ស្របពេលកម្ពុជាមានមហិច្ឆតាចង់ប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដូច្នេះកម្ពុជាត្រូវការធនធានមានសក្តានុពល និងមានសមត្ថភាព។
ថ្លែងនាពិធីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលប្រកាន់របបទីផ្សារសេរី និងសមាហរណកម្មពិភពលោក ដូច្នេះហើយកម្ពុជា ត្រូវមានការប្រកួតប្រជែងជាមួយប្រទេសដទៃ ហើយដើម្បីអាចប្រកួតប្រជែងបាន គឺត្រូវការធនធានមនុស្សដែលមានគុណភាពដើម្បីអាចជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ស្របពេលដែលកម្ពុជាបានដាក់មហិច្ឆតាក្លាយទៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ សម្តេចធិបតី បានអះអាងថា គ្មានអ្នកណាមួយអាចហាមកម្ពុជា មិនឱ្យមានមហិច្ឆតាធំដើម្បីការអភិវឌ្ឍនោះទេ ដ្បិតថាទាល់តែដាក់ទិសដៅខ្ពស់ ទើបខំប្រឹងអស់លទ្ធភាព ដើម្បីធានានូវភាពម្ចាស់ការរបស់ខ្លួនបាន ជាពិសេសតាមរយៈការកសាងនូវធនធានមនុស្សនេះតែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ឃើញថា ធនធានមនុស្សនៅកម្ពុជាបច្ចុប្បន្ន គឺមានសមត្ថភាពខ្លាំង និងអាចប្រកួតប្រជែងជាមួយធនធានមនុស្សនៃប្រទេសដទៃបានផងដែរ ឱ្យតែមានការផ្តល់ឱកាស ។
តួយ៉ាងកាលពីពេលថ្មីៗ កម្ពុជាទើបទទួលបានពាន់រង្វាន់លេខមួយ មេដាយមាស លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ានប្រចាំឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ក្នុងកម្មវិធីថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល (verify.gov.kh)។
សម្ដេចធិបតីបានបន្ថែមថា មុនមានកូវីដ-១៩ គឺ២០ឆ្នាំក្រោយពីបញ្ចប់សង្គ្រាម សេដ្ឋកិច្ចកម្ពុជា បានស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចដើរលឿនជាងគេទាំង១០នៅលើពិភពលោក ក្នុងអត្រាកំណើនរង្វង់៧%ក្នុងមួយឆ្នាំ ដែលនេះជាឧទាហរណ៍ជាក់ស្តែងបង្ហាញថា កម្ពុជាអាចបិទគម្លាតសេដ្ឋកិច្ចជាមួយប្រទេសដទៃ ប្រសិនកម្ពុជាមានឱកាស។
សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ដោយមានយុទ្ធសាស្ត្រទី១ ផ្ដោតជាចម្បងលើការ អភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្មកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិប្រកបដោយបរិយាបន្ន និងភាពធន់៕