ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅ៨ខែដំបូងនៅឆ្នាំ២០២២

ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានៅតែសម្រេចបានកំណើន២ខ្ទង់នៅ៨ខែដំបូងនៅឆ្នាំ២០២២


នៅរយៈពេល៨ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៣៧ពាន់លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងជាង២១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ជាង១៥ពាន់លានដុល្លារ កើនឡើងជាង២៦% និងការនាំចូលពីទីផ្សារអន្តរជាតិមកវិញមានចំនួនជិត ២២ពាន់លានដុល្លារ កើនឡើង១៨% ។ នេះបើយោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានៅតែសម្រេចបានកំណើន២ខ្ទង់នៅ៨ខែដំបូងនៅឆ្នាំ២០២២

ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អន្តរជាតិនៅរយៈពេល៨ខែនេះ នៅតែរក្សាបាននូវកំណើនខ្ពស់ ដែលបានបង្ហាញឲ្យឃើញពីកំណើនវិជ្ជមាននៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងរំពឹងថាកម្ពុជានៅតែអាចរក្សាបាននូវកំណើននាំចេញជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ។

ទំហំពាណិជ្ជកម្មអន្តរជាតិរវាងកម្ពុជា និងអន្តរជាតិនៅតែសម្រេចបានកំណើនពីរខ្ទង់ ពោលគឺកើនជាង២១% នៅរយៈពេល៨ខែឆ្នាំ២០២២នេះ ជាមួយនឹងទំហំទឹកប្រាក់សរុបជាង៣៧ពាន់លានដុល្លារ។ ក្នុងនោះ ប្រទេសចិននៅតែជាប់កំពូលតារាងជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតរបស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មសរុបជាង៨ពាន់លានដុល្លារ កើនឡើងជាង១៥%។ រីឯអាមេរិក ដែលឈរនៅពីក្រោយប្រទេសចិននោះមានទំហំពាណិជ្ជកម្មសរុបជាមួយកម្ពុជាជាង៦ពាន់៦រយលានដុល្លារកើនឡើងជាង៣៥% បន្ទាប់ពីនេះ គឺវៀតណាម ប្រទេសថៃ និងសិង្ហបុរី។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជ្យបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិនៅរយៈពេល៨ខែនេះ គឺរក្សាបាននូវកំណើនខ្ពស់ ដោយមានការរួមចំណែកពីកំណើននៃការនាំចេញ កសិផល រួមទាំងទំនិញឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់ធ្វើដំណើរ គ្រឿងបង្គុំអគ្គីសនី និងកង់ជាដើម ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ ដ្បិតកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយប្រទេសជាដៃគូសំខាន់ៗ។

ទាក់ទងនឹងកំណើននៃទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិនេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលចិននៃរាជ្យបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា ដោយសារតែពេលបច្ចុប្បន្ន មានការធូស្បើយនៃវិបត្តិកូវីដ១៩ និងតាមរយៈការធ្វើពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងការឈានទៅចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងផងនោះ បានបង្កើនសក្ដានុពលសម្រាប់ក្រុមហ៊ុនរបស់កម្ពុជាអាចនាំចេញទៅកាន់ប្រទេសទាំងនេះកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា នៅ៨ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា មានជាង ៣៧ពាន់លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើង ២១%។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ជាងជាង១៥ពាន់លានដុល្លារ កើនឡើងជាង២៦% ខណៈការនាំចូលទំនិញមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជិត ២២ពាន់លានដុល្លារ កើនឡើង១៨% ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា គ្រោងដាក់ឲ្យដំណើរការទូទាត់តាមកូដ QR ឆ្លងដែនជាមួយប្រទេសវៀតណាម និងឡាវនៅចុងឆ្នាំ២០២២

ព័ត៌មាន
ក្រោយពីទទួលបានជោគជ័យលើការអនុវត្តការទូទាត់ឆ្លងដែនតាមកូដ QR ជាមួយប្រទេសថៃរួចមក ឥឡូវនេះ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរឈានមុខ…

តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិនបានធ្លាក់ថ្លៃពីជិត១ម៉ឺនដុល្លារមកនៅត្រឹមជាង១ពាន់ដុល្លារវិញហើយ

ព័ត៌មាន
ថ្នាក់ដឹកនាំសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាអះអាងថា សំបុត្រយន្តហោះទៅមករវាងកម្ពុជា-ចិន ដែលបានហក់ឡើងថ្លៃជិត១ម៉ឺនដុល្លារក្នុងអំឡុងការរឹតបន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ