កម្ពុជា - វៀតណាម

កម្ពុជា ស្នើឱ្យវៀតណាម ពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម


កម្ពុជាស្នើសុំឱ្យភាគីវៀតណាម ពិនិត្យលទ្ធភាពពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនិញ)សម្រាប់ការដោះដូរទំនិញរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប ភាគីវៀតណាម ឯកភាពនឹងពន្លឿននីតិវិធីនេះ និងកំពុងឆ្លងនីតិវិធីផ្ទៃក្នុង ដោយបានបញ្ជូនអត្ថបទកិច្ចព្រមព្រៀងជូនរដ្ឋាភិបាលវៀតណាមពិនិត្យរួចរាល់ហើយ និងរំពឹងថាភាគីទាំងពីរ នឹងអាចបញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួន នាពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា។
នីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាមនឹងត្រូវពន្លឿន

នៅក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម Tran Quoc Khanh អនុរដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មវៀតណាម កាលពីថ្ងៃទី៦ ខែ មីនាឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ អំពីវឌ្ឍនភាពនៃការរៀបចំបំពេញនីតិវិធីផ្ទៃក្នុងលើការផ្តល់សច្ចាប័នអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនដែលបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។ លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើសុំភាគីវៀតណាម ពិនិត្យលទ្ធភាពពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ព្រៃវែង)-តឺនណាម (តៃនិញ) ដោយនាពេលបច្ចុប្បន្ន ភាគីទាំងពីរនៅរង់ចាំតែពិធីសម្ពោធជាផ្លូវការនៃច្រកអន្តរជាតិនេះប៉ុណ្ណោះ។
ឯកឧត្តម Tran Quoc Khanh អនុរដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មវៀតណាម
ក៏បានឯកភាពនឹងពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនិញ)នេះ តាមដែលអាចធ្វើបាន ស្របពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរគ្រោងនឹងសម្ពោធច្រកទ្វារអន្តរជាតិនេះ នាពេលដ៏ខ្លីខាងមុខ។

ឯកឧត្តម បានបន្ថែមថា វៀតណាម ក៏កំពុងឆ្លងនីតិវិធីផ្ទៃក្នុងផងដែរ ដោយបានបញ្ជូនអត្ថបទកិច្ចព្រមព្រៀងជូនរដ្ឋាភិបាលវៀតណាមពិនិត្យរួចរាល់ហើយ និងបានរំពឹងថាភាគីទាំងពីរ នឹងអាចបញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួន នាពេលឆាប់ៗនេះ។
ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើទិដ្ឋភាពទូទៅនៃការធ្វើពាណិជ្ជកម្មទ្វេភាគីផងដែរ ក្នុងនោះរួមមានវឌ្ឍនភាពនៃកិច្ចអនុវត្តរួមគ្នា (Joint Undertaking) ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋបាលរួមគ្នាពាក់ព័ន្ធនឹងបទប្បញ្ញត្តិគយលើគ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន។ យ៉ាងណាមិញ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីនីតិវិធី និងយន្តការនានា សម្រាប់ជួយសម្រួលដល់ការនាំចេញស្ករសកម្ពុជាចូលទៅទីផ្សារវៀតណាម ដើម្បីចៀសវាងការបង់ពន្ធក្រោមវិធានការប្រឆាំងនឹងការបង្វែរទិសដៅទំនិញផងដែរ។
របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋករបង្ហាញថា នៅពេញមួយឆ្នាំ២០២២ កម្ពុជានាំចេញទៅវៀតណាមមានតម្លៃទឹកប្រាក់សរុបជាង២ពាន់លានដុល្លារ កើនជាង៩% ខណៈនាំចូលពីវៀតណាមមកវិញមានប្រមាណ ៤ពាន់លានដុល្លារ កើនឡើងជាង ២៦% បើធៀបនឹងឆ្នាំ២០២១៕




អត្ថបទបន្ទាប់


ប្រជុំតារានាថ្ងៃដាក់ឲ្យដំណើរការ PNN PLUS APP របស់ទូរទស្សន៍ PNN

ស្ថានីយទូរទស្សន៍ដ៏ទំនើប និងពេញនិយមបំផុតមួយរបស់កម្ពុជា PNN បានដាក់ឲ្យដំណើរការកម្មវិធីសម្រាប់ទូរស័ព្ទដៃ PNN PLUS APP ជាមួយបច្ចេកវិទ្យាថ្…

រាជរដ្ឋាភិបាលអះអាងថា ការប្រារព្ធពិធីបុណ្យទន្លេ រួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព

រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធពិធីបុណ្យទន្លេនឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀត ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ