វិស័យកសិកម្ម

មន្ត្រីជាន់ខ្ពស់ជឿជាក់ថា ទីផ្សារកសិផលកម្ពុជា នឹងកាន់តែមានភាពប្រកួតប្រជែង បើគម្រោងសហគមន៍កសិកម្មទំនើបទទួលបានជោគជ័យ


មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជឿជាក់ថា ទីផ្សារកសិផលកម្ពុជា នឹងកាន់តែមានភាពប្រកួតប្រជែងទាំងការនាំចេញ និងជំនួសទីផ្សារនាំចូល ប្រសិនបើគម្រោងសហគមន៍កសិកម្មទំនើបទទួលបានជោគជ័យ ព្រោះគោលបំណងសំខាន់នៃការចងក្រងជាសហគមន៍កសិកម្មទំនើបនេះ គឺធ្វើយ៉ាងណាបង្កើនសមត្ថភាពការប្រកួតប្រជែងរបស់កសិផលកម្ពុជាទាំងតម្លៃ បរិមាណ និងគុណភាព។ គិតមកទល់ពេលនេះ កម្ពុជាមានសហគមន៍កសិកម្មទំនើបចំនួន៥ ត្រូវបានដាក់ឱ្យដំណើរការ ខណៈចំនួន២ទៀតកំពុងរៀបចំផែនការអាជីវកម្ម។
2
ដោយ

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា ការចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប ប្រជាកសិករនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនតាមរយៈការជួយការពារហានិភ័យ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ក៏ដូចជាបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រជាកសិករ។ តាមរយៈគម្រោងសហគមន៍កសិកម្មទំនើបនេះ កសិករអាចទិញវត្ថុធាតុដើមក្នុងតម្លៃទាប ទទួលបានការគាំទ្រផ្នែកទុន ផ្នែកទីផ្សារ និងបច្ចេកទេសជាដើម​។ មន្ត្រីជាន់ខ្ពស់រូបនេះជឿជាក់ថា ក្រោយគម្រោងសហគមន៍កសិកម្មទំនើបទទួលបានជោគជ័យ កសិផលរបស់កម្ពុជានឹងអាចបង្កើនស្ថានភាពភាពប្រកួតប្រជែង ជាមួយកសិផលប្រទេសដ៏ទៃ មិនថាសម្រាប់ទីផ្សារនាំចេញ និងជំនួសទីផ្សារនាំចូល។

​សម្រាប់ឯកឧត្តម ឃឹម ហ្វីណង់ ការចូលជាសមាជិកសហគមន៍កសិកម្មទំនើប សមាជិកម្នាក់ៗមិនគ្រាន់តែអាចទិញធាតុចូលក្នុងតម្លៃទាបជាងការទិញរៀងៗខ្លួននោះទេ ថែមទាំងមិនចាំបាច់ចំណាយដើមទុនផ្ទាល់ខ្លួនក្នុងការដាំដុះទៀតផង។ ជាក់ស្តែង សហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ ដែលទើបបង្កើតជាមួយនឹងផ្ទៃដីផលិតកម្មសរុបជាង១ពាន់ហិកតា អាចមានសមត្ថភាពបញ្ជាទិញជីរួមគ្នាក្នុងទំហំប្រហែល៣៥០តោនក្នុងពេលតែមួយ ដែលជាមូលហេតុចម្បងធ្វើឱ្យសហគមន៍ទាំងនេះអាចសន្សំសំចៃលើការចំណាយថ្លៃជីសរុបក្នុងចន្លោះពី១០០លានរៀលរហូតដល់១៥០លានរៀល ប្រសិនបើធៀបទៅនឹងការចំណាយលើថ្លៃជីរបស់កសិករម្នាក់ៗបូកបញ្ចូលគ្នា មុនពេលចូលរួមជាសមាជិកនៃសហគមន៍កសិកម្មទំនើប។

បើតាមឯកឧត្តម ឃឹម ហ្វីណង់ គិតមកទល់ពេលនេះ កម្ពុជាមានសហគមន៍កសិកម្មទំនើបចំនួន៧ ក្នុងនោះចំនួន៥ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ និង២ទៀតកំពុងស្ថិតក្នុងដំណាក់កាលរៀបចំផែនការអាជីវកម្ម។ សហគមន៍ទាំងនេះរួមមានសម្រាប់ដំណាំស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ដែលមានទីតាំងនៅក្នុងខេត្តសៀមរាប កំពង់ធំ ត្បូងឃ្មុំ កណ្តាល និងតាកែវ។ ទន្ទឹមនឹងនេះ ឯកឧត្តមរំពឹងថា កម្ពុជានឹងអាចពង្រីកចំនួនសហគមន៍កសិកម្មទំនើបលើមុខដំណាំផ្សេងៗជាច្រើនទៀតនាពេលដ៏ខ្លីខាងមុខ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា គ្រោងហោះហើរត្រង់មកកម្ពុជា នៅដើមឆ្នាំ២០២៥ ខាងមុខ

បើគ្មានការប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ប្រទេសឥណ្ឌា នឹងចាប់ផ្តើមជើងហោះហើរត្រង់ រវាងទីក្រុងញូវដេលី-ភ្នំពេញ និងទីក្រុងកុលកាតា…

ទូរសព្ទឆ្លាងវៃអេក្រង់បត់៣ថ្នាក់ Mate XT ត្រូវបានដាក់លក់លើកដំបូងក្នុងតម្លៃ៥ពាន់ដុល្លារនៅវៀតណាម

ទូរសព្ទឆ្លាតវៃអេក្រង់បត់បាន៣ថ្នាក់ ស៊េរី Mate XT ដែលផលិតដោយក្រុមហ៊ុនផលិតទូរសព្ទ Huawei របស់ប្រទេសចិន បានបង្ហាញខ្លួនដាក់លក់ក្រៅផ្លូវការជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ