វិស័យផ្លូវដែក

ព្រុយណេ គ្រោងសាងសង់ផ្លូវដែកល្បឿនលឿនខ្នាតយក្សតភ្ជាប់៣ប្រទេស មានតម្លៃរហូតដល់៧០ពាន់លានដុល្លារអាម៉េរិក


ប្រទេសព្រុយណេ គ្រោងសាងសង់ផ្លូវដែកល្បឿនលឿនខ្នាតយក្សប្រវែងជាង១,៦០០គីឡូម៉ែត្រតភ្ជាប់ជាមួយឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដោយគ្រោងចំណាយរហូតដល់ទៅ៧០ពាន់លានដុល្លារអាម៉េរិក។ គម្រោងផ្លូវដែកល្បឿនលឿនជាប្រវត្តិសាស្ត្រនេះត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ដាក់សំណើជូនរដ្ឋាភិបាលរួចរាល់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
វិស័យផ្លូវដែក
ដោយ

ក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប៊្រូណឺជី អ៊ូតាម៉ា (Brunergy Utama) ដែលមានមូលដ្ឋាននៅប្រទេសព្រុយណេ បានបង្ហាញសំណើសុំអភិវឌ្ឍន៍គម្រោងផ្លូវដែក ឬផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់នៅលើកោះឥណ្ឌូនេស៊ី មានឈ្មោះថា ប័រណេអូ (Borneo) ដែលនឹងតភ្ជាប់ប្រទេសព្រុយណេ ជាមួយប្រទេសជិតខាងធំៗពីរ រួមមាន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី រួមទាំងក្រុងនូសានតារា (Nusantara) ដែលជារដ្ឋធានីថ្មី នាពេលអនាគតរបស់ឥណ្ឌូនេស៊ី ផងដែរ។

ក្រុមហ៊ុនដែលបានចាប់ផ្តើមបើកដំណើរការដំបូងជាក្រុមហ៊ុនប្រេង និងឧស្ម័នមុនពេលប្តូរទៅជាក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធខាងលើនេះបានបង្ហាញគម្រោងខ្នាតយក្សនេះកាលពីចុងសប្តាហ៍មុន ដោយនិយាយថា គម្រោងផ្លូវដែកល្បឿនលឿនដែលមានឈ្មោះថា Trans-Borneo Railways នេះនឹងលាតសន្ធឹងរហូតដល់ទៅ១.៦២០គីឡូម៉ែត្រពីភាគខាងលិចឆ្ពោះទៅភាគខាងកើតនៃកោះប័រណេអូ ដោយរត់កាត់ប្រទេសអាស៊ានទាំង៣ខាងលើនេះ។

កោះប័រណេអូ របស់ឥណ្ឌូនេស៊ី ជាប់ឈ្មោះជាកោះធំបំផុតទី៣ ក្នុងពិភពលោកដោយមានផ្ទៃដីជិត៧៥ម៉ឺនគីឡូម៉ែត្រការ៉េ ជាមួយនឹងប្រជាជនជាង២៣លាននាក់។

សូមបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងរើរដ្ឋធានីរបស់ខ្លួនពីហ្សាកាតា ទៅកាន់ទីក្រុងថ្មី នូសានតារា (Nusantara) ដែលកំពុងសាងសង់នៅលើកោះនេះជាបណ្ដើរៗចាប់ពីឆ្នាំនេះ។

យោងតាមសំណើបានបង្ហាញថា គម្រោងបណ្តាញផ្លូវដែកល្បឿនលឿននេះនឹងមានស្ថានីយធំៗចំនួន៤ រួមជាមួយនឹងស្ថានីយតូចៗសរុបចំនួន២៤ផ្សេងទៀត ដែលអាចអនុញ្ញាតឱ្យរថភ្លើងរត់បានក្នុងល្បឿនរហូតដល់ទៅ៣៥០គីឡូម៉ែត្រក្នុង១ម៉ោង។

តាមការប៉ាន់ប្រមាណ គម្រោងខ្នាតយក្សនេះគ្រោងចំណាយរហូតដល់ទៅ៧០ពាន់លានដុល្លារអាម៉េរិកឯណោះ។ ទោះជាយ៉ាងណា ទស្សនវិស័យនៃគម្រោងខ្នាតយក្សរួមទាំងការចូលរួមពីសំណាក់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីផងដែរនោះនៅតែមិនទាន់ច្បាស់លាស់នៅឡើយទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


បណ្ដាវិនិយោគិនចិន បន្តរើទីតាំងផលិតកម្មទៅវៀតណាម ដើម្បីគេចពីពន្ធគយរបស់សហរដ្ឋអាម៉េរិក

ចំនួនរោងចក្រសហគ្រាសរបស់ចិន ដែលរើទីតាំងផលិតកម្មទៅកាន់ប្រទេសវៀតណាម បានកើនឡើងចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីរបស…

វៀតណាម រំពឹងរកចំណូលបានជាង៧ពាន់លានដុល្លារពីការនាំចេញបន្លែ និងផ្លែឈើ

ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម ត្រូវបានក្រុមមន្រ្តីរំពឹងថា នឹងសម្រេចបានក្នុងរង្វង់៧,៥ ពាន់លានដុល្លារនៅឆ្នាំនេះ ដោយក្នុងនោះជាង៥ពាន់លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ