ការនាំចេញកសិផល​កម្ពុជា

កម្ពុជានាំចេញកសិផលជិត ៦លានតោនក្នុងទឹកប្រាក់ជាង ៣ពាន់លានដុល្លារទៅកាន់ទីផ្សារអន្តរជាតិ ទោះបីកូវីដ-១៩តាមរំខាន


វិបត្តិកូវីដ-១៩ បានក្លាយជាឱកាស និងលើកកម្ពស់កាន់តែប្រសើរ ក្នុងវិស័យកសិកម្មកម្ពុជា ដែលធ្វើឱ្យការនាំចេញផលិតផលកសិកម្ម របស់កម្ពុជា បន្តកើនឡើងជាលំដាប់។ បើទោះបី បច្ចុប្បន្ន ជំងឺកូវីដ-១៩ នៅមិនមានការទាន់ថមថយក៏ពិតមែន តែកម្ពុជា នៅតែអាចនាំចេញផលិតផលកសិកម្ម របស់ខ្លួនជាបន្តបន្ទាប់។ ជាក់ស្ដែង នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញកសិផលជិត ៦លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់ មានជាង ៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ស្ដីពីការនាំចេញកសិផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ផលិតផលកសិ-ឧស្សាហកម្មកម្ពុជា សម្រេចបានការនាំចេញជាង ២ពាន់លានដុល្លារ នៅឆ្នាំ២០២០
ដោយ

បើទោះបីជាកូវីដ១៩ បានធ្វើឲ្យមានផលរំខានដល់ដំណើរការសកម្មភាពអាជីវកម្មសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក៏មិនមែនជាឧបសគ្គសម្រាប់ការនាំចេញផលិតផលកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបាននោះដែរ។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១ ខែតុលា បានបង្ហាញថា រយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើង ជាង៨៨% បើប្រៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញកសិផល នៅរយៈពេល ៩ខែ ឆ្នាំ២០២១ មានបរិមាណជិត ៦លានតោន ខណៈឆ្នាំ២០២០ ការនាំចេញកសិផល មានត្រឹមតែ ៣លានតោនប៉ុណ្ណោះ។

ការបង្ហាញភាពវិជ្ជមាននៃវិស័យកសិកម្ម នារយៈពេលចុងក្រោយនេះ កាន់តែក្លាយជាឱកាសមាសសម្រាប់កសិករកម្ពុជា ក៏ដូចជា អ្នកនិយោគផងដែរ។ ជុំវិញការនាំចេញនេះដែរ ត្រូវបានអ្នកជំនាញ ក្នុងវិស័យកសិកម្ម បានមើលឃើញពីភាពជោគជ័យកាន់តែខ្លាំង នៃវិស័យកសិកម្ម កម្ពុជា។ ក្រុមអ្នកជំនាញរំពឹងថា នៅឆ្នាំបន្ទាប់ៗ ការនាំចេញកសិផលលកម្ពុជា កាន់តែមានការកើនឡើង ពិសេសការនាំចេញ ផ្លែឈើស្រស់ និងផលិតផលដទៃ។

ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវ-អង្ករ កម្ពុជា និងជាអ្នកជំនួញ ក្នុងវិស័យនាំចេញផលិតផលកសិកម្ម មួយរូបនៅកម្ពុជា បានមើលឃើញថា ជាភាពជោគជ័យមួយនៃវិស័យកសិកម្ម នារយៈពេលចុងក្រោយនេះ ដោយសារតែវិស័យនេះ កាន់តែបង្ហាញភាពវិជ្ជមាន ជាបន្តបន្ទាប់។ឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ថា ខ្សែចង្វាក់ផលិតកម្មកសិកម្មនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានកំណើនជាបន្តបន្ទាប់ ជាពិសេសប្រភេទដំណាំឈើហូបផ្លែ ដូចជា ចេក ស្វាយ ស្វាយចន្ទី និងមៀនប៉ៃលិន ជាដើម ពិសេសការនាំចេញផ្លែស្វាយស្រស់នឹងកើនឡើងបន្ថែមនៅខែតុលានេះ។ ពាក់ព័ន្ធការនាំចេញអង្ករវិញឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ថា ការនាំចេញហាក់មានការប្រសើរឡើងវិញ ជាបណ្ដើរៗហើយ ដ្បិតមិននៅជួបបញ្ហាដឹកជញ្ជូន នៅឡើយ តែកម្ពុជា ក៏បានបង្វែរការនាំចេញអង្ករ ទៅប្រទេសចិន កាន់តែច្រើន។

ដោយឡែក លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា ក៏មានការយល់ឃើញថា ការនាំចេញកាន់តែមានសន្ទុះ អំឡុងវិបត្តិកូវីដ-១៩ ពិសេស ១ខែចុងក្រោយនេះការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក៏មានភាពល្អប្រសើរឡើងវិញដែរ។ លោក យន់ យ៉េង បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា បញ្ហាកង្វះទូរកុងតឺន័រ និងមធ្យោបាយដឹកជញ្ជូនថ្លៃ នៅតែជាបញ្ហាសម្រាប់ការនាំអង្ករ កម្ពុជា។

លោក លន់ យ៉េង គូសបញ្ជាក់ថា ក្រោយដំណើរទស្សនៈកិច្ចរបស់ឯកឧត្តម វ៉ាង យី មកកម្ពុជា នាពេលកន្លងមក កាន់តែធ្វើឱ្យចំណងមិត្តភាព កម្ពុជា-ចិន ហើយក៏ជាឱកាសបើកទីផ្សារបន្ថែមសម្រាប់ការនាំចេញផលិតផលកសិកម្ម កម្ពុជា ផងដែរ។

សូមបញ្ជាក់ថា រយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញផលិតផលកសិកម្ម សរុបជិត ៦លានតោន ទៅកាន់ទិសដៅ ៦៤ប្រទេស ដែលមានការកើន ៨៨% បើប្រៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ មានត្រឹមប្រមាណ ៣លានតោន ប៉ុណ្ណោះ។ ក្នុងនោះ ការនាំចេញអង្ករ មាន ៤១ម៉ឺនតោន ថយចុះជិត១៦% និងការនាំចេញស្រូវ មានជាង ២លានតោន កើនឡើង ៨១%។ រីឯ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានជាង ៣លានតោន កើនឡើង ៤៦%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងសាធារណការថា «នឹងមិនលើកលែងរថយន្តដឹកជញ្ជូនលើសទម្ងន់ឡើយ»

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ក្រសួងសាធារណការនិងដឹកជញ្ជូនបានអះអាងថានឹងបន្ថែមការត្រួតពិនិត្យលើរថយន្តដឹកជញ្ជូនទំនិញលើសទម្ងន់ឲ្យកាន់តែម៉ត់ចត់ថែម…

កម្ពុជាស្នើឲ្យក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ចៀសវាងការចោទប្រកាន់!

ព័ត៌មាន
រដ្ឋមន្ត្រី​ក្រសួងសាធារណការ ស្នើឲ្យក្រុមហ៊ុនសាងសង់របស់អាមេរិកចូលរួមដេញថ្លៃលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ការស្នើនេះ ធ្វើឡើងក្រោយមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ