ទីផ្សារភាគហ៊ុនសកល

អូមីក្រុង ទាញទម្លាក់ទីផ្សារភាគហ៊ុនសកលលោកធ្លាក់ចុះ ៣,៧ទ្រីលានដុល្លារនៅ១សប្ដាហ៍កន្លងមកនេះ


ទីផ្សារមូលធនសកលលោក បានធ្លាក់ចុះតម្លៃ ៣,៧ទ្រីលានដុល្លារអាមេរិក ឬស្មើនឹងអត្រាធ្លាក់ចុះ ៣% នៅអំឡុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ ខណៈពេលដែលមេរោគបំប្លែងថ្មី អូមីក្រុង បានរីករាលដាលនៅប្រទេសកាន់តែច្រើនឡើង និងកំពុងធ្វើឲ្យប៉ះពាល់ទៅដល់ទំនុកចិត្តរបស់អ្នកវិនិយោគ ហើយពួកគេក៏បានបង្វែរទុនវិនិយោគចេញពីការទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនអាកាសចរណ៍ និងមុខទំនិញផ្សេងទៀត រួមទាំងប្រេងជាដើម ដោយសារតែបារម្ភពីការកើនឡើងនៃហានិភ័យខ្ពស់។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មានជប៉ុន Nikkei។
អូមីក្រុង ទាញទម្លាក់ទីផ្សារភាគហ៊ុនសកលោកធ្លាក់ចុះ ៣,៧ទ្រីលានដុល្លារនៅ១សប្ដាហ៍កន្លងមកនេះ
ដោយ

ទីផ្សារ​សញ្ញាបណ្ណ ឬបណ្ណបំណុល នៅទូទាំងសកលលោក​កំពុង​កំណត់​តម្លៃនៅនឹងថ្កល់​រួចទៅហើយ ក្នុងពេលដែលមាន​ការ​ទប់ស្កាត់​លើការបន្ធូរបន្ថយ​រូបិយវត្ថុ ក៏ដូចជា​សេដ្ឋកិច្ច​កំពុង​មានដំណើរយឺត។ ប៉ុន្ដែ ទីផ្សារ​នៅតែ​រងផលប៉ះពាល់​ដោយសារតែមេរោគបំប្លែងថ្មី ហើយ​វាអាចនឹង​មាន​ការផ្លាស់ប្ដូរ​ជាអវិជ្ជមាន​​នៅក្នុង​ពេលដ៏ខ្លីខាងមុខនេះ។

វិនិយោគិន​បាន​កាត់បន្ថយ​​ការ​ទិញយក​ ឬកាន់កាប់​ភាគហ៊ុន​ដែលមាន​ហានិភ័យខ្ពស់ នៅសប្ដាហ៍មុននេះ ហើយ​តម្លៃ​ទីផ្សារមូលធននៅប្រទេសជប៉ុន អាមេរិក និងអឺរ៉ុប មានការធ្លាក់ចុះ ចន្លោះពី ៤ ទៅ៥ ភាគរយ ធៀបនឹង​ពេល​មិនទាន់​មាន​មេរោគ​បំប្លែងថ្មី អូមីក្រុងចូលលុកលុយ។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​នៅក្នុង​វិស័យឧស្សាហកម្ម​ទាក់ទងនឹង​ការធ្វើដំណើរ ដូចជា​អាកាសចរណ៍ និងសណ្ឋាគារ ជាដើម​ គឺឃើញមានលំហូរនៃការលក់ភាគហ៊ុន​ចេញ​យ៉ាងច្រើន។

តួយ៉ាង ក្រុមហ៊ុនអាកាសចរអាមេរិក Global Jets មានការធ្លាក់ចុះតម្លៃភាគហ៊ុន​មកនៅត្រឹមក្រោម​ ២០ដុល្លារក្នុងមួយភាគហ៊ុន ដែលជាកម្រិតទាបបំផុត​គិតតាំងពីខែវិច្ឆិកា​ឆ្នាំ២០២០មក។ អ្នកជំនាញបាន​អះអាងថា វាពិតជាពិបាកណាស់ ក្នុងការ​ត្រឡប់ទៅរក​ជីវិតរស់នៅ ដូចមុនពេល​មិនទាន់មានកូវីដ១៩រាតត្បាតឡើងវិញនោះ រួមទាំង​ការធ្វើដំណើរបែបពាណិជ្ជកម្មផងដែរ។

ជាមួយគ្នានេះ ទីផ្សារទំនិញ ដែលធ្លាប់មាន​ការកើនឡើងខ្លាំង បានចាប់ផ្ដើម​បង្ហាញពីលទ្ធភាពនៃការធ្លាក់ចុះតម្រូវការ​ជាបណ្ដើរៗផងដែរ ដោយសារតែ​រលកឆ្លងថ្មី​នៃកូវីដ១៩ កំពុង​បង្កជាក្ដីបារម្ភកាន់តែខ្លាំងឡើង។ គេសង្កេតឃើញថា តម្លៃប្រេងឆៅនៅ​​អាមេរិកនៅ​មានតម្លៃ​ជាង​៦៧ដុល្លារក្នុងមួយធុងបារ៉ែល ខណៈដែល​ប្រេងឆៅនៅអង់គ្លេស​នៅមានតម្លៃជាង​៧១ដុល្លារក្នុងមួយធុងបារ៉ែល។  

ព្រឹត្តិការណ៍​ថ្មីៗចុងក្រោយ​ ដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថា គិតត្រឹមថ្ងៃទី ០៦ ខែធ្នូនេះ មេរោគអូមីក្រុង ត្រូវបានគេរាយការណ៍ថា បាន​ឆ្លងរាលដាល​​ទៅដល់​រដ្ឋ​យ៉ាងយោចណាស់ចំនួន ១៥ហើយ​នៅក្នុងសហរដ្ឋអាមេរិក ហើយគេរំពឹងថា វានឹង​រីករាលដាល​កាន់តែខ្លាំង​ថែមទៀត ខណៈដែលសេដ្ឋកិច្ច​អាមេរិក ក៏កំពុងស្ថិតនៅក្រោមសម្ពាធ​កាន់តែខ្លាំងដែរ ទាក់ទងនឹង​ការ​ប្រឈមផលប៉ះពាល់​លើ​ខ្សែចង្វាក់ផ្គត់ផ្គង់​ដោយសារតែឥទ្ធិពល​នៃមេរោគបំប្លែងថ្មីនេះ។ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ Goldman Sachs ថ្មីៗនេះ ក៏បាន​បន្ទាប​ការព្យាករកំណើនសេដ្ឋកិច្ចអាមេរិក នៅឆ្នាំ២០២២ ថានឹងមាន​ត្រឹមតែ ៣,៨%ប៉ុណ្ណោះ ខណៈដែល​ពីមុនធ្លាប់ព្យាករថានឹងមាន ៤,២%។

ដោយឡែក ចំពោះកំណើនសេដ្ឋកិច្ចមហាយក្សចិនវិញ ក៏ត្រូវបានរដ្ឋាភិបាល​ចិន បន្ទាប​ការ​​ព្យាករមកនៅត្រឹមតែ ៥,៣% ប៉ុណ្ណោះនៅឆ្នាំ២០២២ ខណៈពីមុនធ្លាប់ព្យាករថា នឹងកើនលើស​៦%។ សេដ្ឋកិច្ចចិនថមថយកំណើន​ជាងការរំពឹងទុកនេះ ក៏ដោយសារតែ មាន​បញ្ហាប្រឈម​ទាក់ទងនឹង​ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ការនាំចេញ​មានភាព​ចុះទន់ខ្សោយ​ និងការរឹតត្បិត​លើ​វិធានការទាក់ទងនឹងកូវីដ១៩ ដែល​បានធ្វើឲ្យ​រារាំងដល់​វិស័យការប្រើប្រាស់ផងដែរ។ យ៉ាងណាក៏ដោយចុះ សេដ្ឋកិច្ច​ចិន នៅឆ្នាំ២០២១នេះ ត្រូវបានគេ​រំពឹងថា នឹងកើនឡើង ៨%។

សូមបញ្ជាក់ថា ថ្មីៗនេះ ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បាន​​ព្រមាន​ថា មេរោគបំប្លែងថ្មី អូ​មីក្រុង ទំនងជា​នឹង​អាចពន្យឺត កំណើន​សេដ្ឋកិច្ចពិភពលោក​នៅឆ្នាំក្រោយនេះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចចិនឆ្នាំ២០២២ នឹងប្រែប្រួល ឬជួបកត្តាប្រឈមអ្វីខ្លះ?

ព័ត៌មាន
ការរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២២ ទាមទារឲ្យរដ្ឋអំណាចក្រុងប៉េកាំង អនុវត្តនូវវិធានការ និងគោលនយោបាយថ្មី ស្របពេលដែលសេដ្ឋកិច្ចចិនក…

រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងទស្សនកិច្ចនៅប្រទេសអាស៊ានចំនួន២នៅសប្ដាហ៍ក្រោយ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងត្រូវធ្វើដំណើរទស្សនកិច្ចនៅប្រទេសអាស៊ានចំនួន២នៅសប្ដាហ៍ក្រោយនេះ រួមមានឥណ្ឌូនេស៊ី និងម៉ាឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ