ទិន្នន័យបង្ហាញថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិ អ៊ីនឈុនរបស់កូរ៉េខាងត្បូង ទទួលបានអ្នកដំណើរអន្តរជាតិ រហូតដល់ទៅប្រមាណជាង៣៨លាននាក់ គឺខ្ពស់ជាងអាកាសយានដ្ឋាន Heathrow របស់អង់គ្លេស ដែលទទួលបានអ្នកដំណើរអន្តរជាតិប្រមាណជាង៣៧លាននាក់ ខណៈអាកាសយានដ្ឋាន Changi របស់សិង្ហបុរី ទទួលបានអ្នកដំណើរអន្តរជាតិ ជាង៣៤លាននាក់។
ការកើនឡើងចំនួនអ្នកដំណើរនៅអាកាសយានដ្ឋាន អ៊ីនឈុន មួយផ្នែកដោយសារអ្នកដំណើរដែលធ្លាប់ឆ្លងកាត់មជ្ឈមណ្ឌលអាកាសចរណ៍នៅតំបន់មជ្ឈិមបូព៌ា ជាពិសេសទីក្រុងឌូបៃ បានប្តូរមកឆ្លងកាត់កូរ៉េខាងត្បូងវិញដោយសារស្ថានការណ៍ជម្លោះ។ ជាក់ស្តែងចំនួនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋាន អ៊ីនឈុន បានកើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអ្នកដំណើរ ដែលធ្វើដំណើរបន្តទៅអឺរ៉ុប កើនឡើងរហូតដល់ទៅជាង៦៣%។
បច្ចុប្បន្នអាកាសយានដ្ឋាន អ៊ីនឈុន ភ្ជាប់ជើងហោះហើរទៅកាន់១៥៨គោលដៅអន្តរជាតិ ដែលជួយឱ្យអាកាសយានដ្ឋាននេះ អាចទទួលបានអ្នកដំណើរកាន់តែច្រើន និងពង្រឹងតួនាទីជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់មួយនៅអាស៊ី៕
ដោយ: តែម សុខុម