
អ្នកដឹកនាំធុរជននៅប្រទេសថៃ បានស្នើឱ្យរដ្ឋាភិបាលថៃ ខិតខំរក្សាការពារស្ថិរភាពនយោបាយថៃ ឲ្យបានទោះក្នុងតម្លៃណា ដើម្បីធានាទំនុកចិត្តដល់វិនិយោគិនក្នុងការរួមចំណែកជួយស្តារសេដ្ឋកិច្ចរបស់ប្រទេស ដែលកំពុងមាននិន្នាការថមថយ។ ក្រុមមេដឹកនាំធុរជនទាំងនោះ ក៏បានស្នើឲ្យរដ្ឋាភិបាលជៀសវាងឲ្យបានការនូវការអនុវត្តគោលនយោបាយរសើបក្នុងសង្គម ហើយខិតខំដាក់ចេញវិធានការរយៈពេលខ្លី និងរយៈពេលវែង ដែលមានប្រសិទ្ធិភាព ដើម្បីជំរុញកម្លាំងទិញ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាជាងពឹងផ្អែកលើការផ្តល់សាច់ប្រាក់ដែលគ្មានប្រសិទ្ធភាព។
លោក ស៊ុនថន សាថាផន (Sunthorn Sathaporn) ប្រធានសមាគមធុរកិច្ចលំនៅឋានថៃ បានអះអាងថា ស្ថានភាពសេដ្ឋកិច្ចរបស់ថៃ នៅពេលនេះ មិនទាន់មានសញ្ញាបង្ហាញពីការងើបឡើងវិញនៅឡើយទេ ជាពិសេសទីផ្សារមូលធន ដែលកំពុងដើរថយក្រោយផ្ទុយពីប្រទេសអាស៊ានដទៃទៀត។ បញ្ហានេះវាបានឆ្លុះបញ្ចាំងពីការធ្លាក់ចុះទំនុកចិត្តរបស់វិនិយោគិន ដែលទាមទារឱ្យរដ្ឋាភិបាលថៃ ត្រូវមានគោលនយោបាយ ប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីជៀសវាងអស្ថិរភាព។
អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា គម្រោងចែកសាច់ប្រាក់ដល់ពលរដ្ឋរបស់រដ្ឋាភិបាលថៃ កន្លងមក មិនត្រឹមតែមិនមានប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ចនោះទេ ថែមទាំងធ្វើឲ្យមានការរិះគន់ពីសាធារណជន ដែលអាចធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ លោក ក៏បានព្រមានប្រឆាំងនឹងគោលនយោបាយអនុញ្ញាតឱ្យបង្កើតកន្លែងកម្សាន្តអមដោយកាស៊ីណូដោយគ្មានការពិគ្រោះយោបល់ជាសាធារណៈផងដែរ ព្រោះគម្រោងនេះអាចធ្វើឱ្យមានប្រតិកម្មនយោបាយ និងអស្ថិរភាពនៅក្នុងសង្គម។
ដោយឡែក លោកស្រី ស៊ូផាជី ស៊ូធំភុន (Suphajee Suthumpun ) នាយកប្រតិបត្តិនៃក្រុមហ៊ុន Dusit Thani Public Company បានលើកឡើងថា ឧស្សាហកម្មទេសចរណ៍ត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងទំនុកចិត្តរបស់វិនិយោគិន។ ដូច្នេះប្រសិនបើសភាត្រូវបានរំលាយ ហើយការបោះឆ្នោតថ្មីត្រូវបានស្នើ ដោយសមហេតុសមផល វាប្រហែលជាមិនប៉ះពាល់ដល់វិស័យទេសចរណ៍នោះទេ ប៉ុន្តែប្រសិនបើការរំលាយនេះមិនមានហេតុផលសមរម្យ នោះវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍។
ជាមួយគ្នានេះ លោក សំឆាយ ផនរ៉ាតាណាឆារឿន (Somchai Pornrattanacharoen) ទីប្រឹក្សាកិត្តិយសនៃសមាគមលក់ដុំ និងរាយថៃ បានជំរុញឱ្យរដ្ឋាភិបាលថៃ ដាក់ចេញវិធានការជាក់លាក់ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសជួយបង្កើនចំណូលអ្នកមានចំណូលទាបក្នុងរយៈពេលវែង ជាជាងពឹងផ្អែកលើការចែកសាច់ប្រាក់ដែលគ្មាននិរន្តរភាព។ បន្ថែមលើនេះ លោក ស្នើឱ្យរដ្ឋាភិបាលរិះរកវិធីសាស្ត្រជួយជំរុញតម្លៃកសិផល ដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់សេដ្ឋកិច្ចទាំងមូល។ ជាមួយគ្នានេះលោក ក៏បានជំរុញឱ្យមានការត្រួតពិនិត្យពីរដ្ឋាភិបាលលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកបរទេស ដែលជះឥទ្ធិពលដល់ធុរកិច្ចថៃផងដែរ៕
ដោយៈ សរ សុជាតិ