មែនទែនទៅ នូវែលសេឡង់គឺជាប្រទេសចុងក្រោយគេហើយ ដែលបានរឹងបន្តឹងការប្រើប្រាស់កម្មវិធីសង្គមរបស់ចិនមួយនេះ។ ការព្រួយបារម្ភពីបញ្ហសន្តិសុខនេះបានកើនឡើងខ្លាំងនៅមួយរយៈចុងក្រោយនេះស្ទើរតែពេញពិភពលោកទៅហើយពិសេសប្រទេសនៅអឺរ៉ុប ដែលចោទប្រកាន់ថាវាត្រូវបានប្រើប្រាស់ក្នុងការកំណត់ទីតាំង និងទាញព័ត៌មានរស៊ើបៗរបស់អ្នកប្រើប្រាស់ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។
បើតាមការប្រកាសព័ត៌មានដោយរដ្ឋាភិបាលនូវែលសេឡង់ TikTok នឹងត្រូវបានហាមប្រាម និងបិទឈប់ឱ្យប្រើប្រាស់ទាំងស្រុងលើឧបករណ៍ទាំងឡាយណាដែលភ្ជាប់ទៅកាន់ទៅកាន់បណ្តាញនៅក្នុងសភានៃប្រទេសនេះ គិតត្រឹមដំណាច់ខែមីនានេះតែម្តង។
យោងតាមលោក Rafael Gonzalez-Montero នាយកប្រតិបត្តិទទួលបន្ទុកផ្នែលសេវាកម្មនៃសភាបានប្រាប់រ៉យទ័រតាមអ៊ីម៉ែលថា ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីការណែនាំនៃអ្នកជំនាញផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងការពិភាក្សាគ្នាក្នុងជួររដ្ឋាភិបាលក្នុងប្រទេស»។ លោកបានបន្ថែមថា ដោយផ្អែកលើព័ត៌មាននេះ យើងបានប្តេជ្ញាថានឹងទប់ស្កាត់ជាមុខ ព្រោះវាពិតជាមិនអាចទទួលយកបានឡើយនៅក្នុងបរិយាកាសសភានូវែលសេឡង់បច្ចុប្បន្ននេះ។
ជួនចំពេលជាមួយគ្នានេះ ចក្រភពអង់គ្លេសនៅថ្ងៃសុក្រ ទី ១៦ នេះដែរ បានសម្រេចបិទកម្មវិធីសង្គមមួយនេះលើទូរស័ព្ទ និងឧបករណ៍ភ្ជាប់ផ្សេងទៀតនៃរដ្ឋាភិបាលទីក្រុងឡុងដ៍។ តាមរយៈរដ្ឋមន្រ្តីប្រចាំការនៅទីស្តីការគណៈរដ្ឋមន្ត្រីអង់គ្លេស លោក Oliver Dowden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក៏ព្រោះសុវត្ថិភាពនៃព័ត៌មានរសើបរបស់រដ្ឋាភិបាល ដូច្នេះហើយថ្ងៃនេះយើងសម្រេចបិទកម្មវិធីលើឧបករណ៍រដ្ឋាភិបាល»។ ហើយកម្មវិធីដែលអាចទាញយកទិន្នន័យផ្សេងទៀតក៏កំពុងស្ថិតក្រោមការតាមដាន និងឃ្លាំមើលផងដែរ»។
ទោះជាយ៉ាងណា លោក Dowden បានសង្កត់ធ្ងន់ថា ការហាមប្រាមនេះគឺនឹងមិនចាត់បញ្ចូលការប្រើប្រាស់នៃបុគ្គលិករដ្ឋាភិបាល និងរដ្ឋមន្ត្រីបែបលក្ខណៈឯកជនោះឡើយ ពោលគឺបិទតែទៅលើឧបករណ៍រដ្ឋាភិបាលដែលបំពេញការងារដ្ឋតែប៉ុណ្ណោះ»។
យ៉ាងណាមិញ ក្រុមហ៊ុន TikTok បាននិយាយជាច្រើនដងរួចមកហើយដោយខ្លួនជឿថា ការបិទជាបន្តបន្ទាប់ពីរដ្ឋាភិបាលប្រទេសលោកខាងលិខមួយចំនួននេះ គឺផ្អែកលើការយល់ខុសជាមូលដ្ឋាន និងដឹកមុខដោយការប្រជែងនៃភូមិសាស្រ្តនយោបាយ ជាជាងភាពពិតជាក់ស្តែងនៃបញ្ហាសន្តិសុខនោះ ព្រោះបើតាមក្រុមហ៊ុននេះបានឱ្យដឹងថា ខ្លួនបានចំណាយប្រាក់ជាង ១,៥ ពាន់លានដុល្លាររួចមកហើយ លើការត្រួតពិនិត្យសុវត្ថិភាពទិន្នន័យយ៉ាងម៉ត់ចត់ និងគ្មានឡើយការជ្រៀតចូលនៃប្រព័ន្ធចារកម្ម។