កម្ពុជា ស្នើឲ្យម្ចាស់ជំនួយបន្តអនុគ្រោះលើអត្រាការប្រាក់សម្បទាន

កម្ពុជា ស្នើឲ្យម្ចាស់ជំនួយបន្តអនុគ្រោះលើអត្រាការប្រាក់សម្បទាន ក្រោយចេញពីប្រទេសមានចំណូលមធ្យមកម្រិតទាប


មិនយូរទៀតនោះទេ កម្ពុជានឹងចាកចេញពីប្រទេសមានចំណូលមធ្យមកម្រិតទាប ខណៈរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បែរជាបង្ហាញនូវការព្រួយបារម្ភជុំវិញការចាកចេញរបស់កម្ពុជា ពីប្រទេសមានការអភិវឌ្ឍតិចតួចទៅវិញ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅពេលដែលកម្ពុជា ចាកចេញពីប្រទេសមានចំណូលមធ្យមកម្រិតទាប កម្ពុជា នឹងបាត់បង់ការទទួលបានអត្រាការប្រាក់អនុគ្រោះ។ ដូច្នេះ សម្ដេចបន្តស្នើឲ្យម្ចាស់ជំនួយបន្តអនុគ្រោះលើអត្រាការប្រាក់សម្បទាន បើទោះបី កម្ពុជាចាកចេញពីប្រទេសមានចំណូលមធ្យមកម្រិតទាប ក៏ដោយ។

មានប្រសាសន៍នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ជាង ៥ពាន់នាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវដល់បណ្ដាប្រទេស និងអង្គការអភិវឌ្ឍនានា បន្តអនុគ្រោះលើអត្រាការប្រាក់សម្បទានដល់កម្ពុជា ក្រោយចាកចេញពីប្រទេសមានចំណូលមធ្យមកម្រិតទាប។ សម្ដេចតេជៅបានគូសបញ្ជាក់ដូច្នេះថា មិនយូរប៉ុន្មានទៀតនោះទេ កម្ពុជានឹងចាកចេញពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកម្ពុជា នឹងបាត់បង់ការទទួលបានអត្រាការប្រាក់អនុគ្រោះពីបណ្ដាប្រទេស ដែលជាម្ចាស់កម្ចី និងអង្គការអភិវឌ្ឍន៍អាស៊ី។

បើទោះជាបែបនេះក្ដី សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជានឹងបន្តស្នើឱ្យដៃគូជាម្ចាស់កម្ដីមានការអនុគ្រោះដល់កម្ពុជា បើទោះបីជា ពេលខាងមុខ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ក៏ដោយចុះ។ សម្ដេចបានសង្កត់ធ្ងន់ថា កម្ពុជា នៅតែមានតម្រូវការកម្ចីពីបរទេស ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ប៉ុន្តែ សម្ដេចមិនចង់ខ្ចីលុយពីខាងក្រៅក្នុងទំហំធំពេក នោះទេ ដូច្នេះ ទើបសម្ដេចបន្តអំពាវនាវដល់ប្រទេសជាម្ចាស់ជំនួយទាំងអស់ បន្តផ្ដល់ការអនុគ្រោះលើអត្រាការប្រាក់សម្បទានសម្រាប់កម្ពុជា។

បើតាមសម្ដេច ហ៊ុន សែន សម្ដេចបានអំពាវនាវដល់ប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង និងធនាគារអភិវឌ្ឍន៍អាស៊ី ឲ្យបន្តនូវការផ្ដល់អត្រាការប្រាក់សម្បទានដល់កម្ពុជា បើទោះជា នៅពេលខាងមុខ កម្ពុជា បានចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួច ក៏ដោយ។ សម្ដេចបានពន្យល់ទៀតថា ក្រៅពីគម្រោងអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ កម្ពុជាក៏មានបំណងប្រែក្លាយផ្លូវរថភ្លើងទាំងអស់ ឲ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដោយសម្ដេចបន្តថា កម្ពុជា មិនចង់ខ្ចីលុយពីបរទេសក្នុងទំហំធំ ដើម្បីមកអភិវឌ្ឍផ្លូវរថភ្លើងនៅកម្ពុជានោះទេ ព្រោះតែមិនមានផលចំណេញ។ បន្ថែមពីនេះ សម្ដេចក៏បានបញ្ជាក់ទៀតថា នៅពេលដ៏ខ្លីខាងមុខ កម្ពុជានឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់រវាងទីក្រុងភ្នំពេញ និងបាវិត ខណៈភាគីវៀតណាម នឹងសាងសង់ផ្លូវល្បឿនលឿនពីទីក្រុងហូជីមីញ ភ្ជាប់ជាមួយនឹងព្រំដែនប្រទេសកម្ពុជា។ បើតាមសម្ដេច ហ៊ុន សែន ដើម្បីដោះស្រាយបញ្ហាចំណាយរបស់ប្រជាពលរដ្ឋលើការឆ្លងកាត់ស្ពាននៅលើផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចសាងសង់ស្ពានសម្រាប់ផ្លូវល្បឿនលឿនឆ្លងកាត់ទន្លេមេគង្គនេះតែម្ដង ដើម្បីតភ្ជាប់ឆ្លងទៅត្រើយម្ខាង ឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដោយគ្រោងចំណាយថវិកាចំនួន ២៣០លានដុល្លារ។

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ខណៈបច្ចុប្បន្ន កម្ពុជាគឺស្ថិតនៅក្នុងឋានៈជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយក្នុងឋានៈនេះ កម្ពុជាអាចមានសិទ្ធិខ្ចីប្រាក់ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ជាមូលនិធិរបស់ក្រុមធនាគារពិភពលោក សម្រាប់ប្រជាជាតិក្រីក្របំផុត៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ បានដាក់សម្ពោធឲ្យប្រើប្រាស់ សេវាកម្មថ្មី ផ្តល់ផលចំណេញជាច្រើនដល់អតិថិជន

កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី និងក្រុមហ៊ុន Global Money Express Co., Ltd ឬហៅកាត…

លោកឧកញ៉ា ជាម ឃុនណាត និងលោកជំទាវ អគ្គនាយកបុរី មេគង្គ លែន សូមជូនពរ និងអបអរសាទរឯកឧត្តម សារិន វណ្ណា ជំនួយការសម្តេចតេជោ ត្រូវបានប្រមុខរដ្ឋស្តីទី ដំឡើងឋានៈស្មើអនុរដ្ឋលេខាធិការ

លោកឧកញ៉ា ជាម ឃុនណាត និងលោកជំទាវ អគ្គនាយកបុរី មេគង្គ លែន សូមសម្តែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្តម សារិន វណ្ណា ជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ