អាជីវកម្ម

តើស្ថាប័នមានសមត្ថកិច្ចគួរអនុវត្តបែបណា ដើម្បីកុំឱ្យបំបែកឆ្នាំងបាយអាជីវកម្មរបស់ពលរដ្ឋ?


សកម្មភាពចុះត្រួតពិនិត្យ និងស្វែងរកទំនិញខុសច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចមួយចំនួននាពេលថ្មីៗនេះ​បានផ្ទុះឡើងនូវរលកនៃការជជែកដេញដោល និងរិះគន់យ៉ាងក្តៅគគុកពីសំណាក់សាធារណជន។
អាជីវកម្ម
ដោយ

ទន្ទឹមនឹងនេះ ក្រុមអ្នកជំនួញ និងអ្នកជំនាញសេដ្ឋកិច្ចបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអនុវត្តការងាររបស់មន្ត្រីថ្នាក់ក្រោមមួយចំនួន ដែលហាក់បីដូចជាដើរហួសគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលសកម្មភាពទាំងនេះកំពុងតែបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ស្ថិរភាព បំផ្លាញទំនុកចិត្តវិនិយោគ និងបង្កើតជាសម្ពាធផ្លូវចិត្តដល់អាជីវករលក់ដូរតូចតាចតាមដងផ្លូវ។ តើស្ថាប័នមានសមត្ថកិច្ច គួរតែប្តូរឥរិយាបថ និងអនុវត្តការងារបែបណា ដើម្បីឱ្យមានប្រសិទ្ធភាព និងមិនបង្កផលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ពលរដ្ឋ?

ការអនុវត្តច្បាប់ដោយតម្លាភាព គឺជាគ្រឹះនៃការអភិវឌ្ឍ ប៉ុន្តែបើការអនុវត្តនោះខ្វះភាពទន់ភ្លន់ វានឹងក្លាយជាការគំរាមកំហែង។ ជុំវិញបញ្ហានេះអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា វិស័យឯកជនតែងតែស្វាគមន៍ និងទាមទារឱ្យស្ថាប័នមានសមត្ថកិច្ចអនុវត្តការងារដោយភាពស្មោះត្រង់ និងឈរលើគោលការណ៍អនុលោមភាពតាមច្បាប់ជាធំ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ការដើរតាមគន្លងច្បាប់ដ៏ត្រឹមត្រូវ មិនត្រឹមតែជួយឱ្យការងាររបស់រដ្ឋបាលសាធារណៈមានប្រសិទ្ធភាពនោះទេ ប៉ុន្តែវានឹងផ្តល់នូវយុត្តិធម៌ និងភាពស្ងប់ចិត្តដល់វិស័យឯកជនទាំងមូល។

ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា អាជ្ញាធរមានសមត្ថកិច្ចគួរមានការចុះត្រួតពិនិត្យលើការនាំចូលទំនិញតាមច្រកនានា ពិសេសលើទីតាំងឃ្លាំងស្តុក និងចែកចាយទំនិញជាជាងទៅពិនិត្យទំនិញរបស់អាជីវករលក់រាយ។ សម្រាប់អ្នកជំនាញរូបនេះ ការអនុវត្តការងារលើសពីការណែនាំនឹងធ្វើឱ្យប៉ះពាល់ដល់គោលការណ៍របស់រដ្ឋាភិបាល។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះ ស្នើដល់រដ្ឋាភិបាលឱ្យអនុវត្តច្បាប់តឹងរឹងលើអ្នកគប់គិត ដែលលួចនាំចូលទំនិញខុសច្បាប់ចូលមកកម្ពុជា ដើម្បីកុំឱ្យអ្នកដទៃយកគំរូតាម។

គួរបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាបន្ទាន់មួយកាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជនពាក់ព័ន្ធនឹងការចុះត្រួតពិនិត្យឃ្លាំង និងទំនិញរត់ពន្ធពីប្រទេសនានា ជាពិសេសប្រទេសថៃ។ នៅក្នុងឱកាសនោះ វិស័យឯកជនបានលើកឡើងចំៗថា ករណីចុះត្រួតពិនិត្យទំនិញមួយចំនួននាពេលកន្លងមក គឺធ្វើឡើងដោយរំលងនីតិវិធីច្បាប់ និងខ្វះការចូលរួមសម្របសម្រួលផ្នែកបច្ចេកទេសពីមន្ត្រីគយ ដែលមានជំនាញពិតប្រាកដ។ រូបភាពទាំងនេះ មិនត្រឹមតែបង្កើតជាភាពភ័យខ្លាចដល់អាជីវករ និងបំផ្លាញស្ថិរភាពការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជះស្រមោលអាប់អួដល់កេរ្តិ៍ឈ្មោះ នៃបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ផងដែរ ដែលទាមទារឱ្យមានការកែទម្រង់ និងកំណត់បន្ទាត់ព្រំដែននៃការអនុវត្តការងាររបស់អាជ្ញាធរថ្នាក់ក្រោមឱ្យបានច្បាស់៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


មេដឹកនាំរុស្ស៊ី និងកម្ពុជាប្តេជ្ញាពង្រឹងចំណងមិត្តភាពប្រវត្តិសាស្ត្រ និងជំរុញទំហំពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

នៅក្រៅកិច្ចប្រជុំជាន់ខ្ពស់រវាងអាស៊ាន និងរុស្ស៊ី ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានជួបពិភាក្សាទ្វារភាគីយ៉ាងស្និទ្ធស្នាលជាមួយសម្តេចធ…

តើតម្លៃប្រេងឥន្ធនៈអាចមានសង្ឃឹមធ្លាក់ចុះទេ ក្រោយស្ថានភាពនៅមជ្ឈិមបូព៌ា​ហាក់ឡើងកម្ដៅជាថ្មី?

តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ កំពុងស្ថិតក្នុងស្ថានភាពមួយពិបាកវាយតម្លៃ និងមិនរំពឹងថា អាចដាំក្បាលចុះក្នុងពេលដ៏ខ្លីខាងមុខនេះណាស់។ មិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ