វិបត្តិសង្គ្រាមនៅអ៊ុយក្រែន

វិបត្តិសង្គ្រាមនៅអ៊ុយក្រែន៖ ទូតអាមេរិកនៅរុស្ស៊ីប្រាប់ម៉ូស្គូថា កុំឱ្យបិទស្ថានទូតដើម្បីទុកផ្លូវជជែកគ្នាបាន


ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងមូស្គូ បាននិយាយនៅថ្ងៃទី៦មិថុនាថា រុស្ស៊ីមិនគួរបិទស្ថានទូតអាមេរិកទេ បើទោះបីជា មហាអំណាចទាំងពីរកំពុងពាក់មុខយក្សដាក់គ្នាដោយសារវិបត្តិដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។ ទូតអាមេរិកលើកឡើងដូច្នេះ ក៏ដោយសារតែគេមានសុទិដ្ឋិនិយមថា ប្រទេសមហាអំណាចនុយក្លេអ៊ែរធំបំផុតទាំងពីរត្រូវតែបន្តជជែកពិភាក្សា និងចរចាគ្នា ពោលគឺផ្លូវការទូតត្រូវតែនៅបន្តបើកចំហ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
វិបត្តិសង្គ្រាមនៅអ៊ុយក្រែន៖ ទូតអាមេរិកនៅរុស្ស៊ីប្រាប់ម៉ូស្គូថា កុំឱ្យបិទស្ថានទូតដើម្បីទុកផ្លូវជជែកគ្នាបាន

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចាត់ទុកការឈ្លានពានអ៊ុយក្រែនជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្ររុស្ស៊ី ដោយបានប្រៀបធៀបវាជាការងើបបះបោរប្រឆាំងនឹងអនុត្តរភាព (ភាពប្រសើរគ្មានអ្វីផ្ទឹមបាន) របស់សហរដ្ឋអាមេរិក។ អនុត្តរភាពអាមេរិកវិមានក្រឹមឡាំងចាត់ទុកថា បានធ្វើឱ្យរុស្ស៊ីបាក់មុខ ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតនាឆ្នាំ១៩៩១មកម្ល៉េះ។

សម្រាប់ភាគីអ៊ុយក្រែន និងអ្នកគាំទ្រអ៊ុយក្រែន គឺលោកខាងលិច បានហៅការធ្វើសង្គ្រាមទល់នឹងរុស្ស៊ីលើកនេះថា ជាការប្រយុទ្ធដើម្បីការរស់រានមានជីវិត ប្រឆាំងនឹងការដណ្តើមឈ្លានពានទឹកដីតាមបែបអធិរាជផ្តាច់ការ ហើយដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ បង្ខំប្រជាជនជាង ១០លាននាក់ចេញពីផ្ទះសម្បែង និងធ្វើឲ្យប្រទេសខ្ទិចខ្ទី។

យ៉ាងណាក៏ដោយ ជាសារយ៉ាងច្បាស់ដើម្បីផ្ញើទៅកាន់វិមានក្រឹមឡាំង លោក John J. Sullivan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី ដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតី Donald Trump បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ី TASS ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូមិនគួរផ្តាច់ទំនាក់ទំនងការទូតដោយសារតែបញ្ហាសង្រ្គាមនៅអ៊ុយក្រែននោះ ពោលភាគីទាំងពីរត្រូវតែរក្សាផ្លូវសម្រាប់ការជជែកគ្នាទៅវិញទៅមក។

គួរកត់សម្គាល់ថា បើគេមិនរាប់បញ្ចូលពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ភាពរកាំរកោសរឿងចារកម្ម និងការខ្វះគំនិតគ្នាខ្លះៗ ដែលសេសល់ពីសម័យសង្គ្រាមត្រជាក់ ឃើញថា ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន មិនធ្លាប់ត្រូវបានកាត់ផ្តាច់ឡើយ ចាប់តាំងពីសហរដ្ឋអាមេរិកបានបង្កើតទំនាក់ទំនងជាផ្លូវការ ជាមួយសហភាពសូវៀតក្នុងឆ្នាំ១៩៣៣មក។ ទោះយ៉ាងណារដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខេន កាលពីខែមុនបាននិយាយថា អាមេរិកនិងរុស្ស៊ីមិនបែកគ្នាទាំងស្រុកឡើយ តែក៏មិនត្រូវគ្នាវិញដូចពីមុនដែរ។

គួរជម្រាបថា ក្រសួងការបរទេសរុស្ស៊ីកាលពីចន្ទ បានកោះហៅប្រធានការិយាល័យផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃស្ថានទូតអាមេរិក ដើម្បីមកសួរនាំអំពីអ្វីដែលខ្លួនបានអះអាងថា ជាការចុះផ្សាយ ប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងបង្ហាញពីភាពមិនសមរម្យរបស់ទីក្រុងវ៉ាស៊ីនតោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅក្នុងដៃនាង៖ ទស្សនាវដ្តីសម្រាប់សហគ្រិនស្ត្រី

ព័ត៌មាន
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និង អង្គការផេកកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់នូវទស្សនាវដ្តី នៅក្នុងដៃនាង ដែល…

ឥណ្ឌាកំពុងពិចារណាបង្កើនការទិញប្រេងពីរុស្ស៊ីក្នុងតម្លៃកាន់តែទាប

ព័ត៌មាន
ប្រទេសឥណ្ឌាកំពុងសម្លឹងរកមើលការបង្កើនការនាំចូលប្រេងពីរុស្ស៊ីបន្ថែមទៀត ស្របពេលដែលទីក្រុងម៉ូស្គូកំពុងតែបញ្ចុះតម្លៃប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់សម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ