
លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា តាមរយៈបទពិសោធន៍គ្រោះរញ្ជួយដី ដែលបានកើតឡើងនៅប្រទេសជិតខាងបណ្តាលឱ្យមានការដួលរលំអគារ វាជាពេលវេលាដែលកម្ពុជា គួរគិតគូលើបច្ចេកទេសក្នុងការសាងសង់ឱ្យបានកម្រិតខ្ពស់ដើម្បីទប់ស្កាត់ហានិភ័យនាថ្ងៃអនាគត។ តាមរយៈហេតុការណ៍ដ៏រន្ធត់នេះ អ្នកជំនាញរូបនេះជឿជាក់ថា ក្រសួងស្ថាប័នពាក់ព័ន្ធអាចនឹងដាក់ចេញគោលការណ៍ក្នុងការសាងសង់នៅពេលណាមួយនាពេលខាងមុខ។ បើតាមលោក ស៊ា ឆៃលីន បច្ចុប្បន្នមានអគារ និងស្ពានមួយចំនួននៅកម្ពុជា ត្រូវបានសាងសង់ឡើងតាមបទដ្ឋានបច្ចេកទេសដែលកាត់បន្ថយហានិភ័យបាក់ស្រុតពីគ្រោះធម្មជាតិ។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា កម្ពុជាល្មមដល់ពេលគួរសិក្សាបច្ចេកទេសក្នុងការសាងសង់អគារពីបណ្ដាប្រទេសនានា ដែលធ្លាប់កើតមានគ្រោះរញ្ជួយដី ដើម្បីធ្វើយ៉ាងទប់ស្កាត់ហានិភ័យដែលអាចកើតមានឡើងពីគ្រោះធ្មជាតិ នៅថ្ងៃអនាគត។ ជាក់ស្ដែងការកើតមានគ្រោះរញ្ជួយដីនៅប្រទេសជិតខាងកម្ពុជា គឺជាបទពិសោធន៍មួយទាមទារឱ្យមានការគិតគូរ និងត្រូវបំពេញចន្លោះប្រហោងបន្ថែមទៀតលើការសាងសង់អគារ។
ដោយឡែក លោក ប៉ូ អ៊ាវគង់ នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត យល់ឃើញថា តាមរយៈបទពិសោធន៍ដែលកើតមានលើប្រទេសជិតខាង ទាមទារឱ្យការសាងសង់អគារខ្ពស់ៗនៅកម្ពុជា គួរប្រើប្រាស់បច្ចេកក្នុងការសាងសង់ឱ្យបានខ្ពស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយហានិភ័យនានា។ បើតាមអ្នកជំនាញរូបនេះ ការសាងសង់អគារនៅកម្ពុជា នាពេលកន្លងមកនេះ មានបំពាក់ត្រឹមឧបករណ៍ពន្លត់អគ្គិភ័យតែប៉ុណ្ណោះ៕
អត្ថបទ៖ បូ ដូឡា