ប្រទេសចិន

រដ្ឋាភិបាលចិនចាក់បញ្ចូលសាច់ប្រាក់ជិត ២៩ពាន់លានដុល្លារ ទៅក្នុងប្រព័ន្ធធនាគារ ខណៈអត្រាការប្រាក់នៅថេរ


ធនាគារប្រជាជនចិន ដែលជាធនាគារកណ្ដាលរបស់ប្រទេសចិន បានរក្សាអត្រាការប្រាក់កម្ចីគោលរបស់ខ្លួន ដោយមិនផ្លាស់ប្តូរសម្រាប់ អស់រយៈពេលប្រាំមួយខែជាប់ៗគ្នា ដោយផ្ដោតលើការចាក់បញ្ចូលនូវសាច់ប្រាក់ប្រមាណជិត ២៩ពាន់លានដុល្លារ ចូលទៅក្នុងប្រព័ន្ធធនាគារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលបានរារាំងដោយការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NIKKEI។
ប្រទេសចិនបញ្ចូលសាច់ប្រាក់រដ្ឋជិត ២៩ពាន់លានដុល្លារ ទៅក្នុងប្រព័ន្ធធនាគារ!

ជាមួយនឹងអត្រាការប្រាក់ទាបក្នុងដំណាក់កាលដំបូងរយៈពេល ១ឆ្នាំ សម្រាប់កម្ចីទិញអចលនទ្រព្យ គឺមាន ៣,៣% ក្នុងមួយឆ្នាំ ខណៈដែលរយៈពេល ៥ឆ្នាំ គឺមានអត្រាការប្រាក់ ៤,៣%។ ប៉ុន្ដែ ធនាគារកណ្ដាលចិន បានចាក់បញ្ចូលបន្ថែមប្រាក់សុទ្ធចំនួនប្រមាណ ២៩ ពាន់លានដុល្លារ ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ តាមរយៈការផ្តល់ប្រាក់កម្ចីរយៈពេលមធ្យមរបស់ខ្លួនទៅឲ្យធនាគារពាណិជ្ជក្នុងខែកុម្ភះនេះ ដែលវាជាការចាក់បញ្ចូលសាច់ប្រាក់បន្ថែមចំនួនបីខែជាប់ៗគ្នាហើយ គិតមកទល់ពេលនេះ។

ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងវិលទៅរកភាពធម្មតាវិញបន្ទាប់ពីការបញ្ឈប់គោលនយោបាយសូន្យកូវីដរបស់ទីក្រុងប៉េកាំងក៏ដោយ ក៏ទីផ្សារលំនៅដ្ឋាននៅមិនទាន់ល្អប្រសើរនៅឡើយទេ។ ជាក់ស្ដែង វិទ្យាស្ថាន E-House China R&D រាយការណ៍ថា ផ្ទៃដីសាងសង់លំនៅដ្ឋានថ្មីសរុបប្រមាណ ១៥ គីឡូម៉ែត្រការ៉េ ត្រូវបានលក់នៅក្នុងទីក្រុងធំៗ ក្នុងខែមករាកន្លងទៅនេះ ដែលទិន្នន័យនេះ គឺធ្លាក់ចុះ ៥% ធៀបនឹងខែកុម្ភៈ។ ដោយឡែក អ្នកឃ្លាំមើលទីផ្សារហិរញ្ញវត្ថុមួយចំនួននិយាយថា អត្រាការប្រាក់ទាបក្នុងរយៈពេល ៥ ឆ្នាំ អាចនឹងត្រូវកាត់បន្ថយថែមទៀត ដើម្បីបំពេញតម្រូវការ។

សូមជម្រាបថា អត្រាកម្ចីទិញផ្ទះជាមធ្យមទូទាំងប្រទេសចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុត ៤,២% នៅក្នុងខែធ្នូ២០២២ ដែលជាការធ្លាក់ចុះអត្រាការប្រាក់ប្រចាំឆ្នាំដ៏ច្រើនបំផុតក្នុងរយៈពេល៧ឆ្នាំមកនេះ។

ប៉ុន្តែ ខណៈពេលដែលអាជ្ញាធរចិនកំពុងសង្ឃឹមថា ប្រជាជននឹងស្វែងរកកម្ចីទិញអចលនទ្រព្យនោះ មានម្ចាស់ផ្ទះជាច្រើនបែរជាកំពុងធ្វើការរៀបចំស្នើឥណទានឡើងវិញ (Refinance) ពោលគឺធ្វើការប្ដូរការខ្ចីពីធនាគារដែលខ្លួនកំពុងជំពាក់ ទៅចុះឈ្មោះខ្ចីនៅធនាគារមួយផ្សេងទៀតដែលមានអត្រាការប្រាក់ទាបជាង ដើម្បីសម្រាលបន្ទុកបំណុលរបស់ពួកគេ។ ស្របពេលដែលមានការកើនឡើងនៃការវិនិយោគលើភាគហ៊ុន និងអចលនទ្រព្យ គ្រួសារអ្នកមានធនធានមួយចំនួនក្នុងប្រទេសចិនបានប្រញាប់បង់ប្រាក់ផ្ដាច់ជាមួយធនាគារសម្រាប់អលចនទ្រព្យដែលខ្លួនបានទិញផងដែរ។

លើសពីនេះ ធនាគារប្រជាជនចិនក៏កំពុងផ្តោតលើការផ្តល់សាច់ប្រាក់ងាយស្រួលបន្ថែមទៀតដល់ធនាគារ ដើម្បីលើកទឹកចិត្តដល់ការផ្តល់ប្រាក់កម្ចីបន្ថែមនៅក្នុងវិស័យអចលនទ្រព្យនេះ សំដៅធានាថា វិស័យនេះ មិនជួបបញ្ហាប្រឈមខ្វះឥណទាននោះឡើយ។ គិតក្នុងខែមករា ឆ្នាំនេះ ប្រាក់កម្ចីថ្មី ដែលកំណត់ដោយប្រាក់យ័នបានកើនឡើង ២៣% ស្មើនឹងជាង ៧០០ ពាន់លានដុល្លារ ជាចំនួនច្រើនបំផុតមិនធ្លាប់មានគិតតាំងពីឆ្នាំ២០០២មក។

គួរជម្រាបថា ការបង្រ្កាបបទប្បញ្ញត្តិរបស់ប្រទេសចិនលើវិស័យអចលនទ្រព្យ ដែលបានចាប់ផ្តើមនៅឆ្នាំ២០២១ បានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន មិនមានប្រាក់គ្រប់គ្រាន់ ដើម្បីសាងសង់បញ្ចប់គម្រោងលំនៅដ្ឋានតាមការសន្យាជាមួយអ្នកទិញនោះទេ។ ជាក់ស្ដែង គម្រោងជាង ២ពាន់នៅទូទាំងប្រទេសចិន ត្រូវបានគេរាយការណ៍ថា អ្នកបង់រំលោះ ឬអ្នកទិញបង់ផ្ដាច់ក្ដី នឹងមិនទាន់អាចទទួលបានអចលនទ្រព្យរបស់ពួកគេនោះទេ។ យ៉ាងណាក៏ដោយចុះ រដ្ឋាភិបាលទីក្រុងប៉េកាំងសង្ឃឹមថា នឹងជំរុញអ្នកអភិវឌ្ឍន៍ឱ្យបញ្ចប់គម្រោងទាំងអស់ និងស្ដារឡើងវិញនូវទំនុកចិត្តដែលបាត់បង់នៅក្នុងទីផ្សារនេះ៕




អត្ថបទបន្ទាប់


អ្នកជំនាញជឿថា ការផ្តល់អត្រាគូប៉ុង៤% នឹងជួយធ្វើឲ្យមូលបត្ររដ្ឋកាន់តែមានភាពទាក់ទាញ

ព័ត៌មាន
រដ្ឋនឹងបន្តបោះផ្សាយលក់មូលបត្របំណុលលើកទី៧របស់ខ្លួន បើទោះបីការបោះផ្សាយកន្លងមកពុំសូវទទួលបានការគាំទ្រច្រើនពីស្ថាប័នចូលរួមដេញថ្លៃក៏ដោយ។ សម្រា…

កម្ចីមិនដំណើរការនៅថៃធ្លាក់ចុះ៣ត្រីមាសជាប់ៗគ្នា ប៉ុន្ដែពលរដ្ឋជាប់បំណុលនៅតែមានក្នុងកម្រិតខ្ពស់ខ្ពស់

ព័ត៌មាន
ធនាគារកណ្តាលប្រទេសថៃបានប្រកាសកាលពីថ្ងៃ២០កុម្ភៈថា ប្រាក់កម្ចីមិនដំណើរការដែលគ្រប់គ្រងដោយធនាគារថៃ បានធ្លាក់ចុះក្នុង៣ត្រីមាសជាប់ៗគ្នា ខណៈដែលធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ