវភាពច្របូកច្របល់របស់ប្រទេសលោកខាងលិចទាំងអស់នេះ
ធ្វើឲ្យពួកគេស្ទើរតែរកមិនបានការគាំទ្រណាមួយឡើយ
ហើយនឹងត្រូវបរាជ័យថែមទៀតផង។