គម្រោងនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់របស់សភាពាណិជ្ជកម្មកម្ពុជា គូសបញ្ជាក់ថា គឺជាសញ្ញាណល្អសម្រាប់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈគណៈប្រតិភូកម្ពុជា ដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នឹងធ្វើដំណើរទៅប្រទេសអូស្ត្រាលី ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នាល្ងាចថ្ងៃទី១ ខែមីនានេះ ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្រៅតែពីមានវេទិការធុរកិច្ចកម្ពុជា-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន តាមផែនការ ក៏មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម Victorianផងដែរ។ អ្នកឧកញ៉ា លឹម ហេង បានចាត់ទុកការរៀបចំពិធីខាងលើនេះថា គឺជាសញ្ញាណល្អ ព្រោះប្រទេសអូស្រ្តលី គឺជាសមាជិកនៃហត្ថលេខីកិច្ចព្រមព្រៀងដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់។
បើតាមអ្នកឧកញ៉ា លឹម ហេង សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម Victorian នឹងសហការគ្នាដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសអូស្ត្រាលី និងកម្ពុជា។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ភាគីទាងពីរនឹងឯកភាពជារួម ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្មតាមរយៈ ការផ្លាស់ប្តូរព័ត៌មានពាណិជ្ជកម្ម និងការវិនិយោគ ការផ្តល់ជំនួយ និងការគាំទ្រដល់បេសកកម្មពាណិជ្ជកម្ម និងការវិនិយោគ ការលើកកម្ពស់ពិព័រណ៍ពាណិជ្ជកម្ម និងព្រឹត្តិការណ៍ពិសេសផ្សេងទៀត និងការផ្លាស់ប្តូរគំនិត និងព័ត៌មានតាមកាលកំណត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកជាដើម។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា “ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី កាលពីល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខណៈកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នឹងធ្វើឡើងនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤៕
អត្ថបទ៖ បូ ដូឡា