គន្លឹះជោគជ័យ

ថៅកែ​ហាង​ Brown Coffee បង្ហើប​ពី​រូបមន្ដ​​៤​យ៉ាង​ដើម្បី​ជោគជ័យ


កាហ្វេ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ប្រភេទ​អាជីវកម្ម​មួយ​កំពុង​មាន​ការ​ពេញ​និយម​​បង្កើត​ឡើង​ពី​សំណាក់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា។ នៅ​រាជ​ធានីភ្នំពេញ ហាង​​កាហ្វេ​​​​រីក​ដុះ​ដូច​ផ្សិត​ ហើយ​ក៏​បាន​រាលដាល​ទៅ​ដល់​បណ្ដា​ខេត្ត​មួយ​ចំនួន​ផង​ដែរ។
លោក ចាង ប៊ុនលាង សហស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ហាង ប្រោន​កាហ្វេ។
ដោយ

ក្នុង​នោះ មិនត្រឹម​តែ​ហាង​កាហ្វេ​ម៉ាក​បរទេស (Franchise) ហូរ​ចូល​មក​ច្រើន​នោះ​ទេ សូម្បី​តែ​ហាង​កាហ្វេ​ក្នុង​ស្រុក ក៏​ខិតខំ​បង្កើត​ឡើង​ច្រើន​ណាស់​ដែរ តែ​ក៏​មាន​ខ្លះ​ត្រូវ​បិទ​ទ្វារ​ទាំង​មិន​ទាន់​បើក​បាន​១​ឆ្នាំ​ស្រួល​បួល​ផង។ 

ទោះ​យ៉ាង​ណា របរ​ចាក់​ទឹក​យក​លុយ​នេះ​មិន​មែន​សុទ្ធតែ​ដាក់​ចុះ​ដុះ​ឡើង​តាម​ដៃ​ដោយ​ងាយៗ​នោះ​ឡើយ ប៉ុន្ដែ វា​ទាមទារ​ឲ្យ​សហគ្រិន​មាន​យុទ្ធសាស្ត្រ​ជាក់​លាក់​នៅ​ក្នុង​ការ​ប្រតិបត្តិ​អាជីវកម្ម។ 

ខេមបូណូមីស សូម​ពាំនាំ​​នូវ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ពី​លោក ចាង ប៊ុនលាង សហស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ហាង​កាហ្វេ​ប្រោន (Brown Coffee) ដើម្បី​ជួយ​ឲ្យ​លោក​អ្នក​អាច​បើក​ហាង​កាហ្វេ​បាន​ជោគ​ជ័យ។ 

លោក ចាង ប៊ុនលាង បាន​លើក​ឡើង​ថា បច្ចុប្បន្ន ទីផ្សារ​ហាង​កាហ្វេ​ហាក់​មាន​ការ​កើន​ឡើង និង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ប៉ុន្ដែ លោក​ថា នៅ​តែ​មាន​ឱកាស​សម្រាប់​អ្នក​ដែល​បើក​ហាង​កាហ្វេ​ថ្មីៗ​បន្ថែម​ទៀត ដ្បិត​ថា​ចំនួន​ហាង​កាហ្វេ​កើន​ច្រើន​ក្ដី ប៉ុន្ដែ អតិថិជន ជា​ពិសេស​យុវវ័យ​ដែល​និយម​ទទួល​ទាន​កាហ្វេ​ក៏​នៅ​តែ​បន្ត​កើន​ឡើង​ដែរ។ 

ប៉ុន្ដែ ដើម្បី​អាច​ជោគជ័យ​លើ​ឧស្សាហ​កម្ម​កាហ្វេ​នេះ​វា​អាស្រ័យ​លើ​ការ​វៃ​ឆ្លាត​របស់​ម្ចាស់​អាជីវកម្ម​ក្នុង​ការ​ប្រតិបត្តិ​អាជីវកម្ម​នេះ។ 

លោក​បន្ត​ថា សម្រាប់​បច្ចុប្បន្ន ប្រសិន​បើ​លោក​អ្នក​ចង់​បើក​ហាង​កាហ្វេ​មួយ​បាន​សមរម្យ និង​ស្រប​តាម​និន្នាការ​នៃ​តម្រូវការ​អតិថិជន​បច្ចុប្បន្ន យ៉ាង​ហោច​ណាស់​ក៏​ទាមទារ​ឲ្យ​មាន​ដើម​ទុន​ប្រមាណ ១០​ម៉ឺន​ដុល្លារ​ដែរ។

តើ​ត្រូវ​គិត​ពិចារណា​លើ​កត្តា​អ្វី​ខ្លះ សម្រាប់​ការបើក​ហាងកាហ្វេ?

យ៉ាង​ណា​មិញ ទាក់ទង​​នឹង​វិធីសាស្ត្រ​ក្នុង​ការ​ប្រតិបត្តិ​ហាង​កាហ្វេ​ឲ្យ​បាន​ល្អ លោក ប៊ុនលាង បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មាន​ចំណុច​មួយ​ចំនួន​ដែល​លោក​អ្នក​គួរ​សិក្សា​ឲ្យ​បាន​ល្អិត​ល្អន់ រួមមាន​ដូច​ជា៖ 

១) ត្រូវ​រើស​​ទីតាំង​​ឲ្យ​​បាន​​ត្រូវ 

ជា​ទីតាំង​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​អតិថិជន​គោលដៅ​ស្ថិត​នៅ ងាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក និង​អាច​ចត​យានយន្ដ​បាន​ងាយ​ស្រួល។ យ៉ាង​ណា​ក៏​ដោយ មុន​នឹង​អ្នក​សម្រេច​ចិត្ត​បើក​ហាង​កាហ្វេ អ្នក​គួរ​ដឹង​ពី​ប្រភេទ​អតិថិជន​គោលដៅ​ជាមុន​សិន ទើប​ការ​រើស​ទីតាំង​មិន​ខុស។

ហាង​កាហ្វេ Brown Coffee នៅ​រាជ​ធានី​ភ្នំពេញ។ (រូបភាព៖ ហេង ភារម្យ)

២) គុណភាព​និង​សេវា​កម្ម​ត្រូវ​តែ​ល្អ 

រស​ជាតិ​កាហ្វេ​ឆ្ងាញ់ និង​សេវា​កម្ម​ល្អ លឿន​រហ័ស គឺ​ជា​ចំណុច​សំខាន់​មួយ ហើយ​ក៏​ជា​អ្វី​ដែល​លោក​អ្នក​ត្រូវ​គិត​គូរ​រក្សា​ឲ្យ​បាន​ជាប់​ជានិច្ច​ផង​ដែរ។ បន្ថែម​ពី​នេះ លោក​អ្នក​គួរតែ​បង្កើត​នូវ​មុខ​ម្ហូប​បន្ថែម​ផ្សេង​ទៀត​ពី​លើ​ការ​លក់​កាហ្វេ ដូចជា នំ ឬ​អាហារ​សម្រន់​ផ្សេង​ទៀត ដើម្បី​បន្ថែម​ជម្រើស​កាន់​តែ​ប្រសើរ​សម្រាប់​អតិថិជន។

៣) សោភ័ណភាព 

អាហារ​ឆ្ងាញ់​តែ​បរិយាកាស​មិនល្អ ក៏​មិន​អាច​ឲ្យ​អតិថិជន​លង់​នឹង​អាជីវកម្ម​អ្នក​បាន​ឡើយ ដូច្នេះ ការ​រចនា​ហាង (ដេគ័រ) ឲ្យ​មាន​ភាព​ទាក់ទាញ គឺ​ជា​គ្រឿង​ផ្សំ​បន្ថែម​ដ៏​ពិសេស​មួយ​សម្រាប់​អាជីវកម្ម​កាហ្វេ ព្រោះ​អ្នក​ទទួល​ទាន​កាហ្វេ​មួយ​ចំនួន​ចូល​ចិត្ត​ចំណាយ​ពេល​ជជែក​គ្នា ឬ​ធ្វើ​ការងារ​នៅ​ក្នុង​ហាង​កាហ្វេ ដែល​វា​បាន​ធ្វើ​ឲ្យ​ហាង​កាហ្វេ​មិន​ត្រឹម​តែ​ជា​កន្លែង​ទទួល​ទាន​កាហ្វេ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​កន្លែង​សម្រាប់​ជួបជុំ​ផង​ដែរ។

៤) បង្កើត​នូវ​គុណ​តម្លៃ​ស្នូល​សម្រាប់​អាជីវកម្ម  

(រូបភាព៖ ហេង ភារម្យ​)

នៅ​ក្នុង​ការ​ប្រតិបត្តិ​អាជីវកម្ម គុណ​តម្លៃ​ស្នូល (Core Value) គឺ​ជា​ត្រី​វិស័យ​មួយ​សម្រាប់​អាជីវកម្ម​និង​ក្រុម​ការងារ​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ជោគ​ជ័យ​រួម។ ក្នុង​ការ​កំណត់​គោលដៅ​នេះ ម្ចាស់​អាជីវកម្ម​ត្រូវ​គិតគូរ​ទៅ​លើ​ទិសដៅ​ជំរុញ​ឲ្យ​បុគ្គលិក​មាន​ការ​អនុវត្ត​ការងារ​ជា​ក្រុម​បាន​ល្អ ពង្រីក​ចំណេះ​ដឹង​បន្ថែម​ទៅ​ដល់​ក្រុម​ការងារ និង​រៀន​សូត្រ​ពី​កំហុស​ទាំង​ឡាយ​ដែល​កើត​មាន។ 

ពិសេស​ជាង​នេះ​ទៀត ត្រូវ​ពង្រឹង​និង​ពង្រីក​បន្ថែម​នូវ​ធនធាន​មនុស្ស​សំខាន់ៗ ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​ពង្រីក​វិសាល​ភាព​លើ​ទីផ្សារ ពោល​គឺ​ការ​ពង្រីក​សាខា​បន្ថែម​ឲ្យ​បាន​កាន់​តែ​ច្រើន។

បើ​យើង​ក្រលេក​ទៅ​មើល​ទីផ្សារ​ជាក់​ស្ដែង ហាង​កាហ្វេ​ម៉ាក​បរទេស​គ្រាក់ៗ បាន​ហូរ​ចូល​មក​ទីផ្សារ​កម្ពុជា​មិន​តិច​នោះ​ទេ រួមមានដូចជា Starbucks, Costa, Gloria Jeans, Coffee Bean & Tea Leaf, Amazon, Coffee Today …។ល។ 

ប៉ុន្ដែ អ្វី​ដែល​ជា​ការ​កត់​សម្គាល់ និង​ជា​មោទនភាព​នោះ គឺ​ម៉ាក​យីហោ​ហាង​កាហ្វេ​របស់​​ខ្មែរ ប្រោនកាហ្វេ (Brown Coffee) នៅ​តែ​បន្ត​សក្ដានុពល​របស់​ខ្លួន​កាន់​តែ​ប្រសើរ ទោះ​បី​ជា​សម្ពាធ​នៃ​ការ​ហូរ​ចូល​ពី​ម៉ាក​បរទេស​នៅ​តែ​បន្ត​កើត​មាន​ក៏​ដោយ ខណៈ​ដែល​ហាង​កាហ្វេ​ក្នុង​ស្រុក​មួយ​នេះ​មាន​សាខា​១៣​កន្លែង​នៅ​ភ្នំពេញ និង​១​សាខា​ទៀត នៅ​ខេត្ត​សៀមរាប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដឹងទេ នៅ​កម្ពុជា​មាន​ក្រុមហ៊ុន ឬ​ហាង​បញ្ចាំ​ប៉ុន្មាន?

ព័ត៌មាន
តាម​ពិត​ហាង​បញ្ចាំ​ជា​កន្លែង​ដោះ​ទ័ល​ដ៏​ល្អ​បំផុត។ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ ការ​បើក​អាជីវកម្ម​ក្រុមហ៊ុន ឬ​ហាង​បញ្ចាំ…

មហា​សេដ្ឋី​ខ្មែរ​ចាប់​ដៃគូ​ជាមួយ​មហា​សេដ្ឋី​លេខ​១​ថៃ សាង​សង់​ផ្សារ​ទំនើប​បោះ​ដុំ​ទំនិញ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា

ព័ត៌មាន
ពិត​ជា​អស់​មន្ទិល​សង្ស័យ​ហើយ នៅ​ទីផុត ផ្សារ​ទំនើប Makro ដែល​ជា​ផ្សារ​បោះ​ដុំ​ទំនិញ​ធំ​ជាង​គេ​របស់​ថៃ បាន​ចាប់​ផ្តើម​សាង​សង់​នៅ​ក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ