GDP របស់វៀតណាមកើនឡើង

GDP របស់វៀតណាមកើនឡើងក្នុងរង្វង់ ៥% នៅត្រីមាសទី១ឆ្នាំ ២០២២


ការិយាល័យស្ថិតិទូទៅវៀតណាមបានឱ្យដឹងនៅថ្ងៃអង្គារនេះថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើងក្នុងរង្វង់៥% នៅក្នុងត្រីមាសទី ១ ឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជា ស្ថានការពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ដែលបណ្ដាលមកពីវិបត្តិកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែនក្ដី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
GDP របស់វៀតណាមកើនឡើងក្នុងរង្វង់ ៥% នៅត្រីមាសទី១ឆ្នាំ ២០២២

កំណើនសេដ្ឋកិច្ច​វៀតណាម នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០២២ បើ​ធៀប​នឹង​នឹង​ត្រីមាស​ទី​៤ ដែល​ជា​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២១ គឺ​មាន​ប្រហាក់ប្រហែល​គ្នា​ដែរ​ក្នុង​រង្វង់​៥% ។  ប៉ុន្ដែ បើ​ក្រឡេក​ទៅ​មើល ត្រីមាស​ទី​៣ នៅ​ឆ្នាំ​២០២១​វិញ សេដ្ឋកិច្ច​វៀតណាម បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​មែនទែន​ដល់​ទៅ ជាង​៦% ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​១៩​រាតត្បាត​ធ្វើ​ឲ្យ​មានការ​បិទ​ខ្ទប់​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​វា​គឺជា​លើក​ទី​មួយ​ហើយ​ដែល​សេដ្ឋកិច្ច​វៀតណាម​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​នេះ គិត​ចាប់តាំងពី​ឆ្នាំ ២០០០ មក​។ 

ទោះ​យ៉ាងណា សម្រាប់​បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​របស់​វៀតណាម កំពុង​ចាប់ផ្ដើម​ដំណើរការ​ងើបឡើង​វិញ​ហើយ ក្រោយ​រង​ព្យុះ​ភ្លៀង​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។ ជាក់ស្ដែង​ការ​នាំ​ចេញ​របស់​វៀតណាម​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ ២០២២ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ជាង ៨៨​ពាន់​លាន​ដុល្លារ កើនឡើង ១៤% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ នៅ​ក្នុង​នោះ សហរដ្ឋអាមេរិក​គឺជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​ប្រទេស​វៀតណាម ដែល​មាន​ទំហំ​ទឹកប្រាក់​នាំ​ចេញ​ប្រមាណ ២៥ ពាន់​លាន​ដុល្លារ​នៃ​ការ​នាំ​ចេញ​។ 

យ៉ាងណា​ក៏​ដោយ ទីក្រុង​វ៉ា​ស៊ី​ន​តោន​ក៏​មានការ​ប្រុង​ប្រយ័ត្ន​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ឱនភាព​ពាណិជ្ជកម្ម​ដែល​កំពុង​កើនឡើង​ជាមួយ​វៀតណាម ខណៈ​អាជីវកម្ម​ពិភពលោក​ជា​ច្រើន​បាន​បន្ត​ផ្លាស់​ប្តូរ​ផលិតកម្ម​ពី​ប្រទេស​ចិន​ទៅ​កាន់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ ដើម្បី​គេច​ផុត​ពី​ការ​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និ​អា​មេ​រិ​ក ដែល​បាន​ដាក់បន្ទុក​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​នាំ​ចូល​រវាង​ប្រទេស​មហា​យក្ស​សេដ្ឋកិច្ច​ទាំង​ពីរ​នេះ​។

ជាមួយ​គ្នា​នេះ ការ​លក់រាយ​របស់​វៀតណាម រួម​ទាំង​ការ​លក់​សេវាកម្ម​បាន​កើនឡើង ៤,៤% ក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ ២០២២ ធៀប​នឹង​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២១​។ ក្រៅពី​នេះ រដ្ឋាភិបាល​វៀតណាម​កាលពី​ថ្ងៃ​ទី ១៥ ខែមីនា​ក៏​បាន​សម្រេចចិត្ត​បើក​ប្រទេស​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​បរទេស​ឡើង​វិញ​ផង​ដែរ ដើម្បី​បន្ត​ដង្ហើម​ចរន្ត​សេដ្ឋកិច្ច ដែល​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​។

យ៉ាងណា​ក៏​ដោយ កត្តា​ហានិភ័យ​សំខាន់​សម្រាប់​សេដ្ឋកិច្ច​វៀតណាម គឺ​ការ​កើនឡើង​នៃ​តម្លៃ​ទំនិញ​សម្ភារ​ដែៈ​ប្រើប្រាស់ ដែល​ល​បណ្តាល​មក​ពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ បែប​នេះ​ក្ដី វៀតណាម មាន​ពាណិជ្ជកម្ម​ផ្ទាល់​ជាមួយ​រុ​ស្ស៊ី ១% និង​ជាមួយ​អ៊ុយ​ក្រែ​ន​វិញ​មាន​ត្រឹមតែ​០,១%​ប៉ុណ្ណោះ​។ ដូច្នេះ បើ​មើល​ជា​រួម​ផល​ប៉ះពាល់​ផ្ទាល់​មក​លើ​សេដ្ឋកិច្ច​វៀតណាម​បណ្ដាល​មក​ពី​សង្គ្រាម​នៃ​ប្រទេស​ទាំង​ពីរ​នេះ​គឺ​មាន​តិចតួច​ប៉ុណ្ណោះ​។

ទោះ​យ៉ាងណា ផល​ប៉ះពាល់​ប្រយោល​នៅ​តែ​កើត​មាន​សម្រាប់​វៀតណាម ដោយ​តាម​រយៈ​ការ​កើនឡើង​នៃ​តម្លៃ​វត្ថុធាតុដើម​ពិភពលោក​នា​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យ​ផល​ប៉ះពាល់​ទៅ​លើ​ឧស្សាហកម្ម​ផលិតកម្ម​របស់​វៀតណាម​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​។ កត្តា​នេះ អាច​នឹង​ប​ន្ទុ​ច់​បង្អាក់​ដល់​កំណើន​លូត​លាត់​នៃ​សេដ្ឋកិច្ច​របស់​វៀតណាម ដែល​ពឹងផ្អែក​ខ្លាំង​លើ​ពាណិជ្ជកម្ម​បរទេស​។ កត្តា​អវិជ្ជមាន​មួយទៀត​សម្រាប់​សេដ្ឋកិច្ច​វៀតណាម គឺ​ការ​ឡើងថ្លៃ​ប្រេងសាំង​ជា​បន្តបន្ទាប់​។ ជាក់ស្ដែង ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​ចំនួន​ក្នុង​ប្រទេស​វៀតណាម​មិន​មាន​សាំង​គ្រប់គ្រាន់ ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ និង​អាជីវកម្ម​នានា​។

សូម​ជម្រាប​ថា GDP របស់​វៀតណាម​បាន​កើនឡើង ៧% ជា​រៀង​រាល់​ឆ្នាំ មុន​ពេល​ជំងឺ​រាតត្បាត​ចាប់ផ្តើម​។ ខណៈ​កាលពី​ខែធ្នូ​ឆ្នាំ​មុន ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​កំណត់​គោលដៅ​ឆ្នាំ ២០២២ សម្រាប់​អត្រាកំណើន​សេដ្ឋកិច្ច​របស់​វៀតណាម​នៅ​ត្រឹម ៦,៥% ប៉ុណ្ណោះ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកនឹងបើកការស៊ើបអង្កេតលើការនាំចូលសូឡាមកពីប្រទេសចំនួន៤ រួមទាំងកម្ពុជា

ព័ត៌មាន
មន្ត្រីពាណិជ្ជកម្មអាមេរិកនៅថ្ងៃទី ២៨ ខែមីនា បាននិយាយថា អាមេរិកនឹងចាប់ផ្តើមការស៊ើបអង្កេត ដែលអាចឈានដល់ការយកពន្ធលើបន្ទះសូឡា ដែលនាំចូលមកព…

កសិកររំពឹងថា មៀនប៉ៃលិននឹងមិនជួបបញ្ហាទីផ្សារដូចឆ្នាំមុនទេ

ព័ត៌មាន
ក្រុមកសិករដែលដាំមៀនប៉ៃលិន បានបង្ហាញក្ដីរំពឹងថា នៅពេលមៀនប៉ៃលិន អាចនាំចេញទៅកាន់ទីផ្សារចិន ផ្លែមៀនខ្មែរនឹងមិនប្រឈមបញ្ហាកកស្ទះ ដូចមុននោះទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ