មជ្ឈមណ្ឌល​​ភ័ស្ដុភារកម្ម

វិស័យឯកជន ស្នើឲ្យការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ សម្រេចទៅឲ្យបានលឿន


អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា បង្ហាញពីការគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល លើគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ដោយអះអាងថា វត្តមានមជ្ឈមណ្ឌលមួយនេះ នឹងធ្វើឲ្យវិស័យដឹកជញ្ជូននៅកម្ពុជា មានការអភិវឌ្ឍកើនឡើង ថែមមួយកម្រិតទៀតនៅឆ្នាំខាងមុខ។
ការដឹកជញ្ជូនទំនិញតាមកំពង់ផែនៅកម្ពុជា (រូបភាព៖ http://www.pas.gov.kh)
ដោយ

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​បានឲ្យ​ដឹង​ថា ក្រុមហ៊ុន​ក្នុង​វិស័យ​ឯកជន​ពិតជា​គាំទ្រ និងចង់ឲ្យ​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភ័ស្តុភាកម្ម​ភ្នំពេញ​ចេញឲ្យ​បានកាន់តែ​ឆាប់កាន់​តែល្អ ស្របទៅ​នឹងសន្ទុះ​នៃការរីក​ចម្រើន​វិស័យ​ដឹកជញ្ជូន​ក្នុង​បរិការណ៍​បច្ចុប្បន្ន ក៏ដូចជា​នៅអំឡុង​ពេលក្រោយ​ពីជំងឺ​កូវីដ ១៩ ត្រូវបាន​បញ្ចប់​ទៅវិញ​ ខណៈដែល​វិស័យ​ដឹកជញ្ជូន​ត្រូវបាន​រំពឹងថា​នឹងមាន​សកម្មភាព​ស្ទុះខ្លាំង​ជាងមុន។

លោកបញ្ជាក់ថា ​មជ្ឈមណ្ឌលនេះ ពិតជា​សំខាន់​ និងចាំបាច់​ក្នុងការ​ជួយ​សម្រួល​ដល់ការងារ​ដឹកជញ្ជូន​ទំនិញ​កាន់តែ​ងាយស្រួល និងឆាប់រហ័ស ខណៈនៅ​ក្នុង​មជ្ឈមណ្ឌល​នេះ មានការ​ប្រមូ​លផ្តុំ​ទាំង​សេវាកម្ម​ក្រុមហ៊ុន និងការបំពេញ​បែបបទ​រដ្ឋបាល​ផ្សេងៗ​ក៏ស្ថិត​នៅមួយ​កន្លែង។

ជុំវិញនឹង​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញនេះដែរ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​កំពុង​ពន្លឿន​ការត្រួត​ពិនិត្យ​ ដើម្បី​សម្រេច​ផងដែរ ជាក់ស្តែង កាលពីពេល​ថ្មីៗ​នេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ភ័ស្តុភារកម្ម​លើកទី ២ ដើម្បីពិនិត្យ​លើ​ការរៀបចំ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ក្នុងការអភិវឌ្ឍ​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន​បានឱ្យ​ដឹងថា កិច្ច​ព្រមព្រៀង​ក្របខណ្ឌ​រវាង​ក្រសួ​ងសាធារណការ និងដឹកជញ្ជូន​ជាមួយ​ក្រុមហ៊ុន​ YCH ​ក្នុងការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ ត្រូវបានរៀបចំ​ជាសេចក្ដី​ព្រាង​រួចរាល់ ហើយដែល នឹង​ត្រូវកែ​សម្រួល​ឡើងវិញ​បន្ទាប់ពី​ទទួល​បានធាតុចូល​បន្ថែម​ទៀត​ពីអង្គប្រជុំ ធ្វើយ៉ាងណា​ ឱ្យកិច្ចព្រមព្រៀងនេះ​ មានខ្លឹមសារ​ និងវិសាលភាព​ឆ្លើយតប​ទៅនឹង​កម្មវត្ថុ​នៃកិច្ច​ព្រមព្រៀង ព្រមទាំង​ផ្ដល់ប្រយោជន៍​ដល់ជាតិ​មាតុភូមិ។

ឯកឧត្ដម​រដ្ឋមន្ត្រី បានគូស​បញ្ជាក់ថា ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ​ធ្វើឡើង ស្របតាម​ផែនការ​មេ ភ័ស្តុភារកម្ម​កម្ពុជា ទាក់ទង​នឹងការប្រែក្លាយ​កម្ពុជា​ទៅជាមជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ក្នុង​តំបន់ បម្រើឱ្យ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ថៃ កម្ពុជា វៀតណាម ភូមា និងឡាវជាដើម និងរួមចំណែក​យ៉ាងសកម្ម​ក្នុងការលើក​កម្ពស់​ការប្រកួត​ប្រជែង​លើវិស័យ​ដឹកជញ្ជូន​ជាមួយ​ប្រទេស​ក្នុង​តំបន់ បង្កើតការងារ លើកកម្ពស់​ជីវភាព​គ្រួសារ និងសេដ្ឋកិច្ច​ជាតិ​ផងដែរ។

សូមជម្រាបថា មជ្ឈមណ្ឌល​ភស្តុភារកម្ម​ភ្នំពេញ ដែលគ្រោង​នឹងបង្កើត​ឡើងនេះ លាតសន្ធឹង​លើផ្ទៃដី​ជិត ១០០​ហិកតា​ដែលជា​ទីតាំងយុទ្ធសាស្ដ្រ​មួយតភ្ជាប់​ទៅកាន់​កំពង់​ផែសមុទ្រ​ទឹកជ្រៅ​ក្នុងខេត្ត​ព្រះសីហនុ និងផ្លូវដែក​ភាគខាង​ជើង​ ដែលចេញ​ពីរាជធានី​ភ្នំពេញ​ឆ្ពោះទៅកាន់​ក្រុង​ប៉ោយប៉ែត​ព្រំដែន​ប្រទេសថៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខេត្តសៀមរាប ស្រូបទាញបានទេសចរច្រើនជាងគេបង្អស់ នៅអំឡុងថ្ងៃឈប់សម្រាកបុណ្យអុំទូក

ព័ត៌មាន
អំឡុងពេលថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក រយៈពេល ៤ថ្ងៃ ចំនួនភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្ត ទូទាំងប្រទេសកម្ពុជា បានកើនឡើងដល់ជាង ៦៤ម៉ឺននា…

ថ្នាលបច្ចេកវិទ្យាព័ត៌មាន ទទួលបានក្រុមហ៊ុនជិត ២ពាន់ ចុះបញ្ជីអាជីវកម្ម​ដោយ​ជោគជ័យ

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសថា គិតមកដល់ពេលនេះ មានក្រុមហ៊ុនជិត ២ពាន់ហើយ បានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដោយជោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ