ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ទទួលអ្នកដំណើរតាមផ្លូវអាកាសជាង៤លាននាក់ មានការកើនឡើង១៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
ថ្នាក់ដឹកនាំរូបនេះបានបន្ថែមថា នៅក្នុងរយៈពេលនេះដែរមានជើងហោះហើរជាង៤ម៉ឺនជើង បានហោះហើរចេញចូលប្រទេសកម្ពុជា មានការកើនឡើង៩៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
ពាក់ព័ន្ធនឹងប្រតិបត្តិការហោះហើរនេះដែរ ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់បន្ថែមថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរជាតិ និងអន្តរជាតិ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជាមធ្យមមានជើងហោះហើរជាង៩រយជើង ក្នុងមួយសប្តាហ៍បានហោះហើរចេញនិងចូលអាកាសយានដ្ឋានអន្តរជាតិទាំងបី និងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងក្រៅស្រុកចំនួន ៣២ក្រុមហ៊ុនកំពុងតភ្ជាប់ជើងហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង៨ រួមទាំងចិន កូរ៉េខាងត្បូង តំបន់រដ្ឋាភិបាលពិសេសហុងកុង កោះតៃវ៉ាន់ និងរដ្ឋកាតាផងដែរ។
ជារួមថ្នាក់ដឹកនាំរូបនេះសន្មតថា ស្ថានភាពវិស័យឧស្សាហកម្មតាមផ្លូវអាកាសនៅកម្ពុជាបានស្ដារឡើងវិញជាង៥៥% ហើយ បើធៀបទៅនឹងឆ្នាំ២០១៩ មុនពេលមិនទាន់មានវិបត្តិជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិ កំពុងដំណើរការចំនួន៣ រួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
ជាមួយគ្នានេះកម្ពុជាកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិ ចំនួនពីរបន្ថែមទៀតរួមមានអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដោយបច្ចុប្បន្នសម្រេចការសាងសង់បានជាង៥៥% និងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដែលបច្ចុប្បន្នបានបញ្ចប់ការសាងសង់ស្ទើរ១០០%ហើយ៕
អត្ថបទ៖ បូ ដូឡា