មីក្រូហិរញ្ញវត្ថុ

ហេតុអ្វី​ពលរដ្ឋ​ខ្មែរ​ខ្ចី​លុយ​ធនាគារ​ឯកជន​សោះ ថា​ជំពាក់​លុយ​រដ្ឋ​ទៅ​វិញ?


ប្រជាពលរដ្ឋ​ខែ្មរ​ភាគ​ច្រើន​ដែល​រស់នៅ​ខេត្ត តំបន់​ដាច់​ស្រយោល​ជនបទ ស្រែ​ចម្ការ ដែល​បាន​ខ្ចី​លុយ​ពី​ធនាគារ​ឯកជន គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អង្គការ​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​ជា​លក្ខណៈ​ឯកជន តែងតែ​និយាយ​ថា ជំពាក់​លុយ​រដ្ឋ ខ្ចី​រដ្ឋ​ទៅ​វិញ។ ភាសា​ខ្ចី​រដ្ឋ ជំពាក់​លុយ​រដ្ឋ​នេះ វា​ស្ទើរ​តែ​និយាយ​រត់​មាត់​ទៅ​ហើយ។
ប្រជាជន​ខ្មែរ​ជា​ច្រើន​នៅ​តាម​ជនបទខ្ចី​លុយ ជំពាក់​លុយ​ឯកជន​សោះ តែ​បែរ​និយាយ​រត់មាត់​ថា ជំពាក់​រដ្ឋៗ

តើ​រដ្ឋ​​ពិត​​ជា​​បាន​​បម្រើ​​សេវា​កម្ម​​ហិរញ្ញ​វត្ថុ​​សម្រាប់​​ផ្តល់​​ប្រាក់​​កម្ចី ឲ្យ​​ប្រជា​​ពលរដ្ឋ​​ខ្មែរ​​មែន​​ដែរ ឬ​​ទេ? 

ពិតណាស់ រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​បើក​ធនាគារ​ឯកជន គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​សម្រាប់​បម្រើ​សេវាកម្ម​ឲ្យ​ប្រជាពលរដ្ឋ​ខ្ចី​នោះ​ទេ ហើយ​រដ្ឋ​ក៏​មិន​មាន​លុយ​ឯណា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ខ្ចី​នោះ​ដែរ ពីព្រោះ​រដ្ឋ​ក៏​ខ្ចី​លុយ​ពី​ក្រៅ​ប្រទេស។ 

លុយ​ដែល​មាន​បាន​មក​ពី​ការ​ប្រមូល​ពន្ធ​ផ្សេងៗ បាន​មក​ពី​ការ​ខ្ចី​បុល​ប្រទេស​ផ្សេងៗ ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន ដូចជា ចិន ជប៉ុន ធនាគារ​អភិវឌ្ឍន៍​អាស៊ី (អេឌីប៊ី) ធនាគារ​ពិភព​លោក មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ គឺ​ដើម្បី​យក​ទៅ​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ជាតិ​តែ​ប៉ុណ្ណោះ។ 

ប្រាក់​កម្ចី​ទំាង​អស់​នេះ​ភាគ​ច្រើន​រដ្ឋាភិបាល​បាន​យក​ទៅ​អភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ ស្ពាន ផ្លូវដែក កំពង់ផែ អគ្គិសនី ប្រព័ន្ធ​ធារា​សាស្ត្រ ការ​ផ្គត់ផ្គង់ទឹក​ស្អាត ចម្រាញ់​ទឹក​កខ្វក់ និងប្រើប្រាស់​នៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ផ្សេងៗ​ទៀត។

ហើយ​ការ​ដែល​យក​លុយ​ទំាង​អស់​នោះ​ទៅ​ធ្វើការ​អភិវឌ្ឍ​ប្រទេស​បាន​ន័យ​ថា រដ្ឋាភិបាល​បាន​ជួយ​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​សមរម្យ ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទំាង​អស់។ នេះ​ជា​តួនាទី​របស់​រដ្ឋ​ដែល​ត្រូវ​បម្រើ​រាស្ត្រ។ ដូច្នេះ គ្មាន​ហេតុ​ផលណា​មួយ​ដែល​រដ្ឋ​បើក​សេវា​កម្ម​ផ្តល់​ប្រាក់​កម្ចី​ដល់​ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង ហើយ​យក​អត្រា​ការ​ប្រាក់​ខ្ពស់​នោះ​ទេ។

ក្នុង​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​កើត​ព្រោង​ព្រាត​ដូច​ផ្សិត ដោយ​ផ្ដល់​កម្ចី​ដល់​ពលរដ្ឋ​ស្ទើរ​តែ​ទូទាំង​ប្រទេស​រហូត​ដល់​តំបន់​ដាច់​ស្រយាល។

​តើពាក្យ​«ខ្ចី​លុយ​រដ្ឋ ជំពាក់​លុយ​រដ្ឋ» ពលរដ្ឋ​ខ្មែរ​បាន​មក​ពី​ណា?

ពាក្យនេះ​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​នៅ​ឯ​ជនបទ​ប្រើ​បា្រស់​ជាង ២០​ឆ្នាំ​ទៅ​ហើយ។ រដ្ឋាភិបាល​មិន​សូវ​ជា​ខ្វល់​នោះ​ទេ ប៉ុន្តែ រដ្ឋាភិបាល​ពេល​នេះ​ខ្វល់​នឹង​ចេញ​វិធានការ​ភ្លាមៗ​បន្ទាប់​ពី​កើត​មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រឹបអូស​ដីធ្លី ផ្ទះ​សម្បែង ពី​សំណាក់​ធនាគារ គ្រឹះស្ថាន​ហិរញ្ញវត្ថុ អង្គការ​ចង​ការប្រាក់​ក្រៅ​ប្រព័ន្ធ ក្រោម​រូបភាព​ដោយសារ​តែ​ពួក​គាត់​លើក​ឡើង​ថា ជំពាក់​លុយ​រដ្ឋ ខ្ចី​លុយ​រដ្ឋ ត្រូវ​បាន​រដ្ឋ​រឹបអូស​អស់​ហើយ។ 

បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ ហើយ​នៅ​ពេល​ថ្មីៗ​នេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​នៅ​តែ​ប្រកាស​យ៉ាង​ដូច្នេះ​ថា៖ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​គឺ​ជា​របស់​ឯកជន មិន​មែន​ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទេ។ ដូច្នេះ​សូម​ពលរដ្ឋ​ខ្មែរ​ទាំង​អស់កុំ​យល់​ច្រឡំ»។

ជុំវិញ​បញ្​ហានេះ ធនាគារ​ពាណិជ្ជ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អង្គការ​ចង​ការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​តែង​តែ​បដិសេធ និង​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ស្ថាប័ន​របស់​ខ្លួន​ថា មិន​មាន​គោលការណ៍​ផ្សព្វផ្សាយ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ថា ជា​របស់​រដ្ឋាភិបាល​កម្ពុជា ពោល គឺ​ប្រជា​ពលរដ្ឋ​គាត់​មាន​ការ​ភាន់​ច្រឡំ និង​តែង​តែ​និយាយ​ពាក្យ ជំពាក់​លុយ ខ្ចី​លុយ​រដ្ឋ​តៗ​គ្នា​ទេ។ 

កន្លងមក ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ដែល​ជា​ធនាគារ​ពាណិជ្ជ​ធំ​ជាង​គេ​មួយ​នៅ​ប្រទេស​កម្ពុជា តែង​តែ​ធ្វើការ​បដិសេធ​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត ​ដែល​ចោទ​សួរ​ថា តើ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​នៅ​ជនបទ ដែល​ជំពាក់​លុយ​ធនាគារ​អេស៊ីដា និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ តែង​តែ​និយាយ​ថា ខ្ចី​លុយ​រដ្ឋ ជំពាក់​លុយ​រដ្ឋ ឥឡូវ​រដ្ឋ​រឹប​អូស​ផ្ទះ ដីធ្លី ។ល។ និង ។ល។ តើ​ធនាគារ​អេស៊ីលីដា មាន​គោលការណ៍​ឲ្យ​ប្រតិបត្តិករ​ឥណទាន​ផ្សព្វ​ផ្សាយ​ស្ថាប័ន​របស់​ខ្លួន​ជា​ស្ថាប័ន​រដ្ឋ​មែន​ដែរ ឬយ៉ាង​ណា? ចម្លើយ គឺ​ថា ធនាគារ​គ្មាន​គោលការណ៍​ឲ្យ​បុគ្គលិក​ធ្វើ​បែប​នោះ​ឡើយ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន​នៅ​ថៃ​ផលិត​កញ្ចប់​ចំណី​អាហារ​ធ្វើ​ពី​ឫស្សី​និង​ដំឡូង​​ដើម្បី​កាត់​បន្ថយ​សំរាម

ព័ត៌មាន
ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​នៅ​ក្នុង​ប្រទេស​ថៃ ក្រុមហ៊ុន​មួយ​បាន​កែច្នៃ​ផលិត​សម្ភារៈ​ខ្ចប់​វេច​ចំណី​អាហារ ដែល​ប្រើ​វត្ថុ​ធាតុ​ដើម​ឫស្សី …

រដ្ឋាភិបាល​ប្រកាស​ឲ្យ​ធនាគារ​អេស៊ីលីដា​ប្តូរ​ស្លាក​សញ្ញា​ចេញ កុំ​ឲ្យ​ច្រឡំ​ថា​ជា​របស់​រដ្ឋ

ព័ត៌មាន
ដើម្បី​កុំ​ឲ្យ​ច្រឡំ​រូប​ហង្ស ឡូហ្គូ ធនាគារ​អេស៊ីលីដា ដូចគ្នា​នឹង​ឡូហ្គូ រូប​ហង្ស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ដែល​ជា​របស់​រដ្ឋ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ