ជាក់ស្ដែង នៅក្នុងរយៈពេល១ខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលពីការនាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ និងវាយនភណ្ឌសរុបជិត៨៤៥លានដុល្លារ កើនឡើងជាង១០០លានដុល្លារបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានជាង៦៧៧លានដុល្លារ។
ទោះបីការនាំចេញផលិតផលឧស្សាហកម្មកាត់ដេរមានការកើនឡើង តែវិបត្តិសកលនៅតែក្លាយជាបញ្ហាប្រឈមសម្រាប់វិស័យនេះ ពិសេសបញ្ហាជម្លោះដែនទឹកនៅសមុទ្រក្រហម ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនពីតំបន់អាស៊ីទៅអឺរ៉ុបមានការកើនឡើងទ្វេដង។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា ការនាំចេញផលិតផលសំខាន់ៗ របស់កម្ពុជា ភាគច្រើនសុទ្ធតែមានការកើនឡើងនៅក្នុងខែមករា ឆ្នាំ២០២៤ ជាពិសេសការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេរតែម្ដង។ ជាក់ស្ដែងនៅពេញមួយ១ខែមករា កម្ពុជាទទួលបានចំណូលសរុបជិត៨៤៥លានដុល្លារ ពីការនាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ និងវាយនភណ្ឌទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជាង១០០លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានជាង៦៧៧លានដុល្លារ។ ដោយឡែក ការនាំចេញផលិតផលស្បែកជើងសម្រេចបានជាង១២២លានដុល្លារ កើនឡើងជាង១១% ខណៈការនាំចេញវត្ថុវាយនភណ្ឌវិញ មានជាង១៨លានដុល្លារ កើនជាង៤៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កត់សម្គាល់ឃើញថា នៅដើមឆ្នាំ២០២៤នេះ ស្ថានភាពវិនិយោគរបស់កម្ពុជា នៅតែរក្សាបានសញ្ញាណវិជ្ជមាន ជាពិសេសគម្រោងវិនិយោគក្នុងវិស័យកាត់ដេរតែម្ដង ខណៈកម្ពុជានៅតែមានសក្តានុពលទាក់ទាញវិនិយោគិនសម្រាប់វិនិយោគក្នុងវិស័យកាត់ដេរ ជាពិសេសរោងចក្រកាបូប សម្លៀកបំពាក់ និងស្បែកជើង និងសម្ភារធ្វើដំណើរ។
អ្នកជំនាញរូបនេះមានជំនឿយ៉ាងមុតមាំថា វិស័យឧស្សាហកម្មរបស់កម្ពុជា នៅឆ្នាំនេះ នឹងកាន់តែមានភាពល្អប្រសើរ ដ្បិតកម្ពុជា បានអនុវត្តច្បាប់វិនិយោគថ្មី ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេង ជាពិសេសការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការដើរកៀគរវិនិយោគិនពីខាងក្រៅប្រទេសឲ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាជាដើម ដែលសកម្មភាពទាំងអស់នេះ គឺសុទ្ធតែជាឱកាសសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនឲ្យចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។
បើទោះបីការនាំចេញផលិតផលឧស្សាហកម្មកាត់ដេរមានការកើនឡើងក៏ពិតមែន ប៉ុន្តែវិបត្តិសាកលលោកនៅតែជាបញ្ហាប្រឈមសម្រាប់វិស័យនេះ ពិសេសបញ្ហាជម្លោះដែនទឹកនៅសមុទ្រក្រហម ដែលជំរុញឱ្យតម្លៃដឹកជញ្ជូនពីតំបន់អាស៊ីទៅកាន់តំបន់អឺរ៉ុប និងសហរដ្ឋអាម៉េរិកហក់ឡើងខ្ពស់។ នេះបើតាមការអះអាងរបស់លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជា ដែលបានបន្ថែមថា តម្លៃដឹកជញ្ជូននៅកាន់តំបន់អឺរ៉ុប គឺមានការកើនឡើងរហូតដល់ទៅប្រមាណ២ទៅ៣ដងឯណោះ ដោយសារបញ្ហានៅសមុទ្រក្រហម បានធ្វើឱ្យកាប៉ាល់ដឹកទំនិញពីអាស៊ីទៅកាន់អឺរ៉ុប ត្រូវប្រើប្រាស់ផ្លូវវាងដោយបន្ថែមចម្ងាយផ្លូវរាប់ពាន់គីឡូម៉ែត្រ។
សូមបញ្ជាក់ថា នៅក្នុងខែមករា ឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជិត២ពាន់លានដុល្លារកើនឡើង២៧% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ការនាំចេញផលិតផលសម្លៀកបំពាក់ បានក្លាយជាទំនិញនាំមុខគេដែលជាប់ចំណាត់ថ្នាក់លេខ១ ដែលទទួលបានចំណូលច្រើនជាងគេក្នុងចំណោមផលិតផលសំខាន់ៗរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។
ចំណែកឯ ការនាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី បែជាមានការធ្លាក់ចុះទៅវិញ នៅខែមករា ឆ្នាំ២០២៤នេះ ពោលគឺមានទំហំទឹកប្រាក់ជាង១៣៤លានដុល្លារប៉ុណ្ណោះ ថយចុះជាង៤២% ខណៈកាលពីខែមករា ឆ្នាំ២០២៣ កម្ពុជារកចំណូលបានរហូតជាង២៣២លានដុល្លារឯណោះ ពីការនាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕