ធនាគារអេស៊ីលីដា

តើបណ្ឌិត អ៊ិន ចាន់នី ជានរណា?


ប្រជាជនកម្ពុជាជាទូទៅប្រាកដជាបានស្គាល់ធនាគារអេស៊ីលីដា ដែលជាធនាគារដ៏ចំណាស់ និងមានសាខាច្រើនជាងគេនៅកម្ពុជា។ ប៉ុន្ដែ មានមនុស្សមិនច្រើនទេ ដែលបានដឹងថា តើនរណាដែលនៅពីក្រោយភាពជោគជ័យរបស់ធនាគារអេស៊ីលីដា?
លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា
ដោយ

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា (ACELEDA Bank Plc)តាំងពីទសវត្សរ៍៩០រហូតមកដល់បច្ចុប្បន្ន បានអត្ថាធិប្បាយថា៖ «មានប្រវត្តិជាគ្រូបង្រៀន ការសិក្សាទាក់ទងនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើឲ្យខ្ញុំមានចំណេះ ជំនាញ និងបទពិសោធ៍ សម្រាប់យកមកដឹកនាំស្ថាប័នមួយ ដែលចាប់ផ្តើមឡើងពីអង្គការក្រៅរដ្ឋាភិបាលនៅឆ្នាំ១៩៩៣។ អ្វីដែលខ្ញុំធ្វើកើតនេះ គឺដោយសារ ខ្ញុំចូលចិត្តស្តាប់ ខ្ញុំស្តាប់ត្រូវ ខ្ញុំគិតត្រូវ សម្រេចចិត្តត្រូវ និងខ្ញុំយកមកអនុវត្តន៍ត្រូវ។ខ្ញុំមានចរិតមួយ គឺស្តាប់អ្នកនៅជុំវិញខ្លួន។ ពេលគេឲ្យយោបល់មកខុសក៏ដោយ ត្រូវក៏ដោយ ខ្ញុំស្តាប់សិន ខ្ញុំគិតហើយ បានខ្ញុំឲ្យយោបល់ទៅវិញ។ បើខ្ញុំមិនអាចធ្វើបាន ខ្ញុំពន្យល់ បើខ្ញុំធ្វើបាន ខ្ញុំទទួលយក។ ខ្ញុំឲ្យតម្លៃខ្ពស់លោកអ្នកឲ្យយោបល់»។ 

បច្ចុប្បន្ន លោក អ៊ិន ចាន់នី មានអាយុ៥៨ឆ្នាំ និងមានកូន៤នាក់។ មានស្រុកកំណើតនៅខេត្តព្រៃវែង ស្ថាបនិកធនាគារអេស៊ីលីដារូបនេះ មានឪពុកជាមន្ត្រីយោធាចូលនិវត្តធ្វើការងារជាចារកិច្ច។ ដើមឡើយ លោក អ៊ិន ចាន់នី គ្រាន់តែជាគ្រូបង្រៀនម្នាក់ប៉ុណ្ណោះ ប៉ុន្ដែ ក្រោយពីទទួលបានអាហារូបករណ៍ ទៅសិក្សានៅអាមេរិក លោកក៏បានប្តូរចិត្តលែងចង់ធ្វើជាគ្រូបង្រៀន ដោយបានងាកទៅធ្វើការងារក្នុងវិស័យហរិញ្ញវត្ថុជាមួយអង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP។

នៅក្នុងឆ្នាំ១៩៩៨លោក អ៊ិន ចាន់នី ក៏បានទទួលអាហារូបករណ៍ម្តងទៀតទៅសិក្សានៅអាមេរិកស្តីពី៖ «ហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រាស» នៅសាកលវិទ្យាល័យ Howard ដ៏ល្បីរបស់ពិភពលោក។ តើអ្វីកត្តាអ្វីខ្លះនៅពីក្រោយភាពជោគជ័យរបស់ធនាគារអេស៊ីលីដា?  

លោកបណ្ឌិត អ៊ិន ចាន់នី ពន្យល់យ៉ាងដូច្នេះថា៖ «ពេលធ្វើអ្វី ខ្ញុំគិតគូរពីផលប្រយោជន៍រួមរបស់ស្ថាប័ន ដោយមិនគិតពីផលប្រយោជន៍ខ្លួនឯងនោះទេ។ មួយទៀត យើងបានប្រកាន់ខ្ជាប់ក្រមសីលធម៌សម្រាប់អនុវត្តន៍ចំពោះមន្ដ្រីគ្រប់មុខដំណែងនៅក្នុងស្ថាប័នធនាគារអេស៊ីលីដា»។ 

ដំបូងគ្រាន់តែជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានបុគ្គលិកតែ២៨នាក់ ក្រោយមក លោក អ៊ិន ចាន់នី បានប្រែក្លាយវាទៅជាធនាគារ ហើយមានការរីកចម្រើនជាបន្តបន្ទាប់រហូតក្លាយជាធនាគារដែលមានបណ្ដាញប្រតិបត្តិការចំនួនជាង២៦០សាខានៅទូទាំងប្រទេសកម្ពុជា មានបុគ្គលិករហូតដល់១២,៤៦៦នាក់ និងបានបោះទុនវិនិយោគទៅដល់ប្រទេសឡាវចំនួន៤១ ការិយាល័យ និងមីយ៉ាន់ម៉ាចំនួន៨ការិយាល័យទៀតផង។ 

គិតត្រឹមឆ្នាំ២០១៧កន្លងទៅនេះ ធនាគារអេស៊ីលីដា មានទ្រព្យសកម្មសរុបជាង ៥.២០០ លានដុល្លារអាមេរិក ខណៈដែលប្រាក់បញ្ញើមានជាង ៣.៣០០លានដុល្លារអាមេរិក និងឥណទាន និងបុរេប្រទាន (សុទ្ធ) មានជាង ៣.០០០ លានដុល្លារអាមេរិក។ រីឯ ប្រាក់ចំណេញក្រោយដកពន្ធ មានប្រមាណជាង ៩១លានដុល្លារអាមេរិក។  

លោករម្លឹកថា៖ «ដំបូងបំផុត យើងអត់បានគិតពីការងារធនាគារនោះទេ យើងគិតអំពីអង្គការអភិវឌ្ឍន៍មួយដែលយើងចាប់ផ្តើមនៅក្នុងឆ្នាំ១៩៩៣ហ្នឹង យើងហៅថា សមាគមទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ពេលចាប់ផ្តើមនោះ យើងទទួលជំនួយពីបរទេសមានអង្គការUNDP និងមូលនិធិធនាគារអភិវឌ្ឍន៍បារាំង ដែលគេឲ្យមកអភិវឌ្ឍន៍រយៈពេល២ឆ្នាំ។ ខ្ញុំក៏សួរខ្លួនឯង និងសហការី ថា ឥឡូវមូលនិធិ២ឆ្នាំធ្វើការអភិវឌ្ឍន៍ម៉េចកើត ព្រោះ ការអភិវឌ្ឍន៍ត្រូវការរយៈពេលវែង។ អ៊ីចឹង យើងត្រូវតែបង្កើតស្ថាប័នមួយដែលមាននិរន្តភាព»។

លោកបន្តថា៖ «ក្រោយពិគ្រោះយោបល់គ្នារួច យើងចាប់ផ្តើមធនាគារអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្ដែ សួរថា ទាំងអស់គ្នាមាននរណាធ្លាប់ធ្វើការធនាគារទេ? គឺអត់មានទេ។ ដូច្នេះ យើងបានផ្តើមសិក្សាពីច្បាប់ធនាគារ  ដែលហៅថា ធនាគារ ការផ្តល់ឥណទាន ប្រមូលប្រាក់បញ្ញើសន្សំ និងសេវាផ្ទេរប្រាក់។ ទាំងបីនេះ គេអាចធ្វើការធនាគារបានហើយ។ នេះជាការលើកទឹកចិត្តមួយ។ អ៊ីចឹង នាំគ្នាផ្តោតលើការផ្តល់ឥណទានមួយមុខ តែឥណទានធ្វើម៉េចកុំឲ្យខូច ឲ្យគេខ្ចីត្រូវប្រមូលមកវិញឲ្យបាន អ៊ីចឹងត្រូវពន្យល់អតិថិជនឲ្យច្បាស់។…កាលនោះ យើងបានមូលនិធិពីធនាគារបារាំងជាង៦០ម៉ឺនដុល្លារ ខ្ញុំហ៊ានសន្យាជាមួយគេថា មិនឲ្យបាត់លុយហ្នឹងទេ ទីបំផុតអត់បាត់​មែន មានតែកើនច្រើនទៀត រហូតយកទៅចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសព្វថ្ងៃ គឺវាជាទ្រព្យដើមរបស់យើង»៕   

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត ចិនយល់ព្រមឲ្យកម្ពុជា នាំចូលចេកអំបូងលឿងមួយឆ្នាំ ៣០ម៉ឺនតោនទៅចិន

ព័ត៌មាន
លោក ហ៊ាន វណ្ណហន ប្រធាននាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងពិធីនេះថា បន្ទាប់ពី​រាជ​រដ្ឋាភិបាលកម្ពុជាបានចរច…

ប៉ែកខាងត្បូងរាជធានី​ភ្នំពេញ កំពុងរីកមុខរីកមាត់ ខណៈវិនិយោគិន បោះទុនរកស៊ីកាន់តែច្រើន

ព័ត៌មាន
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការពង្រីកទីក្រុងនៅ​តាម​តំបន់មួយចំនួននៃ​រាជធានី​ភ្នំពេញ បានធ្វើឡើងយ៉ាង​មមាញឹក។ ក្នុងនោះ តំបន់បែកខាង​ត្បូង​ឈៀង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ