សេដ្ឋកិច្ចអង់គ្លេស

សេដ្ឋកិច្ចអង់គ្លេសប្រឈមនឹងការធ្លាក់ចូលក្នុងវិបត្តិកាន់តែខ្លាំង ខណៈនាយករដ្ឋមន្ត្រីអាចនឹងរបូតពីតំណែងឆាប់ៗនេះ


ក្រុមអ្នកវិភាគនៃស្ថាប័នហិរញ្ញវត្ថុដ៏ធំរបស់អាមេរិក Goldman Sachs បានបន្ទាបទស្សនវិស័យសេដ្ឋកិច្ចរបស់អង់គ្លេស បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ គឺលោកស្រី លីស ត្រាស បានដកតំណែងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Kwasi Kwarteng និងបាកលុបចោលនូវការបង្កពន្ធសាជីវកម្ម។
សេដ្ឋកិច្ចអង់គ្លេសប្រឈមនឹងការធ្លាក់ចូលក្នុងវិបត្តិកាន់តែខ្លាំង

នៅចំពេលដែល គោលនយោបាយរបស់លោកស្រី លីស ត្រាសកំពុងធ្វើឲ្យសេដ្ឋកិច្ចប្រទេសកាន់តែរង្គោះរង្គើខ្លាំងឡើង មិនមានភាពប្រសើរឡើងសោះនោះ ឥឡូវនេះ សមាជិកសភាអង់គ្លេសនឹងព្យាយាមដកតំណែងនាយករដ្ឋមន្ត្រីពីលោកស្រីនៅសប្តាហ៍នេះ បើទោះជាមានការព្រមានរបស់ការិយាល័យរដ្ឋាភិបាលអង់គ្លេស ដោនីងស្ទ្រីត (Downing Street) ថា វាអាចបង្កឱ្យមានការបោះឆ្នោតសកលយ៉ាងណាក៏ដោយ។ នេះបើតាមកាសែតអង់គ្លេស Daily Mail ។

កាសែតរបស់អង់គ្លេសដដែលនេះបានរាយការណ៍ថា សមាជិកសភាជាង ១០០ នាក់ដែលជាសមាជិកគណបក្សអភិរក្សដែលកំពុងកាន់អំណាចបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីដាក់លិខិតសម្ដែងពីការគ្មានទំនុកចិត្តចំពោះលោកស្រី លីស ត្រាស ទៅកាន់លោក ក្រាហេម ប្រេឌី (Graham Brady) ដែលជាប្រធានគណៈកម្មាធិការរបស់គណបក្សអភិរក្សដែលទទួលបន្ទុករៀបចំការប្រកួតប្រជែងភាព ជាអ្នកដឹកនាំរដ្ឋាភិបាលអង់គ្លេស។

ចក្រភពអង់គ្លេស ដែលបានជាប់ផុងក្នុងវិបត្តិនយោបាយ និងនិន្នាការដាំក្បាលចុះនៃសេដ្ឋកិច្ចនោះ បានបាត់បង់នាយករដ្ឋមន្ត្រីចំនួន ៣រូបរួចមកហើយចាប់តាំងពីប្រទេសនេះបានបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុបនៅក្នុងឆ្នាំ ២០១៦។

របាយការណ៍បាននិយាយថា សមាជិកសភានឹងជំរុញឱ្យលោក ប្រេឌី ប្រាប់លោកស្រី ត្រាស ថា «ពេលវេលារបស់លោកស្រីគឺអស់ហើយ» ឬក៏ប្រាប់ឱ្យផ្លាស់ប្តូរច្បាប់របស់គណបក្សនយោបាយមួយនេះ ដើម្បីអនុញ្ញាតឱ្យមានការបោះឆ្នោតភ្លាមៗលើការដឹកនាំរបស់លោកស្រី។

របាយការណ៍នេះបានបន្ថែមថាលោក ប្រេឌី កំពុងតែទំទាស់នឹងវិធានការទាំងនេះ ដោយលោកបានលើកហេតុផលថាលោកស្រី ត្រាស រួមជាមួយអធិការបតីលោក ជេរ៉េមី ហាន់ (Jeremy Hunt) ដែលទើបតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ គឺសមនឹងទទួលបានឱកាសមួយក្នុងការកំណត់យុទ្ធសាស្ត្រសេដ្ឋកិច្ចសម្រាប់កញ្ចប់ថវិកាមួយនៅថ្ងៃទី៣១ ខែតុលា។

ដោយឡែក កាសែត The Times បានរាយការណ៍ថា សមាជិកសភាមួយចំនួនបានធ្វើការពិភាក្សាដោយសម្ងាត់ពីការដាក់មេដឹកនាំថ្មីជំនួសលោកស្រី ត្រាស ខណៈដែលលោកស្រីកំពុងខំប្រឹងតស៊ូសម្រាប់ការបន្តតំណែងរបស់លោកស្រី ក្រោយពីបានដកចេញផ្នែកសំខាន់ខ្លះនៃកម្មវិធីនយោបាយរបស់ខ្លួន បន្ទាប់ពីរងការរិះគន់ថា វាជាកំហុស ដែលជំរុញឲ្យមានស្ថានភាពសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន។

ទោះយ៉ាងណា រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីលោក ហាន់ បានសន្យាថា លោកនឹងនាំមកវិញនូវភាពជឿជាក់ខាងសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ដោយការទទួលខុសត្រូវពេញលេញសម្រាប់ផែនការចំណាយរបស់រដ្ឋាភិបាល ហើយលោកក៏បានទទូចសុំឱ្យលោកស្រី ត្រាស បន្តធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសនេះផងដែរ។

ក្រុមអ្នកវិភាគ Goldman Sachs បានបន្ទាបចក្ខុវិស័យសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសបន្ទាប់ពីលោកស្រី ត្រាស បានធ្វើការរុះរើរដ្ឋមន្ត្រីហិរញ្ញវត្ថុកាលពីថ្ងៃសុក្រ ទី១៤ តុលា។ របាយការណ៍របស់ស្ថាប័នហិរញ្ញវត្ថុអាមេរិកមួយនេះ បានអះអាងថា ការកប់ខ្លួននៅក្នុងសម្ទុះកំណើនខ្សោយ លក្ខខណ្ឌហិរញ្ញវត្ថុតឹងតែង និងពន្ធសាជីវកម្មខ្ពស់ចាប់តាំងពីខែមេសាឆ្នាំក្រោយតទៅ គឺសុទ្ធសឹងជាកត្តា ដែលជំរុញឲ្យមានការបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់អង់គ្លេស ហើយវាបង្ហាញឲ្យឃើញពីការធ្លាក់ចូលទៅក្នុងវិបត្តិកាន់តែច្បាស់ជាងមុនផងដែរ។

ក្រុមអ្នកវិភាគនេះបានកែប្រែការព្យាកររបស់ខ្លួនពីទិន្នផលសេដ្ឋកិច្ចចក្រភពអង់គ្លេសសម្រាប់ឆ្នាំ២០២៣ពីអត្រាចុះត្រឹម ០,៤% ទៅអត្រាធ្លាក់ចុះ ១% វិញ និងបានកែប្រែការព្យាករអតិផរណាស្នូលពីអត្រា ៣,១% ទៅដល់អត្រា ៣,៣% វិញនៅចុងឆ្នាំ២០២៣៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តើធនាគារកណ្ដាលចិនដាក់ចេញគោលនយោបាយកម្ចីអ្វីខ្លះ ដើម្បីរក្សាអត្រាការប្រាក់កុំឲ្យប្រែប្រួល?

ព័ត៌មាន
ស្របពេលដែលធនាគារកណ្ដាលនៅប្រទេសសេដ្ឋកិច្ចធំៗជាច្រើនដំឡើងអត្រាការប្រាក់គោលបន្តកន្ទុយគ្នា ដើម្បីប្រយុទ្ធទប់ទល់នឹងអតិផរណានោះ ធនាគារកណ្តាលនៃប្រទេ…

ក្រុមហ៊ុនយក្ស Apple ផ្អាកផែនការប្រើប្រាស់ឈីបរបស់ក្រុមហ៊ុនចិន សម្រាប់បំពាក់លើ iPhone ក្រោយរងសម្ពាធពីអាមេរិក

ព័ត៌មាន
: ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានផ្អាកផែនការប្រើប្រាស់ឈីបអង្គចងចាំ ពីក្រុមហ៊ុនចិនដ៏ធំបំផុតមួយ ដើម្បីបំពាក់លើផលិតផលរបស់ខ្លួន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ