ប្រទេសនៅអាស៊ីអាគ្នេយ៍ និង អាស៊ីខាងត្បូង ដូចជា វៀតណាម និង ឥណ្ឌា បានក្លាយជាជម្រើសដំបូងនៃការវិនិយោគ ដោយសារកម្លាំងពលកម្មមានច្រើន និងតម្លៃទាប។ បើទោះបីជា វៀតណាម គឺជា គោលដៅកំពូលសម្រាប់រោងចក្រវិនិយោគក្តី ប៉ុន្តែ គេសង្កេតឃើញថា ប្រទេសមីយ៉ាន់ម៉ា និង កម្ពុជាកំពុងរត់តាមទាន់ប្រទេសនេះហើយនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើតាមការគូសបញ្ជាក់ពីអ្នកជំនាញនៅក្នុងឧស្សាហកម្មកាត់ដេរ ដែលបានអះអាងនៅក្នុងសារព័ត៌មានចិន Caixinglobal។
ការផ្លាស់ប្តូរទីតាំងរោងចក្រផលិតជាច្រើនពីប្រទេសចិន ត្រូវបានគេមើលឃើញថា ហេតុផលចម្បងបំផុតនោះ គឺដោយសារតែទទួលរងនូវការចំណាយខ្ពស់ បូករួមទាំងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ ចាប់ពីខែតុលា ឆ្នាំ ២០២១ ដល់ ខែ មីនា ឆ្នាំ ២០២២ ប្រទេសចិនបានបាត់បង់ចំណែកប្រហែល ៥% នៃការនាំចេញវាយនភណ្ឌរបស់ខ្លួន, ៧% នៃគ្រឿងសង្ហារឹម និង ២% នៃការបញ្ជាទិញនាំចេញគ្រឿងយន្ត និង អគ្គិសនីពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ នេះបើយោងតាមទិន្នន័យគយរបស់សហរដ្ឋអាមេរិក។ ទោះយ៉ាងណា អ្នកជំនាញបានអះអាងថា បញ្ហានេះ មិនបានធ្វើឱ្យខូចខាតខ្លាំងដល់មូលដ្ឋានផលិតកម្មរបស់ប្រទេសចិននោះទេ ដោយសារតែការផ្លាស់ប្តូរនេះ ភាគច្រើនពាក់ព័ន្ធនឹងឧស្សាហកម្ម ដែលមានការកែច្នៃកម្រិតទាបតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន និង អ្នកវិនិយោគចិនបានចូលរួមយ៉ាងស៊ីជម្រៅក្នុងការផ្លាស់ប្តូរទីតាំងផលិតកម្ម ដែលនឹងជួយដល់ការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មរបស់ប្រទេសរបស់ខ្លួន។
យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Everbright Securities ការផ្លាស់ប្តូរទីតាំងរោងចក្រទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសវៀតណាម គឺ ផ្តោតជាសំខាន់លើផ្នែកវាយនភណ្ឌ គ្រឿងសង្ហារឹម និង ការផ្គុំគ្រឿងអេឡិចត្រូនិកដែលមានតម្លៃទាប។ក្នុងនោះ វៀតណាមបានក្លាយជាជម្រើសធំបំផុតសម្រាប់ប្រទេសចិនក្នុងការផលិតសម្លៀកបំពាក់ និង គ្រឿងសង្ហារឹម។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា បានខិតខំប្រឹងប្រែងក្នុងការប្រណាំងប្រជែងដើម្បីទាក់ទាញការវិនិយោគពីបរទេស ដោយណែនាំពីការកាត់បន្ថយពន្ធ និងការលើកលែងនានា រួមផ្សំទាំងការលើកទឹកចិត្តផ្សេងៗផងដែរ។ សម្រាប់កម្ពុជា ក្រុមហ៊ុនបរទេសត្រូវបានលើកលែងពន្ធនាំចូល និង នាំចេញសម្រាប់រយៈពេល ១ ឆ្នាំ និង ពន្ធលើប្រាក់ចំណូលសាជីវកម្មរយៈពេល ៣ ទៅ ៥ ឆ្នាំ ប្រសិនបើពួកគេបំពេញតាមតម្រូវការកំណត់ដោយក្រុមប្រឹក្សាវិនិយោគកម្ពុជា។ លើសពីនេះទៅទៀត រយៈពេលលើកលែងពន្ធអាចបន្តរហូតដល់៩ឆ្នាំ ប្រសិនបើក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា។
បើតាមអ្នកជំនាញ កំណើននៃការនាំចេញរបស់កម្ពុជាបានបង្កើនល្បឿន និងប្រសើរឡើងជិតប្រហែលប្រទេសវៀតណាមផងដែរមកដល់ពេលនេះ។ យោងតាមអាជ្ញាធរគយរបស់ប្រទេសកម្ពុជា ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយប្រទេសដៃគូទាំងអស់ឈានដល់ជាង ២២ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២២ កើនឡើង ១៩,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញសរុបបានកើនឡើងដល់ជាង ៩ ពាន់លានដុល្លារ កើនឡើងជាង ៣៤% ពីមួយឆ្នាំទៅមួយឆ្នាំ។ ទំនិញនាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ ផលិតផលធ្វើស្បែក និងស្បែកជើង។
ម្យ៉ាងវិញទៀត ប្រទេសចិនគឺជាប្រភពនាំចូលកំពូលរបស់កម្ពុជា ខណៈការនាំចេញទៅប្រទេសចិនបានកើនឡើងគិតជាទឹកប្រាក់ដល់ជិត ៥ ពាន់លានដុល្លារ កើនឡើងជាង ៣១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សហរដ្ឋអាមេរិកជាគោលដៅនាំចេញធំមួយរបស់កម្ពុជាផងដែរ ចាប់ពីខែមករាដល់ ខែ ឧសភា កម្ពុជាបានដឹកជញ្ជូនទំនិញទៅសហរដ្ឋអាមេរិកគិតជាទឹកប្រាក់ចំនួនជិត ៤ ពាន់លានដុល្លារ កើនឡើងជិត ៥៨% ធៀបនឹងឆ្នាំមុន។
គួរបញ្ចាក់ថា លោក He Enjia ប្រធានសមាគមវាយនភណ្ឌ និងកាត់ដេរចិននៅកម្ពុជាបានថ្លែងថា មុនឆ្នាំ ២០១៨ មានរោងចក្រកាត់ដេរចិនតែ ១៩០ រោងចក្រនៅកម្ពុជា ហើយនៅឆ្នាំ ២០១៩ រោងចក្រថ្មីប្រហែល ៤០ ត្រូវបានបង្កើតឡើង បន្ទាប់កើនឡើងប្រហែល ៧៥ បន្ថែមទៀតនៅឆ្នាំ ២០២១ សរុបទៅគឺមានជាង៣០០រោងចក្រ។
លោកបានបន្តថា បើទោះបីជាកំណើនរោងចក្រកាត់ដេរថ្មីដែលមានប្រភពមកពីប្រទេសចិនកំពុងធ្លាក់ចុះក្នុងឆ្នាំនេះ ប៉ុន្តែការពង្រីកឧស្សាហកម្មកាត់ដេរនៅកម្ពុជានៅតែបន្ត។
ដោយឡែក ប្រទេសមីយ៉ាន់ម៉ាក៏ជាគោលដៅដ៏ពេញនិយមមួយផ្សេងទៀតសម្រាប់រោងចក្រកាត់ដេររបស់ចិនដែលផ្លាស់ប្តូរផលិតកម្មផងដែរ។
លោក Shi Kun ប្រធានសមាគមវាយនភណ្ឌ និងកាត់ដេរចិនក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយថា រោងចក្រកាត់ដេរប្រហែល ៧០% នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានប្រភពមកពីប្រទេសចិន ខណៈការចូលដំណើរការរបស់មីយ៉ាន់ម៉ានឹងទទួលបានការអនុគ្រោះពន្ធពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុនបានទាក់ទាញសហគ្រាសចិនជាច្រើន។ លោក Shi បានឱ្យដឹងថា ចំនួនរោងចក្រកាត់ដេរនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងពីតិចជាងជាង ៥០០ ក្នុងឆ្នាំ ២០១៩ ។ ក្នុងនោះ ការនាំចេញសម្លៀកបំពាក់របស់ប្រទេសនេះសរុបមានចំនួនជាង ៥ ពាន់លានដុល្លារនៅចន្លោះឆ្នាំ ២០១៨ និង ២០១៩។
យ៉ាងណាម៉េញ កំណើនយ៉ាងឆាប់រហ័សត្រូវបានរំខានដោយជំងឺរាតត្បាតនៅឆ្នាំ ២០២០ និង ភាពចលាចលនយោបាយនៅឆ្នាំ ២០២១។ យោងតាមក្រសួងពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ា តម្លៃពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះជិត២០% ពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីខែតុលា ឆ្នាំ ២០២០ មក។
គួរជម្រាបថា នៅពេលដែលតម្លៃពលកម្មនៅវៀតណាមកើនឡើង កម្ពុជា និង មីយ៉ាន់ម៉ាបានក្លាយជាទិសដៅវិនិយោគដ៏ពេញនិយមកាន់តែខ្លាំងឡើង ដើម្បីដណ្តើមយកសមត្ថភាពផលិតកម្មនៅក្នុងតំបន់។ ប៉ុន្តែការចំណាយក្នុងប្រទេសទាំងពីរក៏ឡើងថ្លៃដែរ។ មុនឆ្នាំ ២០១២ តម្លៃពលកម្មរបស់កម្ពុជាមានកម្រិតទាបជាងប្រទេសវៀតណាម ដែលមានប្រាក់ខែគោល ៦១ ដុល្លារក្នុងមួយខែ ខណៈឥឡូវនេះបានកើនឡើងដល់ ១៩៤ ដុល្លារក្នុងមួយខែ ហើយបានកើនឡើងបីដង ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ៕