
បន្ទាប់ពីរៀបចំបានជោគជ័យកាលពីឆ្នាំទៅមិញ ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ អនុស្សា នឹងរៀបចំឲ្យមានសន្និសីទធុរកិច្ច៖ រៀនធ្វើជំនួញ លើកទី២ នៅចុងខែតុលា ខាងមុខនេះទៀត ដោយផ្ដោតទៅលើប្រធានបទសំខាន់៖ «ចាប់ផ្ដើមកុំឲ្យក្ស័យធន»។
នេះជាសន្និសីទធុរកិច្ចប្រចាំឆ្នាំដ៏ធំមួយ ដែលផ្ដល់ឱកាសឲ្យអ្នកដែលស្រលាញ់ការរកស៊ីនិងចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន និស្សិត និងអ្នកជំនួញថ្មីថ្មោង ចូលរួមស្ដាប់ការចែករំលែកបទពិសោធន៍ពីអ្នករកស៊ីដែលមានពិសោធន៍ និងជោគជ័យរួចហើយ ព្រមទាំងសួរសំណួរទាក់ទងនឹងការគ្រប់គ្រងអាជីវកម្ម និងគន្លឹះនានាដែលអាចនាំមកនូវភាពជោគជ័យសម្រាប់អាជីវកម្ម។

សហគ្រិនវ័យក្មេង លោក សេង ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន អនុស្សា ឲ្យដឹងថា សន្និសីទធុរកិច្ចឆ្នាំនេះគឺប្លែកជាងកាលពីឆ្នាំទៅមិញបន្តិច ដោយកាលពីឆ្នាំមុន សន្និសីទធុរកិច្ចផ្ដោតសំខាន់ទៅលើការជំរុញសហគ្រិនភាព ដើម្បីឲ្យយុវជននិងអ្នកដែលចាប់អារម្មណ៍នឹងការរកស៊ី អាចចាប់ផ្ដើមអាជីវកម្មបាន។ ប៉ុន្តែ ឆ្នាំនេះ យើងផ្ដោតទៅលើការបង្កើនជំនាញរបស់ពួកគាត់ និងបង្កើនអត្រាជោគជ័យឲ្យបានច្រើនជាងមុន ពោលគឺ បង្កើនការត្រៀមលក្ខណៈ ឬការរៀបចំខ្លួនឲ្យបានប្រសើរជាងមុន និងបន្ថយហានិភ័យ។
លោក ពិសិដ្ឋ ថ្លែងថា ៖ «សន្និសីទឆ្នាំនេះ យើងចង់ពញ្ញាក់ស្មារតីអ្នកចូលរួមថា ការរកស៊ី មិនមែនធ្វើតាមតែចិត្តនឹកឃើញចង់នោះទេ។ យើងត្រូវមានជំនាញ ការត្រៀមលក្ខណៈ ឬរៀបចំខ្លួនឲ្យរួចរាល់ និងត្រូវយល់ដឹងពីចំណុចមួយចំនួនដែលនាំឲ្យយើងបរាជ័យ។ ដូច្នេះ សន្និសីទលើកទី២នេះ យើងផ្ដោតលើបញ្ហាអស់ទាំងហ្នឹង»។

អ្នករៀបចំសន្និសីទរូបនេះ ក៏បានបន្ថែមផងដែរថា វាគ្មិនដែលសុទ្ធសឹងជាអ្នករកស៊ីដែលមានបទពិសោធន៍និងមានជោគជ័យស្រាប់ហើយនោះ នឹងចែករំលែកអំពីចំណុចចន្លោះប្រហោងសំខាន់ៗ ដែលអ្នកចាប់ផ្ដើមរកស៊ីដំបូង អាចនឹងធ្លាក់ចូល ហើយឈានទៅរកបរាជ័យ និងប្រាប់ពីគន្លឹះដែលត្រូវជៀសវាងចំណុចចន្លោះប្រហោងទាំងនេះ។
ទាក់ទងនឹងសន្និសីទធុរកិច្ចឆ្នាំនេះដែរ គោលបំណងសំខាន់មួយទៀត គឺជួយដល់អ្នកចូលរួមក្នុងពង្រឹងមូលដ្ឋានពិចារណាទៅលើព័ត៌មាន ឬគំនិតអាជីវកម្មដែលពួកគេទទួលបានពីមជ្ឈដ្ឋាននានា ដើម្បីឲ្យពួកគេចេះបែងចែកដាច់ពីគ្នារវាងគំនិតអាជីវកម្មរបស់អ្នកជោគជ័យរួចហើយ ដែលមិនមានភាពប្រាកដនិយម ឬដែលមិនអាចអនុវត្តបានក្នុងបរិបទនៃការធ្វើអាជីវកម្មនៅកម្ពុជា។
តើហេតុអ្វីបានជាអ្នកគួរតែចូលរួមនៅក្នុងសន្និសីទធុរកិច្ចនេះ?

លោក សេង ពិសិដ្ឋ អ្នករៀបចំសន្និសីទធុរកិច្ច លើកឡើងនូវហេតុផល ៣យ៉ាង ដែលនិស្សិត ឬអ្នកដែលចាប់អារម្មណ៍ក្នុងការបង្កើតអាជីវកម្មខ្លួនឯង គួរតែចូលរួមក្នុងព្រឹត្តិការណ៍នេះ ដូចតទៅ៖
- ស្ដាប់អ្នកជំនាញផ្នែកអាជីវកម្មផ្សេងៗគ្នា ដើម្បីបានព័ត៌មានបន្ថែម ព្រោះវាអាចទាក់ទងនឹងវិស័យអាជីវកម្មដែលពួកគេកំពុងធ្វើ។
- នឹងបានស្វែងយល់អំពីបទពិសោធន៍ ទាំងជោគជ័យ ទាំងការលំបាក ពីអ្នកជំនាញដែលបានប្រឡូកក្នុងវិស័យអាជីវកម្មពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ពីព្រោះបទពិសោធន៍ទាំងនេះ ជាព័ត៌មានកម្រ ដែលមិនអាចរកឃើញនៅលើ Google បានទេ។
- នឹងបានស្ដាប់ការជជែកគ្នារវាងវាគ្មិនដែលជាអ្នកជំនាញទាំងនេះ ពីព្រោះអ្វីដែលពួកគាត់ជជែកគ្នា អាចនឹងធ្វើឲ្យអ្នកចូលរួមនឹកឃើញដល់ចំណុចអ្វីមួយដែលខ្លួនពុំធ្លាប់ដឹងពីមុនមក។
ជាសរុបទៅ គឺអ្នកចូលរួមនឹងបានស្ដាប់ និងរៀនសូត្រពីអ្នករកស៊ីដែលមានបទពិសោធន៍និងភាពជោគជ័យរួចហើយ ដែលសុទ្ធតែជាបទពិសោធន៍ជាក់ស្ដែង មិនមែនជាការអានចេញពីសៀវភៅ ព្រមទាំងគន្លឹះសំខាន់ៗសម្រាប់ការដោះស្រាយបញ្ហាផ្សេងៗ ដែលចេញពីការជជែកគ្នានេះ។
គួរបញ្ជាក់ថា សន្និសីទរៀនធ្វើជំនួញលើកទីពីរនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា នៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា (តិចណូ) ក្រោមការរៀបចំដោយក្រុមហ៊ុន អនុស្សា និងឧបត្ថម្ភធំដោយ ថ្នាំពណ៌ជាតិ។
ព័ត៌មានបន្ថែមអាចទទួលបានតាមហ្វេសប៊ុក Anussa Event Planner ឬ ទូរសព្ទលេខ 012 230 140 / 010 911 776. www.businessconference-anussa.com៕
