ទស្សនៈ

ខ្មែរ​ជំនាន់​នេះ​និង​ជំនាន់​ក្រោយៗ​ត្រូវតែ​​ខ្លាំង! ហេតុ​អ្វី?


អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​មួយ​រូប​ បាន​បញ្ចេញ​ទស្សនៈ​ថា អំណេះ​តទៅ យុវជន​ខ្មែរ​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​ខ្លួន​ឲ្យ​បាន​ខ្លាំង និង​ឲ្យ​កាន់​តែ​ឆ្លាត​វៃ​ខ្លាំង​ឡើងៗ។ តើ​ហេតុ​អ្វី​បាន​ជា​អ្នក​ជំនាញ​សេដ្ឋកិច្ច​និយាយ​យ៉ាង​ដូច្នេះ?
សិស្ស​សាលា​នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង (AII) ថតរូបភាព​អនុស្សាវរីយ៍​ពេល​ទទួល​សញ្ញាបត្រ​បញ្ចប់​ការសិក្សា។ រូបភាព៖ AII
ដោយ

លោក ង៉ែត ជូ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​មួយ​រូប​ នៅ​កម្ពុជា បាន​ផ្ដល់​ហេតុផល​​​គាំទ្រ​ទស្សនៈ​របស់​លោក​ខាង​លើ ដូច​ខាងក្រោម៖ 

១. កត្តា​សកល​ភាវូបនីយ​កម្ម​និង​សមាហរណកម្ម​ក្នុង​តំបន់៖ 

ការបើក​ចំហ​ទីផ្សារ​បង្ក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ទូលំ​ទូលាយ ទាំង​ទំនិញ សេវាកម្ម និង​ធនធាន​មនុស្ស។ ជាក់ស្តែង ដោយ​ខ្វះ​ចំណេះ​ជំនាញ ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ១​លាន​នាក់ បាន​និង​កំពុង​ធ្វើ​ជា​កម្មករ​នៅ​ប្រទេស​ថៃ។

២. កត្តា​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា៖ 

ការ​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម ដូចជា Facebook និង​មធ្យោបាយ​ក្នុង​ការ​ទំនាក់​ទំនង​ផ្សេងៗ​ទៀត បាន​ផ្តល់​នូវ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បំពេញ​ការងារ​គ្រប់​វិស័យ។

ខ្មែរ​ជំនាន់​នេះ​និង​ជំនាន់​ក្រោយៗ​ត្រូវ​មាន​សមត្ថភាព​និង​ភាព​ឆ្លាតវៃ​កាន់​តែ​ខ្លាំង​ឡើងៗ
— ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Emerging Markets Consulting (EMC)

៣. កត្តា​កម្រ​នៃ​ធនធាន​ធម្មជាតិ និង​មូលធន​សង្គម៖ 

ធនធាន​ធម្មជាតិ ដូចជា ត្រី ព្រៃឈើ និង​ធនធាន​រ៉ែ​ផ្សេងៗ​ទៀត​ត្រូវ​បាន​បំផ្លាញ ក្នុង​ខណៈ​ដែល​ចំនួន​ប្រជាជន​មាន​ការ​កើន​ឡើង​រហូត​ដល់​ជាង ១៥​លាននាក់។ បន្ថែម​លើ​ភាព​កម្រ​នៃ​ធនធាន​ធម្មជាតិ មូលធន​សង្គម (social capital) ក៏​ធ្លាក់​ចុះ​យ៉ាង​គំហុក។ កាល​ពី​សម័យ​មុន កសិករ​អាច​ច្រូត​ស្រូវ​ដោយ​​ប្រវាស់​ដៃ​គ្នា ប៉ុន្តែ​សម័យ​នេះ កសិករ​ត្រូវ​តែ​មាន​ថវិកា​ដើម្បី​ជួល​កម្មករ​ច្រូត​ស្រូវ។ និយាយរួម ការរស់​នៅ​ដោយ​ពឹងពាក់​គ្នា​មាន​ការ​ថយ​ចុះ​ខ្លាំង។

៤. កត្តា​នៃ​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​សេដ្ឋកិច្ច៖ 

ការប្តូរ​ពី​សេដ្ឋកិច្ច​បែប​សាច់​ប្រាក់ (cash economy) ទៅ​ជា​សេដ្ឋកិច្ច​បែប​ហិរញ្ញវត្ថុ (finance economy) ធ្វើ​ឲ្យ​ប្រព័ន្ធ​សេដ្ឋកិច្ច​ទាំងមូល​កាន់តែ​មាន​ភាព​ស្មុគ្រ​ស្មាញ។ ឧទាហរណ៍ ដូចជា ការ​ប្តូរ​ពី​ទិញ​ផ្ទះ​ដោយ​សាច់​ប្រាក់​សុទ្ធ​ទៅ​ជា​ទិញ​ផ្ទះ​ដោយ​ប្រើ​កម្ចី​ពី​ធនាគារ។ 

(រូបភាព៖ វិទ្យាស្ថាន AII)

ដូច្នេះ ទាមទារ​ឲ្យ​ពលរដ្ឋ​មាន​ចំណេះដឹង​ទូលំ​ទូលាយ​ផ្នែក​ទីផ្សារ និង​ហិរញ្ញវត្ថុ ពោល​គឺ​ចេះ​ប្រកប​របរ​អាជីវកម្ម ចេះ​វិនិយោគ ចេះ​ប្រើ​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ប៉ិន​ប្រសប់​ ដឹងថា គួរ​ខ្ចី​ប្រាក់​ពី​ធនាគារ​ដើម្បី​អ្វី? គួរ​សន្សំ​ប្រាក់​ជាមួយ​ធនាគារ ឬទេ? ហេតុអ្វី​បាន​ជា​ត្រូវ​ទិញ​សេវា​ធានា​រ៉ាប់រង? ។ល។ 

ជាងនេះ​ទៅ​ទៀត ពិភពលោក​ទាំង​មូល​បាន​ឈាន​ដល់​យុគ​សម័យ​សេដ្ឋកិច្ច​បែប​បច្ចេកវិទ្យា​ទំនើប(digital economy) ទៀត​ផង។

៥. កត្តា​នៃ​របត់​នយោបាយ៖ 

នៅក្នុង​បរិបទ​ប្រទេស​ប្រជាធិបតេយ្យ ពលរដ្ឋ​ត្រូវ​មាន​ការ​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​និង​សង្គម​កិច្ច។ អ្នក​នយោបាយ​កាន់​តែ​ឆ្លាត (ទាំង​អ្នក​នយោបាយ​ល្អ និង​អ្នក​នយោបាយ​អាក្រក់)។ ដូច្នេះ ដើម្បី​មាន​សមត្ថភាព​ក្នុង​ការ​ជ្រើស​រើស​បាន​អ្នក​នយោបាយ​ល្អ​ឲ្យ​ដឹកនាំ​ប្រទេស ពលរដ្ឋ​ត្រូវ​តែ​មាន​ភាព​ឆ្លាតវៃ​ខ្លាំង៕

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Emerging Markets Consulting (EMC)។ អត្ថបទ​ខាង​លើ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​លោក ង៉ែត ជូ និង​មិន​ឆ្លុះ​បញ្ចាំង​ទស្សនៈ​របស់ Cambonomist.com ទេ។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ហា​ខ្វះ​ទីផ្សារ​បង្ខំ​ឲ្យ​កសិករ​ខ្មែរ​បោះបង់​ចោល​កសិកម្ម ចាក​ចោល​ស្រុក​កំណើត?

ព័ត៌មាន
ក្នុងមួយឆ្នាំៗ ប្រជាកសិករ​តែង​តែ​ជួប​បញ្ហា​ប្រឈម រអ៊ូរទំា និង​ការត្អូញត្អែរ ពីតម្លៃ​កសិផល​របស់​ខ្លួន​លក់​មិន​ចេញ ឬ ធ្លាក់ថ្លៃ។ បញ្ហា​ទាំ…

ជន​បរទេស​៣​រូប​ដែល​ជួយ​ខ្មែរ​លេច​ធ្លោ​ជាង​គេ

ព័ត៌មាន
លោកអ្នក​នាង​ខ្លះ​ប្រាកដ​ជា​បាន​​ដឹង​ឮ​តាម​រយៈ​ការ​អាន​ព័ត៌មាន ឬ​ការ​ផ្សព្វផ្សាយ​ផ្សេងៗ អំពី​ភាព​ល្បីល្បាញ​របស់​ជន​បរទេស​មួយ​ចំនួន ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ