ថ្លែងនាឱកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នាថ្ងៃទី២២ ខែធ្មូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅតែជាកត្តាសំខាន់ក្នុងការធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិ បើទោះបីការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាសមានការរីកចម្រើនយ៉ាងណាក្តី តួយ៉ាងការធ្វើពាណិជ្ជកម្មនៅលើសកលលោកប្រមាណ៩០% នាពេលបច្ចុប្បន្ននេះនៅតែចរាចរតាមផ្លូវទឹក។
ដោយមើលឃើញពីសក្កានុពលដ៏សំខាន់នៃការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យមានការរៀបចំជាយុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នាទៅវិញទៅមក ដើម្បីឱ្យកំពង់ផែនៅកម្ពុជាមានដំណើរការកាន់តែល្អ និងអភិវឌ្ឍន៍បន្ថែមទៀត ជាពិសេសកំពង់ផែនៅខេត្តព្រះសីហនុតែម្តង ដែលជាផែនាំមុខគេក្នុងការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។ ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ទិសដៅប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាមជ្ឈមណ្ឌលភស្តុភាកម្មក្នុងតំបន់តែម្តង គឺមិនសម្រាប់តែបម្រើជាប្រយោជន៍ជាតិប៉ុណ្ណោះទេ តែថែមទាំងជាផែដែលបម្រើឱ្យផលប្រយោជន៍តំបន់ផងដែរ។ សម្ដេចធិបតី បានសម្រេចប្រគល់ភារកិច្ចនេះឱ្យឯកឧត្តមឧបនាយករដ្ឋ មន្ត្រី ស៊ុន ចាន់ថុល ដើម្បីធ្វើការរៀបចំផែនការមេសម្រាប់អភិវឌ្ឍមជ្ឈមណ្ឌលភស្តុភាកម្មក្នុងតំបន់នេះ។
យ៉ាងណាមិញ ដើម្បីឈានដល់ការសម្រេចទិសដៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឱ្យរាជ រដ្ឋាភិបាលជប៉ុន សហការជាមួយកម្ពុជា ក្នុងការពិភាក្សាគ្នារៀបចំផែនការមេ និងលើកទឹកចិត្តដល់វិស័យឯកជនជប៉ុន ដើម្បីចូលរួមរួមជាដៃគូគន្លឹះក្នុងការពង្រីកលទ្ធភាព ជំរុញធ្វើឱ្យការអភិវឌ្ឍកំពង់ផែព្រះសីហនុ ក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់នេះអាចសម្រេចទៅបាន។ មិនតែប៉ុណ្ណោះ សម្តេចធិបតី ក៏បានជំរុញឱ្យមានការគិតគូរ ដល់ការរៀបចំទីតាំងបន្ថែមទៀត ដើម្បីត្រៀមពង្រីកវិសាលភាពឱ្យកាន់តែធំ ដ្បិតថា ការបង្កើតឱ្យមានមជ្ឈមណ្ឌលភស្តុភាកម្មសម្រាប់តំបន់ គឺត្រូវការទីតាំងធំទូលាយ៕