ស្ថិតក្នុងវិបត្តិនេះ ម្ចាស់សហគ្រាសនេះ បានអំពាវនាវឱ្យមហាជនងាកមកជួយគាំទ្រផលិតផលសាប៊ូស្ពៃសុទ្ធឡើងវិញ ព្រមទាំងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច ពន្លឿនការអនុវត្តច្បាប់បង្ក្រាប និងផ្តន្ទាទោសជនល្មើសឱ្យធ្ងន់ធ្ងរបំផុត ដើម្បីស្រោចស្រង់ទំនុកចិត្តទីផ្សារ និងការពារឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។
លោកស្រី នុត សម្ផស្ស ម្ចាស់ក្រុមហ៊ុន LSV Industry ដែលជាសហគ្រាសផលិតសាប៊ូស្ពៃក្នុងស្រុកដ៏ល្បីឈ្មោះមួយបានសម្តែងការឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីរងគ្រោះដោយសារអំពើលួចក្លែងបន្លំម៉ាកយីហោ និងការរំលោភបំពានសិទ្ធិអាជីវកម្មអស់រយៈពេលជាង២ខែកន្លងមកនេះ។ ម្ចាស់សហគ្រាសរូបនេះបានបញ្ជាក់ថា បច្ចុប្បន្នចរន្តលក់នៅលើទីផ្សារបានធ្លាក់ចុះដល់បាត ដោយសារអតិថិជនបាត់បង់ទំនុកចិត្ត និងមានការរាងចាល ព្រោះព្រួយបារម្ភខ្លាចទិញចំផលិតផលក្លែងក្លាយដែលមានសារធាតុគីមីគ្រោះថ្នាក់។
ទោះបីជាត្រូវប្រឈមមុខនឹងវិបត្តិខាតបង់ និងបង្ខំចិត្តកាត់បន្ថយខ្សែច្រវាក់ផលិតកម្មយ៉ាងណាក៏ដោយ ក៏សហគ្រាស LSV Industry នៅតែជម្នះបន្តប្រមូលទិញស្ពៃពីប្រជាកសិករតាមកិច្ចសន្យាក្នុងរង្វង់ពី៣ ទៅ៥តោនក្នុងមួយថ្ងៃជាទៀងទាត់ ដើម្បីធានាថា ជីវភាពរបស់កសិករមិនត្រូវជួបការលំបាកដោយសារវិបត្តិនេះឡើយ។ ចំពោះបន្លែស្ពៃដែលលើសពីសមត្ថភាពកែច្នៃ សហគ្រាសបានយកទៅបរិច្ចាគជូនមណ្ឌលកុមារកំព្រា និងមណ្ឌលស្តារនីតិសម្បទានានាដោយឥតគិតថ្លៃ។
ម្ចាស់សហគ្រាសរូបនេះបានសង្កត់ធ្ងន់ទាំងអួលដើមកថា ក្នុងនាមជាសហគ្រាសធុនតូច និងមធ្យម ដែលកំពុងរងគ្រោះដោយសារអំពើអយុត្តិធម៌នេះ លោកស្រី នៅតែប្តេជ្ញាចិត្តប្រឹងប្រែងក្រាញននៀល ពុះពារគ្រប់ឧបសគ្គ ដើម្បីស្តារទំនុកចិត្តអតិថិជនឡើងវិញ។ ជាមួយគ្នានេះ លោកស្រី សូមអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋខ្មែរឱ្យបន្តជួយគាំទ្រផលិតផលសាប៊ូស្ពៃ និងផលិតផលក្នុងស្រុកពិតប្រាកដ ដើម្បីឱ្យអាជីវកម្មរបស់កូនខ្មែរអាចមានដង្ហើមរស់រាន និងអភិវឌ្ឍទៅមុខទៀតបាន។
បើតាមការបញ្ជាក់របស់លោកស្រី នុត សម្ផស្ស នៅក្នុងរយៈពេលជាង២ខែមកនេះ ទោះបីជាសហគ្រាសបានដាក់ពាក្យបណ្តឹង និងរងគ្រោះយ៉ាងដំណំក៏ដោយ ប៉ុន្តែក្រុមឈ្មួញខិលខូចដែលជ្រកក្រោមការក្លែងបន្លំម៉ាកយីហោនៅតែមិនទាន់ត្រូវបានផ្តន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ។ ទន្ទឹមនឹងនេះ លោកស្រី បានស្នើសុំយ៉ាងទទូចឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នតុលាការពន្លឿននីតិវិធីច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនសហគ្រាស SME ក្នុងស្រុក និងចាត់វិធានការក្តៅក្នុងការស្រោចស្រង់ទំនុកចិត្តទីផ្សារឡើងវិញ។
គួររំលឹកថា កាលពីចុងខែកក្កដា កន្លងទៅ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីម្ចាស់ផលិតផលសាប៊ូម៉ាកស្ពៃ ដែលជាស្នាដៃបង្កើតថ្មីរបស់កូនខ្មែរ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានបើកប្រតិបត្តិការស្រាវជ្រាវ និងបានចុះបង្ក្រាប ដោយរឹបអូសបានផលិតផលសាប៊ូស្ពៃក្លែងក្លាយសរុបប្រមាណជិត៧តោន ដែលកំពុងជួញដូរលើទីផ្សារ៕