ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត កាលពីព្រឹកថ្ងៃ អង្គារទី ០២ ខែមេសានេះ សម្តេច តេជោហ៊ុនសែន បានមានប្រសាសន៍ថា កម្ពុជា នឹងបន្តជំរុញតទៅទៀត នូវការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង ព្រោះព្រំដែននេះ បានក្លាយជាកន្លែងសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍរួចទៅហើយ ហើយរដ្ឋាភិបាលក៏កំពុងចរចាជាមួយនឹងឡាវ ថៃ និងវៀតណាម ដើម្បីបើកច្រកថ្មីៗបន្ថែមទៀត ជំរុញឲ្យមានទំនាក់ទំនងទ្វេភាគី ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ជាមួយប្រទេសជិតខាង ឲ្យកាន់តែប្រសើរឡើងថែមទៀត។
បើតាមសម្តេចតេជោ ហ៊ុន សែន ការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់មមាញឹកផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មនេះ គឺជាយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាលបានដាក់ចេញកាលពី២០ឆ្នាំមុន ដើម្បីធ្វើឲ្យកម្ពុជា ទទួលបាន សុខសន្តិភាព និងការអភិវឌ្ឍ។
យុទ្ធសាស្ត្រទាំងពីរនោះ គឺទី១ ការប្រែក្លាយតំបន់អតីតសង្គ្រាមទៅ ជាតំបន់សន្តិភាព តំបន់អភិវឌ្ឍន៍ និង ជាទីផ្សារ។ មួយវិញទៀត គឺការអនុវត្តយុទ្ធសាស្ត្រ ប្រែក្លាយតំបន់ ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។
តាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្នភាពជោគជ័យក្នុងប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់ជាអតីតទីតាំងសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍នោះ គឺមានមិនក្រោម៩០ភាគរយនោះឡើយ ខណៈដែលនៅសល់១០ ភាគរយទៀត គឺនៅមិនទាន់បានដោះស្រាយនៅឡើយ ដោយសារតែមានបន្សល់ទុកនៅគ្រាប់មីនមិនទាន់ផ្ទុះ ហើយវាទាមទារឲ្យរាជរដ្ឋាភិបាលត្រូវបន្ដដោះស្រាយបន្ថែមទៀត ដើម្បីយកតំបន់សេសសល់ទាំងនោះ មកធ្វើការអភិវឌ្ឍ។
របាយការណ៍ពីរាជរដ្ឋាភិបាលបានឲ្យដឹងថា កាលពីឆ្នាំ ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ បានកើនឡើងរហូតដល់ជាង ៧ពាន់លានដុល្លារអាមេរិក ហើយប្រមុខរាជរដ្ឋាភិបាល គ្រោងបង្កើនទំហំពាណិជ្ជកម្ម ឱ្យបានដល់ ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២០។
ដោយឡែក កាលពីឆ្នាំ ២០១៨ដូចគ្នា ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និងវៀតណាម គឺសម្រេចបានជាង ៤,៧ ពាន់លានដុល្លារអាមេរិក ហើយរំពឹងទុក នឹងកើនឡើងដល់ ៥ពាន់លានដុល្លារអាមេរិក មុនឆ្នាំ ២០២០ ខាងមុខ។
ឯ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងឡាវ ហាក់មានតិចជាង ប្រទេសជិតខាងពីរខាងលើនេះ ដែលមានត្រឹមតែ ២៤ លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ ធៀបឆ្នាំ២០១៧ មានតែត្រឹម ១០លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះ សបញ្ជាក់ឲ្យឃើញថា ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និង ឡាវ នៅមានទំហំតិចតួចនៅឡើយដែលត្រូវពង្រីកឲ្យកាន់តែប្រសើរឡើងថែមទៀត៕