ទំហំពាណិជ្ជកម្ម

កម្ពុជានិងប្រទេសក្នុងតំបន់អាស៊ានសម្រេចបានទំហំពាណិជ្ជកម្មជាង៤ពាន់លានដុល្លារនៅ៣ខែឆ្នាំនេះ កើនជិត១៩%


ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយប្រទេសក្នុងតំបន់អាស៊ានបានឈានដល់ជាង៤ពាន់លានដុល្លារអាម៉េរិកនៅត្រីមាសទី១ឆ្នាំ២០២៤ មានការកើនឡើងជិត១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ានទាំងនោះ វៀតណាម និងថៃនៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយប្រទេសទាំងពីរនេះមានទំហំរហូតដល់ជាង៣ពាន់៤រយលានដុល្លារអាម៉េរិក។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសព្រុយណេនិងឥណ្ឌូនេស៊ីមានកំណើនខ្ពស់ជាងគេនៅ៣ខែឆ្នាំនេះ។
ទំហំពាណិជ្ជកម្ម
ដោយ

ស្ថិតិពាណិជ្ជកម្មរបស់កម្ពុជា ដែលផ្តល់ដោយក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាននៅត្រីមាសទី១ឆ្នាំ២០២៤ មានទំហំសរុបជាង៤ពាន់៣រយលានដុល្លារអាម៉េរិក កើនឡើងជិត១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជានាំចេញទៅកាន់ប្រទេសទាំងនោះសម្រេចបានជិត១ពាន់៨រយលានដុល្លារអាម៉េរិកកើនឡើងជាង៣៣% ខណៈកម្ពុជានាំចូលមកវិញមានទំហំជាង២ពាន់៥រយលានដុល្លារអាម៉េរិកកើនឡើង១០%។ កំណើនទំហំពាណិជ្ជកម្មនេះ សបញ្ជាក់ឱ្យឃើញថា បញ្ហាសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្កាហ្សា និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ មិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាននោះទេ។

បើយោងតាមស្ថិតិពាណិជ្ជកម្មខាងលើ វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅត្រីមាសទី១ឆ្នាំនេះមានរហូតដល់ជាង២ពាន់៣រយលានដុល្លារ កើនឡើងជាង២៤% ដែលតាមពីក្រោយដោយថៃមានទំហំជាង១ពាន់១រយលានដុល្លារកើនឡើងជិត៦% បន្ទាប់មកសិង្ហបុរីមានទំហំជាង៣៥១លានដុល្លារកើនឡើងជាង៦៨%។

ប៉ុន្តែបើយើងក្រឡេកទៅមើលការនាំចេញរបស់កម្ពុជានៅក្នុងរយៈពេល៣វិញឃើញថា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសព្រុយណេមានកំណើនខ្ពស់ជាងគេរហូតដល់ជាង១១,០០០% ឯណោះ បើទោះបីទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅមានកម្រិតតិចតួចត្រឹមជាង៥លានដុល្លារអាម៉េរិកក៏ដោយ។ បើតាមការគូសបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម កំណើននាំចេញយ៉ាងគំហុករបស់កម្ពុជាទៅកាន់ប្រទេសនេះ ត្រូវបានជំរុញដោយសារនាំចេញអង្ករ និងសំបកកង់ថ្មី ដែលមានទំហំជាង២លាន៤សែនដុល្លារ ព្រោះផលិតផលទាំងពីរនេះជាផលិតផលថ្មី។

ជាមួយគ្នានេះ ឥណ្ឌូនេស៊ីបានក្លាយជាទីផ្សារចេញទំនិញមានកំណើនខ្ពស់ជាងគេទីពីររបស់កម្ពុជារហូតដល់ជាង៨៣% ដោយកំណើននេះត្រូវបានជំរុញដោយការនាំចេញបន្ទះសូឡាដែលមានទំហំជាង១២លានដុល្លារ ការនាំចេញក្រណាត់មានទំហំជាង២លានដុល្លារ និងការនាំចេញអង្ករជាង១លានដុល្លារ។ បើតាមការគូសបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម បន្ទះសូឡា និងអង្ករជាផលិតថ្មី ដែលកម្ពុជាបាននាំចេញទៅកាន់ប្រទេសនេះ។

គួរបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយទីផ្សារអន្តរជាតិសម្រេចបានជាង១២ពាន់៧រយលានដុល្លារអាម៉េរិកនៅត្រីមាសទី១ឆ្នាំនេះកើនឡើងជិត១៣% ក្នុងនោះកម្ពុជានាំចេញមានទំហំជាង៦ពាន់៣រយលានដុល្លារកើនឡើងជាង១៧% ខណៈកម្ពុជានាំចូលមានទំហំជាង៦ពាន់៣រយលានដុល្លារកើនឡើងជាង៩%៕

None



អត្ថបទបន្ទាប់


ការដាក់លក់សំបុត្ររបស់ Vietjet ដែលមិនដែលមានពីមុន៖ ត្រៀមខ្លួនសម្រាប់ការធ្វើដំណើរដែលមិនអាចបំភ្លេចបានរបស់អ្នកទៅកាន់ប្រទេសវៀតណាម និងប្រទេសជាច្រើនទៀត

ត្រៀមខ្លួនសម្រាប់ការប្រារព្ធពិធីដ៏វិសេសវិសាលនៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បង្ហាញ «Real Deal to New Me» ដែលជាពិធីបុណ្យដ៏ធំនៃ…

តៃវ៉ាន់គ្រោងប្រើយុទ្ធសាស្រ្តយកកិច្ចព្រមព្រៀងពាណិជ្ជកម្មធ្វើជាខែល ដើម្បីប្រឆាំងឥទ្ធិពលចិន

ស្របពេលដែលទំនាក់ទំនងការទូតរវាងតៃវ៉ាន់នឹងប្រទេសនានាកាន់តែមានតិចទៅៗនោះ អាជ្ញាធរកោះតៃវ៉ាន់កំពុងប្រើយុទ្ធសាស្រ្តយកកិច្ចព្រមព្រៀងពាណិជ្ជកម្មធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ