រុស្សីថា បើណាតូហ៊ានឈ្លានពានគ្រីមៀរមែន នឹងនាំឲ្យផ្ទុះសង្គ្រាមលោកលើកទី៣ភ្លាម!

ណាតូដាក់ទ័ពជាង៣សែននាក់ប្រុងជើងការ ខណៈរុស្សីព្រមានខ្លាំងៗថា ពីការផ្ទុះសង្គ្រាមលោកលើកទី៣


អតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) ត្រូវបានស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុកមួយថា បើតំបន់គ្រីមៀរត្រូវបានឈ្លានពានដោយអង្គការសម្ព័ន្ធយោធាណាតូមែន វាស្មើនឹងការប្រកាសង្គ្រាមជាមួយរុស្សី ហើយ "សង្គ្រាមលោកលើកទីបី" នឹងផ្ទុះឡើងភ្លាម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ណាតូដាក់ទ័ពជាង៣សែននាក់ប្រុងជើងការ ខណៈរុស្សីព្រមានខ្លាំងៗថា ពីការផ្ទុះសង្គ្រាមលោកលើកទី៣

ការ​លើក​ឡើង​របស់​អតីត​ប្រធានាធិបតី​រុ​ស្ស៊ី​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល អង្គការ​ណា​តូ​ត្រៀម​នឹង​បង្កើន​កងទ័ព​ជាង ៣ សែន​នាក់​បន្ថែម ដើម្បី​ប្រុង​ជើងការ​ខ្ពស់ ដែល​ជា​យុទ្ធសាស្ត្រ​ថ្មី​ក្នុង​ការ​ឆ្លើយ​តប​នឹង​គំរាមកំហែង ដោយ​ផ្ទាល់​ពី​សំណាក់​រុ​ស្សី ក្រោយ​ពី​បាន​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​អស់​រយៈពេល​បួន​ខែ​កន្លង​មកនេះ​។

លោក Medvedev បាន​ថ្លែង​ក្នុង​គេហទំព័រ​ព័ត៌មាន (Argumenty i Fakty) ក្នុងស្រុក​រុ​ស្សី​ថា "​ដែនដី​គ្រី​មៀរ​ជា​ផ្នែក​មួយ​របស់​ប្រទេស​រុ​ស្សី ហើយ​វា​មិន​អាច​កាត់​ផ្តាច់​ពី​រុ​ស្សី​បាន​ឡើយ​។ ការ​ប៉ុនប៉ង​ណាមួយ ដើម្បី​រំលោភ​បំពាន​លើ​តំបន់​គ្រី​មៀរ គឺជា​ការ​ប្រកាសសង្គ្រាម​ប្រឆាំង​នឹង​ប្រទេស​រុ​ស្សី​ហើយ​"​។

អតីត​ប្រធានាធិបតី​រុ​ស្ស៊ី​រូប​នេះ បាន​បន្ថែម​យ៉ាង​ច្បាស់​ៗ​ថា "​ប្រសិនបើ​ទ​ង្វើ​ឈ្លានពាន​ត្រូវ​បាន​ធ្វើ​ដោយ​រដ្ឋ​សមាជិក​ណា​តូ នោះ​មាន​ន័យ​ថា រុ​ស្សី​នឹង​ប្រកា​សង្គ្រាម​ជាមួយ​សម្ព័ន្ធមិត្ត​ណា​តូ​ទាំងមូល ហើយ​សង្គ្រាមលោក​លើក​ទី​បី​នឹង​ផ្ទុះ​។

លោក Medvedev ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុ​ស្ស៊ី ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា ប្រសិនបើ​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត ចូល​ជា​សមាជិកភាព​របស់​អង្គការ​ណា​តូ​មែន នោះ​រុ​ស្ស៊ី​ក៏​នឹង​ពង្រឹង​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​ទាំង​ពីរ​នេះ​ដែរ ហើយ​ក៏​នឹង "​ត្រៀមខ្លួន​សម្រាប់​ការ​វាយបក​វិញ​" ដោយ​វិមាន​ក្រឹម​ឡាំង​នឹង​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​អ៊ី​ស្កេ​ន​ដើ (Iskander) របស់​ខ្លួន​នៅ​តាម​ព្រំដែន​ផង​ដែរ​។

អតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev)

យ៉ាងណាមិញ ស្រប​ពេល​ដែល​សង្គ្រាម​លើ​អ៊ុយ​ក្រែ​ន​បាន​អូស​បន្លាយ​ជាង​បួន​ខែ​មកនេះ អគ្គលេខាធិការ​អង្គការ NATO លោក​ចី​ន ស្តូ​ថេ​ន​បើក (Jens Stoltenberg) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា ណា​តូ​នឹង​អនុម័ត​បង្កើន​ចំនួន​កងទ័ព ៧ ដង​បន្ថែម​ទៀត ស្មើនឹង​ជាង ៣ សែន​នាក់ បើ​ធៀប​នឹង​បច្ចុប្បន្ន​មាន​ត្រឹម ៤ ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​ជា​កងកម្លាំង​ឆ្លើយ​តប​ពិសេស (NRF) របស់​ណា​តូ​។

លើស​ពី​នេះ កងទ័ព​ថ្មី​នេះ គឺ​ត្រូវ​ដាក់​ជា​កម្លាំង​ដែល​ប្រុង​ជើងការ​ខ្ពស់ ដែល​ជា​យុទ្ធសាស្ត្រ​របស់​ណា​តូ​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​គំរាម​គំ​ហែង​ដោយ​ផ្ទាល់​ពី​សំណាក់​រុ​ស្សី​កន្លង​ទៅ​។

លោក Stoltenberg បាន​និយាយ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល មុន​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ នៅ​ចុង​ស​ប្តា​ហ៍​នេះ នៅ​ទីក្រុង​ម៉ា​ឌ្រី​ត​ថា "​រុ​ស្ស៊ី​បាន​ដើរ​ចេញ​ដោយ​ខ្លួនឯង​ពី​ភាព​ជា​ដៃគូ និង​កិច្ច​សន្ទនា​ផ្សេង​ៗ ដែល​ណា​តូ​បាន​ព្យាយាម​បង្កើត​ជាមួយ​រុ​ស្ស៊ី​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​" មកនេះ​។

អគ្គលេខាធិការ​អង្គការ​ណា​តូ​រូប​នេះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា "​ទីក្រុង​ម៉ូ​ស្គូ​ខ្លួនឯង​បាន​ជ្រើសរើស​យក​ការ​ប្រឈម​មុខ​យោធា​ដាក់​គ្នា​ជាមួយ​ណា​តូ ជំនួស​ឱ្យ​ការ​សន្ទនា ហើយ​ណា​តូ​គ្មាន​ជម្រើស​ណា​ក្រៅពី​ឆ្លើយ​តប​វិញ​នោះ​ទេ​។

ក្នុង​នោះ​ដែរ លោក Stoltenberg បាន​និយាយ​ថា កងកម្លាំង​យោធា​របស់​អង្គការ​ណា​តូ​នៅ​ភាគ​ខាងកើត ដែល​ជាប់​នឹង​ព្រំដែន​ប្រទេស​រុ​ស្សី​ផង​នោះ ពិសេស​រដ្ឋ​នៅ​ជុំវិញ​សមុទ្រ​បាល់​ទិ​ក នឹង​ត្រូវ​បន្ថែម​កម្លាំងយោធា ក៏​ដូច​ជា​ពង្រឹង​ដើម្បី​ត្រៀមប្រយុទ្ធ​ផង​ដែរ​។

លោក​ចី​ន ស្តូ​ថេ​ន​បើក ដែល​ជា​អគ្គលេខាធិការ​អង្គការ​ណា​តូ​ដដែល បាន​ស​ង្គ​ត់​ធ្ងន់​ៗ​ថា “​សម្ព័ន្ធមិត្ត​ទាំងអស់​ត្រូវ​តែ​យល់​យ៉ាង​ច្បាស់​ថា រុ​ស្ស៊ី​ពិតជា​បង្ក​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​របស់​ពួក​យើង ចំពោះ​គុណ​តម្លៃ​ស្នូល និង​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់​។

គួរ​ជម្រាប​ដែរ​ថា ការ​ឈ្លានពាន​របស់​រុ​ស្សី​ទៅ​លើ​អ៊ុយ​ក្រែ​ន​នៅ​ខែកុម្ភៈ បាន​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ភូមិសាស្ត្រ​នយោបាយ​ដ៏​ធំ​មួយ​នៅ​ទ្វីបអឺរ៉ុប​ចាប់តាំងពី​សង្គ្រាមត្រជាក់​មក ដោយ​បាន​ជំរុញ​ឱ្យ​ប្រទេស​អព្យាក្រឹត​ដូច​ជា​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​បាន​សម្រេច​សុំ​ចូល​ជា​សមាជិកភាព​នៃ​អង្គការ​ណា​តូ ហើយ​និង​អ៊ុយ​ក្រែ​ន​ចូល​ជា​បេក្ខភាព​នៃ​សហភាព​អឺរ៉ុប​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃទស្សនកិច្ច៤ថ្ងៃនៅកម្ពុជា ដោយសន្យាបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈការទូត

ព័ត៌មាន
លោកជំទាវ អ័រណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសថៃ នឹងមកធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាជាលើកដំបូង ក្នុងរ…

ប្រធានាធិបតីអ៊ុយក្រែនស្នើG7 ជួយបញ្ចប់សង្គ្រាមឱ្យបានមុនរដូវរងាដំណាច់ឆ្នាំនេះ

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូលូឌីមៀ ហ្សេលេនស្គី កាលពីចន្ទសប្តាហ៍នេះ បានជំរុញឱ្យមហាអំណាចពិភពលោក ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយបញ្ចប់ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ