ទូរសព្ទឆ្លាតវៃបំពាក់ដោយបញ្ញាសិប្បនិម្មិតទូប៉ាវ (Doubao) របស់ក្រុមហ៊ុន ByteDance ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន TikTok បានបង្ហាញខ្លួនជាលើកដំបូងនៅសប្តាហ៍នេះនៅលើទីផ្សារនៅប្រទេសចិន ដោយទូរសព្ទទាំង៣ម៉ឺនគ្រឿងទើបផលិតបានថ្មីនេះបានលក់ដាច់អស់ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ទូរសព្ទទំនើបថ្មី Nubia M153 ដែលចេញលក់លើទីផ្សារកាលពីថ្ងៃចន្ទ សប្តាហ៍នេះ ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ៤៩៥ដុល្លារក្នុង១គ្រឿងតាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ ZTE ដែលបានជួយរចនាទូរសព្ទនេះឡើងជាមួយការបញ្ចូល AI ជាមួយប្រព័ន្ធប្រតិបត្តិការនៅក្នុងទូរសព្ទនេះ។
អ្នកប្រើប្រាស់ដែលចង់ស្វែងរកម៉ាកសាប៊ូកក់សក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអាចសួរនាំ ឬប្រាប់ជំនួយការ AI នៅក្នុងទូរសព្ទទំនើបនេះឱ្យទិញផលិតផលនេះក្នុងតម្លៃថោកបំផុត ហើយ AI នឹងស្វែងរកវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដើម្បីធ្វើរឿងនេះ។
បញ្ញាសិប្បនិម្មិត Doubao ក៏អាចដោះស្រាយកិច្ចការស្មុគស្មាញជាងនេះដោយផ្អែកលើប្រវត្តិរបស់អ្នកប្រើប្រាស់ផងដែរ។ ជាឧទាហរណ៍ អ្នកដែលធ្វើដំណើរទៅទីក្រុងប៉ារីសប្រទេសបារាំង ក៏អាចសុំឱ្យជំនួយការ AI នេះដាក់ភោជនីយដ្ឋានទាំងអស់ដែលអ្នកដំណើរបានចំណាំនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចូលទៅក្នុងកម្មវិធីផែនទីផងដែរ។ បើតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវចិន AICPB បង្ហាញថា បញ្ញាសិប្បនិម្មិត Doubao មានអ្នកប្រើប្រាស់ច្រើនជាងគេនៅក្នុងប្រទេសចិន ក្នុងចំណោមសេវាកម្ម AI កាលពីខែវិច្ឆិកា៕
ដោយ៖ សុខ មង្គល