អ្នកកើតជំងឺមហារីក

អ្នកកើតជំងឺមហារីកប្រព័ន្ធទឹកនោមនៅវៀតណាម កើនឡើងគួរឱ្យបារម្ភ ខណៈការជក់បារី និងពិសារគ្រឿងស្រវឹងហួសកម្រិតជាមូលហេតុចម្បង


ប្រទេសវៀតណាម កំពុងប្រឈមមុខនឹងការវាយលុកយ៉ាងខ្លាំងពីជំងឺមហារីកប្រព័ន្ធផ្លូវទឹកនោមដោយក្នុងមួយឆ្នាំៗបានរកឃើញករណីឆ្លងថ្មីៗរហូតដល់ទៅជាង១ម៉ឺនករណី ដោយក្នុងនោះជំងឺមហារីកក្រពេញប្រូស្តាតកំពុងតែកើនឡើងក្នុងល្បឿនយ៉ាងលឿនក្នុងចំណោមបុរស ដែលបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងដល់អ្នកជំនាញផ្នែកសុខាភិបាល។ ទិន្នន័យដ៏គួរឱ្យភ័យខ្លាចនេះត្រូវបានលាតត្រដាងនៅក្នុងសិក្ខាសាលាស្តង់ដាអឺរ៉ុប ឆ្នាំ២០២៦ ស្តីពី រោគសាស្ត្រប្រព័ន្ធទឹកនោម ដែលរៀបចំឡើងដោយមន្ទីរពេទ្យ ប៊ិញ ដាន នៅក្នុងទីក្រុងហូជីមិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ទួយ
វិស័យសុខាភិបាល
ដោយ

សាស្ត្រាចារ្យរង ត្រាន់ វិញ ហុង (Tran Vinh Hung) នាយកមន្ទីរពេទ្យ ប៊ិញ ដាន បានបញ្ជាក់ថា ផ្អែកតាមទិន្នន័យចុងក្រោយរបស់ GLOBOCAN ដែលជាមូលដ្ឋានទិន្នន័យមហារីកពិភពលោក គ្រប់គ្រងដោយទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវមហារីក នៃអង្គការសុខភាពពិភពលោក បានបង្ហាញថា បច្ចុប្បន្នជំងឺមហារីកក្រពេញប្រូស្តាត មហារីកប្លោកនោម និងមហារីកតម្រងនោម គឺជាឃាតករលាក់មុខដ៏កាចសាហាវបំផុតក្នុងប្រព័ន្ធផ្លូវទឹកនោមនៅប្រទេសវៀតណាម ដោយក្នុងមួយឆ្នាំៗបានឆក់យកសុខភាពប្រជាជនថ្មីៗជាង១ម៉ឺននាក់។

មន្ទីរពេទ្យ ប៊ិញ ដាន ដែលជាមជ្ឈមណ្ឌលព្យាបាលប្រព័ន្ធទឹកនោមឈានមុខគេមួយបានទម្លាយតួលេខថា ក្នុងមួយឆ្នាំៗមន្ទីរពេទ្យត្រូវទទួលបន្ទុកពិនិត្យ និងព្យាបាលជំងឺមហារីកក្រៅមន្ទីរពេទ្យជាង៣០,០០០ ករណី និងត្រូវធ្វើការវះកាត់សង្គ្រោះជីវិតអ្នកជំងឺមហារីកផ្លូវទឹកនោមជាង៥,០០០ករណី។ គ្រាន់តែក្នុងឆ្នាំ២០២៥ កន្លងទៅ សំណាករោគសាស្ត្រជាង២៥,៧០០ ត្រូវបានយកមកពិនិត្យ ដោយក្នុងនោះមានរហូតដល់ទៅជាង៦,២០០សំណាកមានដុះកោសិកាមហារីកប្រព័ន្ធផ្លូវទឹកនោម។

ទោះបីជាបច្ចុប្បន្នការរកឃើញជំងឺមហារីកក្រពេញប្រូស្តាតមានភាពហ្មត់ចត់ជាងមុន ដោយសារបច្ចេកវិទ្យាទំនើប និងការយល់ដឹងពីសុខភាពក្តី ប៉ុន្តែចំណុចគួរឱ្យរន្ធត់បំផុតដែលគ្រូពេទ្យបានព្រមាននោះ គឺ មានអ្នកជំងឺត្រឹមតែ២០%ប៉ុណ្ណោះ ដែលបានមកធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា ចំណែកឯ៨០%ផ្សេងទៀត គឺសុទ្ធតែមកមន្ទីរពេទ្យក្នុងស្ថានភាពហួសពេល ឬស្ថិតក្នុងដំណាក់កាលចុងក្រោយទៅហើយ។ ការធ្វេសប្រហែសនេះ មិនត្រឹមតែធ្វើឱ្យការព្យាបាលជួបការលំបាកខ្លាំង និងចំណាយថវិការាប់មិនអស់នោះទេ ប៉ុន្តែវាបានកាត់ផ្តាច់ឱកាសរស់រានមានជីវិត និងបំផ្លាញគុណភាពជីវិតទាំងស្រុងតែម្តង។

បុរសដែលមានឪពុក ឬសាច់ញាតិធ្លាប់មានប្រវត្តិកើតជំងឺមហារីកក្រពេញប្រូស្តាត គឺមានភាគរយខ្ពស់បំផុតក្នុងការទទួលមរតកជំងឺកាចសាហាវនេះ។ ដូច្នេះបុរសៗទាំងអស់ត្រូវពិនិត្យសុខភាពក្រពេញប្រូស្តាតជាប្រចាំចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ឬចាប់ពីអាយុ៤០ឆ្នាំសម្រាប់អ្នកដែលមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺនេះ។ កុំរង់ចាំរហូតដល់ចេញរោគសញ្ញាទើបមកពិនិត្យ ព្រោះវាអាចនឹងយឺតពេល។

ក្រៅពីកត្តាហ្សែន ក្រុមគ្រូពេទ្យជំនាញ​ ក៏បានដាក់ការក្រើនរំលឹកយ៉ាងម៉ឺងម៉ាត់ដល់បុរសៗ ឱ្យផ្លាស់ប្តូររបៀបរបបរស់នៅជាបន្ទាន់។ ទម្លាប់អាក្រក់ប្រចាំថ្ងៃ ដូចជាការសេពគ្រឿងស្រវឹងហួសប្រមាណ ការជក់បារី ការមិនគ្រប់គ្រងទម្ងន់ និងការបរិភោគអាហារគ្មានតុល្យភាព សុទ្ធសឹងតែធាតុផ្សំអាចបង្កឱ្យកើតជំងឺមហារីកក្រពេញប្រូស្តាត។ មានតែការពិនិត្យសុខភាពជាប្រចាំ ការរស់នៅប្រកបដោយអនាម័យសរីរាង្គ និងការកាត់បន្ថយសារធាតុពុលចូលក្នុងរាងកាយប៉ុណ្ណោះ ទើបអាចជួយដកខ្លួនចេញពីកណ្ដាប់ដៃនៃជំងឺមហារីកផ្លូវទឹកនោមដ៏គួរឱ្យភ័យខ្លាចនេះបាន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ឧក្រិដ្ឋជនប្រើអន្ទាក់ K-Pop ធ្វើអាវុធឆបោកជនបរទេសរាប់ម៉ឺននាក់នៅកូរ៉េខាងត្បូង

នេះជាព័ត៌មានព្រមានដ៏សំខាន់មួយ សម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្រវិស័យចម្រៀង K-Pop និងអ្នកដែលមានបំណងចង់ទៅកម្សាន្តនៅប្រទេសកូរ៉េខាងត្បូង។ ទិន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ